រឿង៤យ៉ាងដែលបុគ្គលិកចង់ឱ្យមេរបស់គេដឹង និងបារម្ភ
ការដែលជួបតម្រូវការរបស់បុគ្គលិកអាចធ្វើឱ្យការងាររបស់បុគ្គលិកមានលក្ខណៈអាជីព និងអាចនាំយកនូវទេពកោសល្យថ្មីៗ។ ការមិនយកចិត្តទុកដាក់លើបុគ្គលិកនាំឱ្យមានផលអាក្រក់ដល់ក្រុមហ៊ុន។ មេជាច្រើនគិតតែរឿងប្រាក់ខែ ឬអត្ថប្រយោជន៍ផ្សេងៗ ដោយភ្លេចគិតតើអ្វីដែលបុគ្គលិកចង់បានឲប្រាកដ។ ខាងក្រោមនេះ ជាអ្វីដែលបុគ្គលិកចង់បាន និងជាអ្វីដែលអ្នកអាចធ្វើឲក្រុមរបស់អ្នកសប្បាយចិត្ត។
១) ការទំនាក់ទំនង៖ ទំនាក់ទំនងក្នុងកន្លែងការងារពិតជាសំខាន់។ វាមិនមែនតែទំនាក់ទំនងរវាងមិត្តរួមការងារតែមួយនោះទេ។ តែ បុគ្គលិកក៏ចង់បានទំនាក់ទំនងល្អជាមួយមេរបស់គេ។ តាមការស្រាវជ្រាវ ពិតជារកឃើញថា ការមានទំនាក់ទំនងល្អជាមួយមេពិតជាអាចជំរុញការងារពួកគេឱ្យបានល្អ។ ដូច្នេះហើយ ថៅកែអាចនិយាយជាមួយបុគ្គលិកមិនថាក្នុងក្រុមហ៊ុន ឬក្រៅក្រុមហ៊ុន។
២) ប្រាក់ឧបត្ថម្ភ៖ បុគ្គលិកគិតអំពីប្រាក់ចំណូល។ អីចឹងហើយ ប្រាក់ខែពិតអាចជួយបុគ្គលិកស្រលាញ់ការងារដែលពួកគេធ្វើ។ បុគ្គលិកមានការព្រួយកង្វល់អំពីហិរញ្ញវត្ថុរបស់ពួកគេ នឹងចង់ឲមេរបស់គេដឹង។ ដូច្នេះ ជាមេរបស់គេ អ្នកអាចផ្ដល់ការបណ្ដុះបណ្ដាលពីរបៀបចាយលុយឱ្យមានប្រសិទ្ធភាព។
៣) ផ្នែកអារម្មណ៍៖ បុគ្គលិកមិនមែនគិតតែលុយមួយមុខនោះទេ ពួកគេក៏ចង់មេរបស់ពួកគេយល់ពីអារម្មណ៍។ តាមការសាកសួរ បុគ្គលិកជាច្រើនបានឆ្លើយតបថា ពួកគេពិតជាចង់ឱ្យមេរបស់ពួកគេយល់ពីអារម្មណ៍របស់ពួកគេ។ ភាពតានតឹង និងជម្លោះពិតជាអាចកើតមានក្នុងកន្លែងការងារ។ ដូច្នេះជាមេរបស់គេ អ្នកត្រូវឧស្សាហ៍សាកសួរបុគ្គលិកពីអារម្មណ៍របស់គេ។
៤) ការងារដែលមានតម្លៃ៖ បុគ្គលិកមិនមែនចង់តែឱ្យម៉ោងដើរទៅមុខ ធ្វើការងារហើយទៅផ្ទះនោះទេ។ ពួកគេចង់ធ្វើអ្វីខ្លះដល់ក្រុមហ៊ុនឬធ្វើអ្វីដែលមានតម្លៃ។ មានបុគ្គលិកជាច្រើនធ្វើការក្នុងក្រុមហ៊ុនដោយមិនដឹងសោះអំពីគោលបំណងរបស់ក្រុមហ៊ុន។ វាមានសារៈសំខាន់ណាស់ដែលបុគ្គលិកត្រូវដឹងអំពីគោលបំណងក្រុមហ៊ុនរបស់ពួកគេ។ មេអាចពន្យល់ពីសារៈសំខាន់នៃការងាររបស់ពួកគេ៕
ប្រែសម្រួល៖ អឹុងមួយយូ
ប្រភព៖www.entrepreneur.com