អ្នកដែលមានបទពិសោធន៍យល់ដឹងពីវប្បធម៌ផ្សេងៗច្រើនតែងជាមនុស្សមានការច្នៃប្រឌិតខ្ពស់
យោងទៅតាមការស្រាវជ្រាវមួយបង្ហាញថា៖« ប្រសិនបើអ្នកមានទស្សនៈដែលខុសពីអ្នកដទៃ ជាទស្សនៈថ្មី ហើយល្អគ្មាននរណាដូច នោះអ្នកគឺជាមនុស្សដែលមានការច្នៃប្រឌិត»។ ប៉ុន្តែយោងទៅតាមការស្រាវជ្រាវរបស់ Columbia Business School បានបង្ហាញថា៖ «អ្នកដែលមានបទពិសោធន៍ច្រើនចំពោះចំណេះដឹងពាក់ព័ន្ធនឹងវប្បធម៌ផ្សេងៗលើពិភពលោកនោះ គឺជាមនុស្សដែលមានការច្នៃប្រឌិតខ្ពស់ ហើយតែងជាមនុស្សដែលបើកចិត្តទូលាយ»។ ខាងក្រោមនេះនឹងបង្ហាញថាពួកគេពិតជាមនុស្សច្នៃប្រឌិតដោយសារតែ៖
១) ទទួលយកចំណេះដឹងពីតំបន់ដែលពួកគេបានទៅ៖ ការធ្វើដំណើរទៅកាន់តំបន់ផ្សេងៗ អាចឲ្យអ្នកយល់ដឹងកាន់តែច្បាស់ពីវប្បធម៌នៃការរស់នៅរបស់មនុស្សគ្រប់តំបន់ ហើយវានឹងធ្វើឲ្យអ្នកប្លែកភ្នែក។ អ្នកនឹងបានសិក្សាច្រើនពីភាសាក្នុងតំបន់ គំនិតនិងប្រពៃណីដែលអ្នកមិនធ្លាប់ស្គាល់ផងដែរ។ អ្នកនឹងទទួលបានការចេះដឹងកាន់តែច្រើន នៅពេលដែលពួកគេនិយាយមកកាន់អ្នក ហើយធ្វើការចែករំលែកដល់អ្នក។
២) អាចមានដំណោះស្រាយច្រើននៅពេលជួបបញ្ហា៖ មនុស្សម្នាក់ៗ តែងមានភាពធុញថប់ខ្លាំងនៅពេលពួកគេជួបប្រទះនឹងបញ្ហា ។ ដូចនេះការយល់ដឹងពីវប្បធម៌ផ្សេងៗ ទៀតដែលអ្នកដទៃមិនដែលដឹងនោះ អាចជួយបណ្ដុះគំនិតដល់ខ្លួនឯងក្នុងការគិតនិងស្វែងរកដំណោះស្រាយផងដែរ។
តើអ្នកអាចទទួលបានការយល់ដឹងពីវប្បធម៌ផ្សេងៗទៀតបានតាមរយៈវិធីណាខ្លះ?
១) ធ្វើដំណើរទៅក្រៅប្រទេស៖ វាគឺជាផ្លូវដ៏ល្អមួយដែលនាំអ្នកឲ្យស្គាល់កាន់តែច្រើនពីវប្បធម៌របស់ប្រទេសនីមួយៗ តាមរយៈការធ្វើដំណើរទៅកាន់ប្រទេសនានាឲ្យបានច្រើន។
២) ស្វែងរកមិត្តភ័ក្ដិបរទេសតាមអ៊ីនធឺណិត ៖ ប្រសិនបើអ្នកគ្មានលទ្ធភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសក្រៅនោះទេ អ្នកគួរស្វែងរកមិត្តភ័ក្ដិបរទេសតាមអ៊ីនធឺណិតក៏បានផងដែរ។ វាគឺជាផ្លូវមួយដ៏ល្អក្នុងការផ្សារភ្ជាប់មិត្តភាពអ្នកនឹងជនបរទេស ដូចនេះអ្នកក៏អាចរៀនសូត្របានច្រើនពីពូកគេដែរ។
៣) អានសៀវភៅប្រវត្តិសាស្ត្របរទេស៖ ប្រសិនបើអ្នកចង់ដឹងចង់និងស្គាល់បន្ថែមទៀតអំពីស្ថានភាពរស់នៅរបស់ប្រទេសមួយ អ្នកគួរស្វែងរកសៀវភៅប្រវត្តិសាស្ត្រណាដែលពាក់ព័ន្ធដើម្បីមកអាន។ ដូចនេះអ្នកនឹងទទួលបានគំនិតអស្ចារ្យពីមនុស្សដែលរស់នៅតំបន់នោះផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org