អ្វីជាភាពខុសគ្នារវាង "លុយ" និង "រូបិយប័ណ្ណ"?​



មនុស្ស​ជាច្រើន​តែង​មាន​ការ​យល់​ច្រឡំ​ថា​ក្រដាស​ប្រាក់​ដែល​ពួកគេ​តែងតែ​ប្រឹងប្រែង​ប្រមូល​មក​ទុក​ក្នុង​ហោប៉ៅ​ដោយ​ចំណាយ​ពេលវេលា​និង​ញើស​ឈាម​ក្នុង​មួយ​ថ្ងៃៗ​យ៉ាង​សស្រាក់​សស្រាំ ក៏​ដើម្បី​តែ​សម្រេច​នូវ​គោលបំណង​ក្នុង​ជីវិត​ដែល​ជា​សេរីភាព​ហិរញ្ញវត្ថុ​នេះ គឺជា​លុយ។ ដូច្នេះ​ហើយ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង​នោះ​គឺ​ថា តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង "លុយ" និង "រូបិយប័ណ្ណ" ? ក្រដាស​ប្រាក់ ដែល​អ្នក​កំពុង​តែ​ចាយ​និង​ប្រឹង​រក​រាល់ថ្ងៃ​នេះ គេ​ហៅ​ថា "រូបិយប័ណ្ណ" (currency)។

អ្វី​ដែល​សម្គាល់​លក្ខណៈ​របស់​រូបិយប័ណ្ណ​គឺ​នៅ​ត្រង់ ដោយ​ប្រើប្រាស់​អត្រា​ប្ដូរ​ប្រាក់​ជា​សកល អ្នក​អាច​ប្ដូរ​ប្រាក់​រៀល​ទៅ​ដុល្លារ ឬ​ប្រាក់​ដុល្លារ​ទៅ​ផោន​ជាដើម។ វា​មាន​មាត្រដ្ឋាន​កំណត់ ដូច​មាន​លេខ​ដែល​ជា​ចំនួន​កំណត់​ទឹក​លុយ​នៅ​លើ​សន្លឹក​ក្រដាស​នីមួយៗ។ វា​ក៏​អាច​យក​តាម​ខ្លួន​បាន។ ប៉ុន្តែ​រូបិយប័ណ្ណ​ឬ​ក្រដាស​ប្រាក់​នេះ មិន​មាន​តម្លៃ​ឋិតថេរ​ជា​យូរ​អង្វែង​នោះ​ទេ។ អតិផរណា​របស់​ក្រដាស​ប្រាក់​ប្រទេស​មួយ​អាច​នឹង​ប្រឈម​ហានិភ័យ​គ្រប់​ពេល ប្រសិន​ជា​រាជរដ្ឋាភិបាល​ចាប់ផ្ដើម​បោះពុម្ព​ក្រដាស​ប្រាក់​ច្រើន។ របស់​ដែល​មាន​ច្រើន វា​នឹង​ងាយ​ស្រួល​រក ដូច្នេះ​តម្លៃ​របស់​វា​ក៏​នឹង​ថយ​ចុះ ដែល​ធ្វើឲ្យ​បាត់បង់​តម្លៃ​របស់​វា។

យ៉ាងណាមិញ "លុយ" (money) ដែល​អ្នក​ធ្លាប់​តែ​គិត​ថា​ជា​ក្រដាស​ប្រាក់​នោះ គឺជា​កាក់​មាស និង​កាក់​ប្រាក់​ទៅវិញ​ទេ។ ប្រៀប​ជាមួយ​នឹង​រូបិយប័ណ្ណ លក្ខណៈ​របស់​លុយ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​វា​ខុស​គ្នា​គឺ​នៅ​ត្រង់ លុយ​មាន​តម្លៃ​របស់​វា​ជា​យូរ​អង្វែង មានន័យ​ថា​បើ​រូបិយប័ណ្ណ​៥០០០​ពាន់​រៀល​អាច​ឲ្យ​អ្នក​ឆ្អែត​បាន​មួយ​ពេល​យ៉ាង​សម្បូរ​បែប ប៉ុន្តែ​១០​ឆ្នាំ​ខាង​មុខ​មិន​ប្រាកដ​ថា​រូបិយប័ណ្ណ​៥០០០​ពាន់​រៀល​នេះ​ដដែល​អាច​ឲ្យ​អ្នក​រក​បាយ​ហូប​បាន​ឆ្អែត​នោះ​ឡើយ។ ប៉ុន្តែ​កាក់​មាស និង​កាក់​ប្រាក់​នឹង​រក្សា​តម្លៃ​របស់​វា​នៅ​ដដែល​ក្នុង​រយៈពេល​ដ៏​យូរ​អង្វែង។

មាន​រូបិយប័ណ្ណ​ក្នុង​ដៃ អំណាច​របស់​អ្នក​ក្នុង​ការ​មាន​សេរីភាព​ហិរញ្ញវត្ថុ​ហាក់​ដូចជា​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​របស់​អ្នក ប៉ុន្តែ​ជាមួយ​នឹង​កាក់​មាស​និង​កាក់​ប្រាក់ អ្នក​អាច​នឹង​ប្រើប្រាស់​កាក់​ចំនួន​ដូច​គ្នា​ពី​ឥឡូវ​និង​រាប់​ទសវត្ស​ទៅ​មុខ​ទៀត អាច​រហូត​ដល់​ទៅ​ជាង​៥០០០​ឆ្នាំ​ខាង​មុខ​ក៏​ថា​បាន គឺ​អ្នក​នៅ​តែ​មាន​អំណាច​ប្រើប្រាស់​លុយ​នេះ និង​អាច​ក្លាយ​ជា​អ្នក​មាន​បើ​កាលណា​អ្នក​ខំ​សន្សំ​ទុក​កាក់​ទាំងនោះ​ឲ្យ​បាន​ច្រើន។ របស់​មាន​តម្លៃ​ក៏​ដោយសារ​តែ​វា​កម្រ មាស​និង​ប្រាក់​ជា​របស់​រក​បាន​ដោយ​កម្រ​នៅ​ក្នុង​ស្រទាប់​ផែនដី ដូច្នេះ​តម្លៃ​របស់​វា​នឹង​នៅ​តែ​មាន​តម្លៃ​ក្នុង​រយៈពេល​ដ៏​យូរ​ទៅ​ខាង​មុខ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ thewealthbusiness

X
5s