បើនិយាយពីជំនាញនិងការអប់រំ ប្រទេសទាំង១០នេះគឺជាប្រទេសដែលល្អដាច់គេ
តើអ្វីទៅជាកត្តាដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច? ច្បាស់ណាស់ កត្តាទាំងនោះមិនមែនជា សាជីវកម្មពហុជាតិ ហេដ្ឋារចនាសម្ព័ន្ធ ឬក៏បច្ចេកវិទ្យានោះទេ ប៉ុន្តែវាគឺជាការអប់រំនិងជំនាញដែលប្រជាជាតិនីមួយ ៗត្រូវតែមាន។ ប្រជាជនដែលមានកម្រិតអប់រំខ្ពស់និងមានជំនាញច្បាស់លាស់គឺជាធនធានដ៏សំខាន់បំផុត របស់ ប្រទេសមួយ។ ធនធាននេះត្រូវបានហៅជាទូទៅថា “មូលធនមនុស្ស ឬ Human Capital”។
ផ្អែកទៅលើរបាយការណ៍វាស់វែងមូលធនមនុស្សឆ្នាំ ២០១៧ (Human Capital Report 2017) របស់ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ប្រទេសចំនួន១០ត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែល ល្អដាច់គេក្នុងលោកពាក់ព័ន្ធទៅនឹងប្រព័ន្ធអប់រំនិងជំនាញវិជ្ជាជីវៈរបស់ប្រជាជននៃប្រទេសទាំងនោះ។ ប្រទេសទាំង នោះមានដូចជា ប្រទេសន័រវ៉េ (Norway) មានចំណាត់ថ្នាក់លេខ១ ប្រទេសហ្វាំងឡង់ (Finland) មានចំណាត់ ថ្នាក់លេខ២ ប្រទេសស្វីស (Swiss ឬ Switzerland) មានចំណាត់ថ្នាក់លេខ៣ សហរដ្ឋអាមេរិក (United States) មានចំណាត់ថ្នាក់លេខ៤ ប្រទេសដាណាម៉ាក (Denmark) មានចំណាត់ថ្នាក់លេខ៥ ប្រទេសអាឡឺម៉ង់ (Germany) មានចំណាត់ថ្នាក់លេខ៦ ប្រទេសញូហ្ស៊ែលលែន (New Zealand) មានចំណាត់ថ្នាក់លេខ៧ ប្រទេសស៊ុយអែត (Sweden) មានចំណាត់ថ្នាក់លេខ៨ ប្រទេសស្លូវិននៀ (Slovenia) មានចំណាត់ថ្នាក់លេខ៩ និងជាចុងក្រោយប្រទេសអូស្ត្រាលី (Australia) មានចំណាត់ថ្នាក់លេខ១០។ ជាការពិតណាស់ លទ្ធផលនៃការវាស់វែងនេះត្រូវបានធ្វើឡើងក្នុងប្រទេសចំនួន ១៣០ ដោយផ្តោតសំខាន់ លើកម្រិតនៃការអភិវឌ្ឍន៍មូលធនមនុស្ស ដែលគេបានដាក់ពន្ទុពីលេខ ០ (អន់បំផុត) ដល់លេខ ១០០ (ល្អបំផុត) ៕
ដោយ៖ ប៉ុម ទូច