អ្វីទៅជា Due diligence?
Due diligence គឺជាការស៊ើបអង្កេតឬសវនកម្មទៅលើសក្ដានុពលរបស់អាជីវកម្ម ដើម្បីដឹងពីព័ត៌មានទាំងឡាយរបស់ក្រុមហ៊ុន មុនពេលសម្រេចថានឹងចុះកិច្ចព្រមព្រៀងវិនិយោគជាមួយគ្នា ហើយការធ្វើនេះគឺក្នុងគោលបំណងបញ្ជាក់ពីបញ្ហាសក្តានុពល ឬ បំណុលដែលមិនអាចរំពឹងទុកបាននៃអាជីវកម្មមួយ។
វាអាចជាកាតព្វកិច្ចច្បាប់មួយ ប៉ុន្តែការជាអនុវត្តទូទៅគឺជាការស៊ើបអង្កេតដោយស្ម័គ្រចិត្ត។ ឧទាហរណ៍ធម្មតាមួយសម្រាប់ due diligence ក្នុងឧស្សាហកម្មផ្សេងៗគ្នាគឺជាដំណើរការវាយតម្លៃយ៉ាងមានក្តានុពលទៅលើគោលដៅរបស់ក្រុមហ៊ុន ឬទ្រព្យសកម្មសម្រាប់ធ្វើការរួមបញ្ចូលគ្នារបស់ក្រុមហ៊ុន (Acquisition)។ ទ្រឹស្តីនៅពីក្រោយ due diligence បង្ហាញថាការអនុវត្តនេះគឺជាការអនុវត្តន៍នៃការស៊ើបអង្កេតបែបនេះចូលរួមចំណែកយ៉ាងខ្លាំងក្នុងការសម្រេចចិត្តដោយបង្កើនចំនួននិងគុណភាពនៃព័ត៌មានដែលអាចប្រើប្រាស់បានដល់អ្នកធ្វើការសម្រេចចិត្ត និងធានាបានថាព័ត៌មានទាំងនេះគឺជាប្រើប្រាស់ជាលក្ខណៈប្រព័ន្ធ និងមានចេតនាបង្ហាញឲ្យអ្នកសម្រេចចិត្តបានដឹងពីថ្លៃចំណាយ អត្ថប្រយោជន៍ និងហានិភ័យនៃអាជីវកម្ម ឬបុគ្គលម្នាក់នោះ។
១) ដំណើរការនៃ Due diligence
ការធ្វើ Due diligence មានទម្រង់ផ្សេងគ្នាទៅតាមគោលបំណងដែលចង់បាន។ ការពិនិត្យគោលដៅសក្តានុពលសម្រាប់ការរួមបញ្ចូលក្រុមហ៊ុន ការទិញក្រុមហ៊ុន ឯកជនភាវូបនីយកម្ម ឬដំណើរការហិរញ្ញវត្ថុសាជីវកម្មខ្នាតតូចវាធម្មតាធ្វើឡើងដោយអ្នកទិញ។ ការស៊ើបអង្កេតសមហេតុសមផលមួយផ្តោតទៅលើសម្ភារៈ វត្ថុធាតុនាពេលអនាគត។ ការពិនិត្យលើការនឹងសម្រេចបានដោយប្រើសំនួរថា “តើយើងនឹងទិញដោយរបៀបណា តើយើងនឹងរៀបចំរចនាសម្ព័ន្ធនៃការទិញអាជីវកម្មដោយវិធីណា ហើយទូទាត់ដូចម្តេច?” ការស៊ើបអង្កេតទៅលើការអនុវត្តការងារក្នុងពេលបច្ចុប្បន្ន និងគោលនយោបាយគោលការណ៍ក្រុមហ៊ុន ការពិនិត្យក្នុងគោលបំណងដើម្បីធ្វើការសម្រេចចិត្តទិញយកក្រុមហ៊ុនតាមរយៈគោលការវាយតម្លៃ និងវិភាគតម្លៃនៃ ម្ចាស់ភាគហ៊ុន។
ដើម្បីធ្វើឲ្យប្រសើរឡើងនូវ due diligence អ្នកលក់គួរតែប្រមើលមើលថាតើព័ត៌មានអ្វីដែលអ្នកទិញនឹងសួរ ហើយប្រមូលវាទុកមួយដុំ។ ព័ត៌មានទាំងនោះរួមមានដូចជា ឯកសារគន្លឹះ និងរបាយការណ៍ទាក់ទងទៅនឹងអាជីវកម្ម ឧទាហរណ៍ដូចជា របាយការណ៍គណនេយ្យ គូប្រកួតប្រជែង ការប្រៀបធៀបទីផ្សារ ការវិភាគ និងកម្មសិទ្ធិបញ្ញាជាដើម។ បន្ទាប់ពីធ្វើការពិនិត្យឡើងវិញនូវព័ត៌មានទាំងនោះ អ្នកទិញគួរតែចាប់ផ្តើមធ្វើការសើបអង្កេតរបស់ខ្លួនដើម្បីធានាបានថាព័ត៌មានដែលផ្តល់ឲ្យមកទាំងនោះវាពិតជាសុក្រឹតជាក់លាក់អាចទទួលយកបាន។ ដែនកំណត់នៃ due diligence វាអាស្រ័យលើប្រភេទនៃដំណើរការអាជីវកម្ម ហានិភ័យ និងតម្រូវការនៃភាគីដែលចង់បាន។
ដំណើរការ due diligence (framework) អាចធ្វើការបែងចែកជា ៩ តំបន់ផ្សេងគ្នា៖
១) សវនកម្មសមស្រប (Compatibility audit)
២) សវនកម្មហិរញ្ញវត្ថុ (Financial audit)
៣) សវនកម្មម៉ាក្រូបរិស្ថាន (Macro-environment audit)
៤) សវនកម្មផ្នែកច្បាប់/បរិស្ថាន (Legal/environmental audit)
៥) សវនកម្មទីផ្សារ (Marketing audit)
៦) សវនកម្មផលិតកម្ម (Production audit)
៧) សវនកម្មគ្រប់គ្រង (Management audit)
៨) សវនកម្មប្រព័ន្ធព័ត៌មាន (Information systems audit)
៩) សវនកម្មសម្របសម្រួល (Reconciliation audit)
២) អត្ថប្រយោជន៍នៃការធ្វើ due diligence
Due diligence គឺជាឧបករណ៍គ្រប់គ្រងលើតម្លៃនិងហានិភ័យ ដែលប្រើសម្រាប់អាជីវកម្ម។ ភាពរឹងម៉ាំនៃការធ្វើ due diligence អាចអនុញ្ញាតឲ្យអ្នកទិញបង្កើតទម្រង់សម្រេចចិត្ត និងចៀសបាននូវភាពភ្ញាក់ផ្អើលពេលបញ្ចប់ប្រតិបត្តិការ។ ការស៊ើបអង្កេតធ្វើ due diligence ផ្តល់អំណាចឲ្យអ្នកទិញនិងមានការប្រុងប្រយ័ត្ន មានន័យថាជួយឲ្យអ្នកទិញបានយល់ និងចៀសវាងពីការសម្រេចចិត្តខុសក្នុងការទិញក្រុមហ៊ុន ឬធ្វើការវិនិយោគណាមួយ។ ម្យ៉ាងវិញទៀត ការធ្វើឲ្យមានប្រសិទ្ធិភាពលើការស៊ើបអង្កេត due diligence ធានាបានថាអ្នកទិញពិតជាអាចទទួលបាននូវអ្វីដេលគេបានចំណាយ។
៣) គុណវិបត្តិនៃការធ្វើ due diligence
ដំណើរការនៃ due diligence មានរយៈពេលវែង និងមានការលំបាក វាអាស្រ័យលើប្រតិបត្តិការ អ្នកទិញអាចធ្វើអន្តរកម្មជាមួយនឹងភាគីផ្សេងៗជាច្រើន ដូចជា ឈ្មួញជើងសារ (brokers) គណនេយ្យករ ឬ មេធាវីជាដើម ដែលពួកគេនីមួយៗមានកម្រិតព័ត៌មានដែលអ្នកអាចទទួលបានផ្សេងៗគ្នា ក៏ដូចជារបាយការណ៍មិនពេញលេញ។ បន្ទាប់មកអ្នកទិញត្រូវធ្វើការពិនិត្យព័ត៌មានទាំងនោះដោយខ្លួនឯងម្តងទៀត ក៏ដូចជាអាចស្នើសុំនូវព័ត៌មានបន្ថែមមួយចំនួនទៀតក្នុងករណីមានការបាត់បង់ ឬខ្វះចន្លោះព័ត៌មានលម្អិតណាទៀត។
Due diligence អាចមានផលប៉ះពាល់អវិជ្ជមានដល់អ្នកលក់ ដោយសារតែដំណើរការនៃ due diligence នេះវារំខានដល់ការធ្វើអាជីវកម្មរបស់ពួកគេដែលគ្រាន់តែដើម្បីឆ្លើយតបទៅនឹងសំនួរ ក៏ដូចជាសំណើរឯកសារដ៏ច្រើននោះ។
៤) តើនៅពេលណាដែលតម្រូវឲ្យមានការធ្វើ due diligence?
មិនមែនគ្រប់អាជីវកម្មសុទ្ធតែតម្រូវឲ្យធ្វើ due diligence ទាំងអស់ទេ ការធ្វើ due diligence នេះភាគច្រើនធ្វើនៅពេលដែល៖
ក) ការទិញអាជីវកម្ម (អាជីវកម្មមួយទិញយកអាជីវកម្មទៀត ដើម្បីពង្រីកទំហំអាជីវកម្មរបស់ខ្លួន
ខ) ចូលរួមក្នុងភាពជាដៃគូនៃអាជីវកម្ម ( entering into a partnership)
គ) ចូលរួមក្នុងកុងត្រាធំ (entering into a major contract អាចជាការចុះកុងត្រាក្នុងគម្រោងវិនិយោគថ្មី ធំជាងមុន ក្នុងន័យពង្រីកអាជីវកម្ម)៕
ដោយ៖ យ៉ាយ៉ា
ប្រភព៖ ROCKET Lawyer