បុគ្គលិក ៦ ប្រភេទដែលគ្មានថ្ងៃបានឡើងតំណែង​



មិនថានៅក្នុងសង្គមមួយល្អកម្រិតណាទេ ក៏នៅតែមានមនុស្សដែលមានចរិយាមាយាទ ចរិតខុសៗគ្នា។ ធ្វើការក្នុងក្រុមហ៊ុនមួយក៏ដូចគ្នាដែរ ទោះជាក្រុមហ៊ុនស្តង់ដារកម្រិតណាក៏នៅតែមានបុគ្គលិកល្អ និងបុគ្គលិកមិនល្អនៅធ្វើការជាមួយគ្នា។ 

ពេលខ្លះក្រុមហ៊ុនមួយនោះល្អ មានស្តង់ដារការងារត្រឹមត្រូវ តែដោយសារបុគ្គលិកមានទម្លាប់មិនល្អទើបបណ្តាលឲ្យក្រុមហ៊ុនមិនអាចរីកចម្រើនបាន ព្រោះតែវាអាចបង្កជាបញ្ហា ជាជំលោះក្នុងកន្លែងការងារក៏មាន។ គេកត់សម្គាល់ថា មានបុគ្គលិក ៦ ប្រភេទដែលទោះបីជាគេធ្វើការងារបានល្អយ៉ាងណាក៏មិនអាចទទួលបានការដំឡើងតំណែងបានឡើយ ចង់ដឹងថាមានបុគ្គលិកប្រភេទណាខ្លះទៅអានបន្តនៅចំនុចខាងក្រោមទាំងអស់គ្នា៖

១) បុគ្គលិកដែលពូកែបង្កើនទំនាក់ទំនងខ្លាំងជ្រុលពេក

ធម្មតាទេមិត្តភាពនៅកន្លែងការងារជារឿងសំខាន់ណាស់ដែលគ្រប់គ្នាត្រូវមាន ការដែលមិនប្រកាន់បក្សពួកជារឿងល្អបំផុត។ តែមិនមែនការដើរបង្កើត និងបង្កើនមិត្តភាពនិយាយដើមអ្នកនេះប្រាប់អ្នកនោះ យករឿងអ្នកនោះប្រាប់អ្នកនេះទេ។ ទំនាក់ទំនងដែលត្រូវបង្កើតគឺទាក់ទងក្នុងន័យការងារ តែបុគ្គលិកប្រភេទនេះបែរជាយកម៉ោងការងារនិយាយគ្នាចេចចូច និងពូកែបង្កើតពាក្យចចាមអារាមបំផុត។ 

២) បុគ្គលិកដែលចូលចិត្តឲ្យគេគ្រប់គ្រងខ្លួន

បុគ្គលិកប្រភេទនេះពេលខ្លះគាត់ជាមនុស្សត្រចៀក-ស ឆាប់ស្តាប់អ្នកដទៃពេក តែចរិកមួយដែលជាចំនុចខ្សោយរបស់គាត់គឺចូលចិត្តឲ្យគេដឹកមុខ។ អ្នកណានិយាយអ្វីគឺគាត់ច្រើនតែតាមគេ គាត់មិនសូវជាក្លាហាន ជាមនុស្សចូលចិត្តខ្លាចគេច្រើន គាត់តែងបណ្តាយឲ្យអ្នកដទៃគ្រប់គ្រងលើការសម្រេចចិត្តរបស់គាត់ ជាលទ្ធផលគឺគាត់ច្រើនតែបរាជ័យ។

៣) បុគ្គលិកដែលមានភាពអវិជ្ជមាន ហើយចូលចិត្តត្អូញត្អែរពិសេសរឿងការងារ

បុគ្គលិកប្រភេទនេះ មិនសូវជាទទួលយកការណែនាំពីនរណាម្នាក់ទេ មិនថាតែអ្នករួមការងារជាមួយគ្នា ឬពាក្យសម្តីរបស់ថ្នាក់លើឡើយ។ តែផ្ទុយមកវិញពួកគេជាមនុស្សដែលតែតំអូញតំអែរជានិច្ចលើបញ្ហាការងារ ដោយនិយាយថាការងារគេលំបាកណាស់ គ្មានពេលសម្រាកទេ ហើយមនុស្សបែបនេះមិនមានទំនាក់ទំនងល្អជាមួយនរណាឡើយ។ ជាងនេះទៅទៀតគេមិនដែលស្វះស្វែងរកឱកាសអភិវឌ្ឍន៍ខ្លួនឯងទេ តែចង់បានគុណសម្បត្តិ និយាយឲ្យចំគឺមិនចង់ធ្វើការតែចង់បានប្រាក់ខែ។

៤) បុគ្គលិកដែលតែទំលាក់កំហុសឲ្យអ្នកដទៃ

ការងារជាក្រុមទទួលបានលទ្ធផលល្អក៏ដោយសារការចេះសហការគ្នា បើខុសក៏ត្រូវទទួលកំហុសទាំងអស់គ្នាដែរ។ តែបុគ្គលិកប្រភេទនេះមិនដែលទទួលកំហុសខ្លួនឯង ឬកំហុសក្នុងក្រុមទេ គេច្រើនបន្ទោសអ្នកដទៃក្នុងក្រុមជាមួយគ្នាថាមកពីអ្នកនេះ ឬមកពីអ្នកនោះប្រគល់ការងារមិនទាន់ពេលវេលា ទើបធ្វើឲ្យមានបញ្ហាបែបនេះ។ គេជាមនុស្សដែលពិបាកធ្វើការងារជាមួយបំផុត ហើយក៏ពូកែយកឈ្នះនិងរករឿងនាំបញ្ហាដល់អ្នកដទៃដូចគ្នា។

៥) មនុស្សដែលពោរពេញដោយកំហឹង

មនុស្សបែបនេះក៏ជាមនុស្សដែលគួរឲ្យខ្លាច និងពិបាកធ្វើការជាមួយដូចគ្នាព្រោះគេតែងតែបញ្ចេញកំហឹងដាក់អ្នកដទៃទោះបីគេគ្មានកំហុសក៏ដោយ។ ពេលខ្លះអ្នកគ្រប់គ្រងមួយចំនួនចូលចិត្តប្រើអាកប្បកិរិយាបែបនេះដាក់បុគ្គលិកថ្នាក់ក្រោមដូចគ្នាដោយប្រើអំណាចជាអ្នកគ្រប់គ្រង។

៦) បុគ្គលិកដែលដឹងគ្រប់រឿងរ៉ាវ

ស៊ូដឹងធ្វើមិនដឹងវាប្រសើរជាមិនដឹងផលខំត្រដរធ្វើជាអ្នកចេះគ្រប់រឿង។ ពេលដែលមានការចែករំលែកចំណេះដឹងអ្វីមួយដល់បុគ្គលិកនៅកន្លែងការងារ គេតែងធ្វើខ្លួនដូចជាអ្នកដែលចេះហើយ ហើយក៏អឿមិនទទួលយកការចែករំលែកចំណេះដឹងនេះដែរ។ ការដែលគេធ្វើបែបនេះព្រោះខ្លាចអ្នកដទៃនិយាយថាអន់ មិនដឹងរឿងរ៉ាវអ្វី។ តែពេលជាលទ្ធផលខ្លួនឯងគេទេដែលជាអ្នកខាតពិតប្រាកដ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s