ការស្រាវជ្រាវរកឃើញជំនាញ ៥ របស់ចៅហ្វាយនាយដែលបុគ្គលិកចង់បានបំផុត​



កាលពីពេលថ្មីៗនេះ បណ្តាញសង្គម Linkedin ទើបតែបង្ហាញលទ្ធផលស្រាវជ្រាវមួយទៅលើបុគ្គលិក ៣ ០០០ នាក់ និងបណ្តាថ្នាក់ដឹកនាំស្ថាប័នជាច្រើននៅជុំវិញពិភពលោក។ ការស្រាវជ្រាវនេះបានផ្តោតសំខាន់ទៅលើប្រធានបទ ថាតើបុគ្គលិកចង់បានអ្វីច្រើនជាងគេពីចៅហ្វាយរបស់ខ្លួន?  ជាលទ្ធផល បណ្តាញសង្គមផ្តោតលើការងារមួយនេះបានរកឃើញជំនាញដែលពួកគេចង់បានបំផុតពីអ្នកគ្រប់គ្រងរបស់ខ្លួនចំនួន ៥ ខាងក្រោមនេះ៖

១.ការដោះស្រាយបញ្ហា (៦៨%)
នេះជាជំនាញទី១ ដែលបុគ្គលិករបស់អ្នកចង់បានបំផុតពីអ្នក។ ប៉ុន្តែដើម្បីមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា ស្តាប់ទៅដូចជាមិនងាយស្រួលប៉ុន្មានឡើយ។ នៅក្នុងបរិបទបែបណាក៏ដោយ ការដោះស្រាយបញ្ហារបស់អ្នកក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវផ្តើមចេញពីការកំណត់ឬសគល់បញ្ហាជាមុនសិន។ បន្ទាប់មកអ្នកត្រូវដោះស្រាយបញ្ហាទាំងនោះជាជំហានៗ ពីធំមកតូច ពីស្មុគស្មាញមកសាមញ្ញ។ 

ប្រសិនបើអ្នកជាបុគ្គលិកវិញ វាជារឿងល្អដែលអ្នកចង់ឲ្យចៅហ្វាយរបស់អ្នកមានភាពស្ទាត់ជំនាញលើរឿងនេះ។ ក៏ប៉ុន្តែកុំគិតថា ជំនាញនេះសម្រាប់តែចៅហ្វាយរបស់អ្នកឲ្យសោះ។  ជំនាញនេះក៏ជាការងារដែលអ្នកត្រូវធ្វើនឹងរៀនសូត្រផងដែរ។ ការងាររបស់អ្នក គឺធ្វើយ៉ាងណាមិននាំបញ្ហាឲ្យចៅហ្វាយរបស់អ្នក ហើយរង់ចាំឲ្យពួកគេដោះស្រាយឲ្យអ្នកនោះទេ។ អ្នកត្រូវជួយកំណត់បញ្ហា និងស្វែងរកដំណោះស្រាយជាមួយចៅហ្វាយរបស់អ្នក។

២.ការគ្រប់គ្រងពេលវេលា (៤៤%)
បុគ្គលិក ៤៤% ចង់ឃើញអ្នកដឹកនាំរបស់ខ្លួនចេះគ្រប់គ្រងពេលវេលាបានល្អសម្រាប់ធ្វើជាគំរូរបស់ពួកគេ។ ប៉ុន្តែអ្នកដឹកនាំ ឬចៅហ្វាយនាយក៏មិនត្រូវបំផ្លាញពេលវេលារបស់បុគ្គលិកដែរ។ មានអ្នកដឹកនាំច្រើនណាស់ដែលបានប្រព្រឹត្តកំហុសមួយនេះ។ ពេលខ្លះដើម្បីសម្រេចការងារអ្វីមួយ ខ្លួនបានបង្គាប់បញ្ជាបុគ្គលិកធ្វើនេះធ្វើនោះ ឬយកពេលវេលាបុគ្គលិកឯកជនរបស់បុគ្គលិកធ្វើរឿងផ្សេងៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ នេះបានបង្ហាញថា អ្នកដឹកនាំនោះខ្វះការគោរពចំពោះបុគ្គលិក និងចាត់ចែងពេលវេលាមិនបានត្រឹមត្រូវ។

ជាដំណោះស្រាយនៅកន្លែងការងារ ប្រសិនបើអ្នកជាអ្នកដឹកនាំគេ អ្នកត្រូវមានភាពម្មត់ចត់បន្តិចជាមួយនឹងពេលវេលា។ ជាទូទៅ ពេលវេលារបស់អ្នកមានប្រសិទ្ធភាពដរាបណាអ្នកបានរៀបចំគម្រោងកាលវិភាគការងារ បានត្រឹមត្រូវ និងបែងចែកទៅតាមភាពអាទិភាពរបស់វាជាដើម។ 

៣.ការសម្រចចិត្ត (៤០%) 
នេះជាជំនាញទី ៣ ដែលអ្នកដឹកនាំមិនអាចមើលរំលងបានឡើយ។ បុគ្គលិកត្រូវការអ្នកដឹកនាំមានជំនាញនេះពីព្រោះពួកគេយល់ថា ការអនុវត្តការងាររបស់ពួកគេក្នុងទិសដៅយ៉ាងណា គឺអាស្រ័យទាំងស្រុងលើការសម្រេចចិត្តរបស់ថ្នាក់លើ។ ផ្ទុយទៅវិញ បើចៅហ្វាយនាយមិនសូវប្រសព្វលើជំនាញមួយនេះ ភាពសង្ស័យ ភាពមិនប្រាកដប្រជា ការខ្វាយខ្វល់ និងភាពចន្លោះប្រហោងនឹងកើតមានចំពោះបុគ្គលិក។

ទន្ទឹមនឹងនេះ ការសម្រេចចិត្តដែលគ្មានភាពច្បាស់លាស់ អាចជំរុញឲ្យបុគ្គលិកបាត់បង់ទំនុកចិត្ត និងអស់ភាពជឿជាក់ទៅលើថ្នាក់ដឹកនាំដែលនាំឲ្យថាមភាពប្រកួតប្រជែង និងភាពច្នៃប្រឌិតរបស់ពួកគេធ្លាក់ ទៅលើគូប្រជែងបាន។ 

៤.ស្គាល់ពីសុខទុក្ខរបស់បុគ្គលិក  (៣៨%)
ភាពយល់ចិត្តយល់ថ្លើមក៏ជាជំនាញមួយដែលបុគ្គលិកចង់បានបំផុតមួយពីចៅហ្វាយនាយមិនចាញ់ ជំនាញសម្រេចចិត្តប៉ុន្មានដែរ។ បុគ្គលិកម្នាក់ៗជាទូទៅ ចង់ឲ្យថ្នាក់ដឹកនាំយល់ពីជម្រៅចិត្តរបស់ពួកគេ និងយកចិត្តទុកដាក់ចំពោះស្ថានភាពដែលពួកគេកំពុងប្រឈមមុខ។ ការស្រាវជ្រាវអត្ថបទ Journal of Patient Experience  កាលពីឆ្នាំ ២០១៧ បានបង្ហាញថា អ្នកដឹកនាំដែលយកចិត្តទុកដាក់សុខទុក្ខរបស់បុគ្គលិកផ្តល់ឲ្យមានបរិយាកាសនៃការទំនាក់ទំនង និងបទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមក។ ការស្តាប់មតិយោបល់ ផ្តល់ចំណាប់អារម្មណ៍ ផ្តល់រង្វាន់ ផ្តល់ជំនួយឧបត្ថម្ភផ្សេងៗ និងជួយលើកទឹកចិត្ត គឺសុទ្ធតែបង្ហាញថា អ្នកជាអ្នកដឹកនាំល្អម្នាក់ចំពោះពួកគេ។

៥.សណ្តោសប្រណី ឬមានសណ្តានចិត្តល្អ (៣៦%)
ចំណុចនេះ វាមិនដូចទៅនឹងការយល់ពីសុខទុក្ខរបស់បុគ្គលិកនោះទេ។  ក្រៅពីតម្រូវការទាំងប៉ុន្មានចំណុចខាងលើ កូនចៅរបស់អ្នក ក៏ត្រូវការភាពអនុគ្រោះ ការអាណិតអាសូរ សណ្តោសប្រណី និងទឹកចិត្តល្អរបស់អ្នកចំពោះពួកគេផងដែរ។ ពួកគេត្រូវការចំណុចនេះពីអ្នកដើម្បីបង្ហាញថា អ្នកនៅផ្តល់តម្លៃ ការរាប់អាន និងការគោរពស្រលាញ់ចំពោះពួកគេដែលផ្តល់គុណសម្បត្តិដ៏ពិសេសមួយគឺ រក្សាបានទំនាក់ទំនងល្អក្នុងនាមជាចៅហ្វាយនាយ និងកូនចៅ។

ប្រសិនបើអ្នកចាប់បានកំហុសពួកគេ អ្នកត្រូវធ្វើឲ្យពួកគេចេះទទួលកំហុស និងឈរនៅពីក្រោយពួកគេដើម្បីជួយពួកគេ។  អ្នកត្រូវធ្វើឲ្យពួកគេចេះកែប្រែកំហុស និងរៀនសូត្រពីកំហុសទាំងនោះ ហើយធ្វើវាឲ្យកាន់តែល្អជាងមុន។ នេះហើយជាតួនាទីភាពជាអ្នកដឹកនាំល្អរបស់អ្នក៕

ប្រភព៖ Inc  

 

 

X
5s