ជប៉ុនត្រៀមផ្ដល់ទឹកប្រាក់១៩០ដុល្លារក្នុងមួយថ្ងៃសម្រាប់ប្រជាជនខ្លួនដើម្បីស្ដារវិស័យទេសចរណ៍ក្នុងស្រុក​



ឧស្សាហកម្មទេសចរណ៍ជប៉ុនទទួលបាននូវការជួយគាំទ្រពីរដ្ឋាភិបាលខ្លួននូវកញ្ចប់ថវិកាដើម្បីឲ្យឧស្សាហកម្មមួយនេះមានកំណើនឡើងវិញខណៈកំពុងមានវិបត្តិកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ SCMP។

រដ្ឋាភិបាលជប៉ុននឹងធ្វើការផ្ដល់ទឹកប្រាក់ជំនួយរហូតដល់ ២០ ០០០យេន ឬស្មើនឹង១៩០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ តាមរយៈការបញ្ចុះតម្លៃ ឬគូប៉ុងសម្រាប់សណ្ឋាគារ ភោនីយដ្ឋាន ការធ្វើដំណើរ និងទីតាំងទេសចរណ៍នានា សម្រាប់ប្រជាជនក្នុងស្រុក។ 

ភ្ងាក់ងារទេសចរណ៍ជប៉ុន (Japan Tourism Agency) បានចុះផ្សាយលើ Twitter កាលពីថ្ងៃទី២៧ ឧសភា កន្លងទៅថា៖ «យុទ្ធនាការណ៍ទៅដើរកម្សាន្ត (Go To Travel Campaign) ស្ថិតក្រោមគម្រោងរបស់រដ្ឋាភិបាលជប៉ុន គម្រោងនឹងធ្វើការជួយទៅដល់តម្រូវការដើរកម្សាន្តក្នុងស្រុក បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការងើបឡើងវិញនៃការចំណាយលើការធ្វើដំណើរកម្សាន្តក្នុងស្រុក។ បើយោងតាមរដ្ឋាភិបាលគម្រោងនេះនឹងដាក់ចេញជាផ្លូវការនាខែកក្តដា ខាងមុខនេះ។ 

ដើម្បីទទួលបានកញ្ចប់ថវិកានេះ អ្នកទេសចរណ៍ត្រូវប្រើប្រាស់ភ្ងាក់ងារទេសចរណ៍ក្នុងស្រុក ឬក៏ស្នាក់នៅសណ្ឋាគារក្នុងតំបន់ ប៉ុន្តែភាពលម្អិតទៅលើយុទ្ធនាការណ៍មួយនេះកំពុងតែរៀបចំឡើងនៅឡើយ។

លោកស្រី Naomi Mano ប្រធាននិងជានាយកប្រតិបត្តិភ្ងាក់ងារទេសចរណ៍ Luxurique បានមានប្រសាសន៍ថាការជួយនេះគឺមានសារៈសំខាន់និងត្រូវបានទទួលស្វាគមន៍ បើទោះបីវាមិនទាន់ចេញជារូបរាងអំពីដំណើរការនិងភ្ញៀវទេសចរណ៍គោលដៅនៅឡើយ។

លោកស្រី Naomi មានប្រសាសន៍ថា៖ «វិធានការណ៍ក្នុងការបើកឲ្យប្រជាជនធ្វើដំណើរកម្សាន្តម្ដងទៀតនេះគឺជាការអភិវឌ្ឍដ៏វិជ្ជមាន ប៉ុន្តែគម្រោងកញ្ចប់ថវិការនេះនៅមានការភ័នច្រលំនៅឡើយនិងមិនទាន់ដឹងអំពីប្រជាជនគោលដៅនៅឡើយ»។ 

ក្នុងនោះដែរ លោកស្រី Noriko Takano ប្រធានភ្ងាក់ងារទេសចរណ៍អន្តរជាតិ Freya ( Fukuoka-based Freya International Tours) មានជំនឿជាវិជ្ជមានថាប្រជាជនជប៉ុននឹងអាចចាប់ផ្ដើមដើរកម្សាន្តឡើងវិញបានលឿនបំផុតនៅចុងខែមិថុនាខាងមុខ និងភ្ញៀវទេសចរណ៍បរទេសនឹងត្រលប់មកវិញក្នុងខែសីហា។ 

លោកស្រី Noriko មានជំនឿជាក់ថារដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទាក់ទាំញភ្ញៀវទេសចរណ៍បរទេសឲ្យបានឆាប់បំផុត បើទោះបីមានការប្រឆាំងនឹងការបើកឡើងវិញនេះក៏ដោយ»។

គួរបញ្ជាក់ផងដែរថា ក្នុងខែមេសា ជនបរទេសប្រមាណ ២ ៩០០នាក់បានទៅទស្សនាប្រទេសជប៉ុន ដែលនេះមានការធ្លាក់ចុះប្រមាណ ៩៩,៩ ភាគរយបើធៀបនឹងឆ្នាំមុន៕

X
5s