Google ​កំពុង​​ធ្វើឱ្យ​ Gmail ​កាន់តែ​មាន​សុវត្ថិភាព​ជាមួយ​មុខងារ Safe Browsing ប្រាប់​អ្នក​ឱ្យ​ដឹង​ថា អ៊ីមែល​ណា​គ្រោះថ្នាក់​



​ក្រុមហ៊ុន Google ពេល​នេះ​កំពុង​អភិវឌ្ឍ​សេវាកម្ម​ផ្ញើ​អ៊ីមែល Gmail របស់​ខ្លួន​ដោយ​រឹតបន្តឹង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ពី​មេរោគ​ដែល​បង្កប់​ខ្លួន​តាម​អ៊ីមែល​ផ្ញើ​ចូល Inbox។ ​មុខងារ​មួយ​ចំនួន​ត្រូវ​បាន​ឌីហ្សាញ ដើម្បី​ជួយ​ដល់​អ្នក​ប្រើ​ជាង ១ពាន់​លាន​នាក់​ដែល​កំពុង​ប្រើ Gmail ដើម្បី​ជៀសវាង​ការ​ចាញ់បោក​វិធីសាស្ត្រ​ចម្លង​មេរោគ​ដូចជា ​ phishing, malware និង malicious software ​ឱ្យ​មាន​សវត្ថិភាព​ខ្ពស់។ ​មុខងារ​ថ្មី​ដែល Google កំពុង​បង្កើត គឺ​នឹង​បញ្ជាក់​ប្រាប់​អ្នក​ប្រើ ប្រសិន​ពួក​គេ ​មាន​ការ​សង្ស័យ​ជា​ការ​ប៉ុនប៉ង​វាយប្រហារ​កុំព្យូទ័រ​របស់​អ្នក។ ​នេះ​ជា​បច្ចេកវិទ្យា Safe Browsing របស់ Google ដែល​បាន​ដាក់​ចេញ​ឱ្យ​ដំណើរការ​រយៈពេល ៨ឆ្នាំ​មក​ហើយ គឺ​វា​ផ្ដល់​ចេញ​នូវ​បញ្ជី URLs ដែល​មាន​ផ្ទុក​មេរោគ malware ឬ​មាតិកា​ប្រភេទ phising ​ពី​ប្រភព​វែបសាយ​ផ្សេងៗ។ ​មុខងារ​សុវត្ថិភាព​នេះ ឃើញ​មាន​នៅ​លើ​ផលិតផល Google ដូច​ជា Chrome, Android និង Ads។

2016-03-25-image

Safe Browsing ​ត្រូវ​បាន​បញ្ចូល​ឱ្យ​ប្រើ​នៅ​លើ Gmail ​ហើយ​វា នឹង​ប្រមាន​ប្រាប់​អ្នក​ប្រើ ប្រសិន​សារ​អេឡិចត្រូនិក​ណា​ដែល​ផ្ទុក​តំណភ្ជាប់ (link) ​អាច​បង្ក​គ្រោះថ្នាក់​នោះ។ ចាប់ពី​សប្ដាហ៍​នេះ Google នឹង​ធ្វើការ​កែលំអ​មុខងារ​រឹតតែ​មាន​ប្រសិទ្ធភាព​ដើម្បី​បញ្ជាក់​ដល់​អ្នក​ប្រើ​ឱ្យ​ប្រយ័ត្ន​មុខ​នឹង​សម្រេច​ចិត្ត​ចុច​លើ​តំណភ្ជាប់ (link)។ Google ​ដូច​ជា Facebook, Twitter និង Yahoo អីចឹង​ដែរ ដែល​បណ្ដា​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​នេះ តែងតែ​ធ្វើការ​ដាស់តឿន​ប្រាប់​អ្នក​ប្រើ​ទៅ​លើ​ចំណុច​សង្ស័យ​ផ្សេងៗ ដែល​អាច​ជា​វិធីសាស្ត្រ​របស់ Hacker មាន​បំណង​ប្រលែង​មេរោគ​ឱ្យ​ឆ្លង​ចូល​ម៉ាស៊ីន​អ្នក​ប្រើ។ មុខងារ​ដាស់តឿន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​នៅ​លើ​សេវាកម្ម Gmail តាំងពី​ឆ្នាំ២០១២ ប៉ុន្តែ​ពេល​នោះ វា​មាន​សមត្ថភាព​ដំណើរការ​បាន​តែ​ទៅ​លើ​អ្នក​ប្រើ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការ​ប្រមាណ​ប្រាប់​ឱ្យ​ប្រយ័ត្ន ​គឺ​មិន​ស្មើ​នឹង ០,១% ផង។ ដូច្នេះ​ឥឡូវ​នេះ ក្រុមហ៊ុន Google នឹង​ធ្វើការ​កែលំអ​ចំណុច​នេះ​ឡើង​វិញ ដើម្បី​ផ្ដល់​ជូន​សុវត្ថិភាព​ខ្ពស់​ទៅ​លើ​បណ្ដា​អ្នក​ប្រើ Gmail ទាំង​អស់៕