iPhone SE គ្រោងឯកសណ្ឋានថ្មីតម្លៃជាង ៧ម៉ឺនដុល្លារដោយសារមាសសុទ្ធ និងបង្កប់ដោយពេជ្រ
ប្រិយមិត្តជាច្រើនប្រហែលបានដឹងពីតម្លៃទូរស័ព្ទ iPhone SE ដែល Apple ទើបប្រកាសចេញនេះហើយ។ iPhone អេក្រង់ ៤អ៊ីញត្រូវបានផលិតឡើង ជាមួយតម្លៃដាក់លក់ទាបចាប់ពី ៤០០ដុល្លារប៉ុណ្ណោះ។ ចំណែកពេលនេះ លោកអ្នកអាចនឹងភ្ញាក់ផ្អើលជាមួយ iPhone SE ដែលស្រោបមាសនេះ គឺវាមានតម្លៃរហូតដល់ ៥៤៤០០ផោន ឬប្រហែល ៧៦៨៤០ដុល្លារ។
ហេតុផលធ្វើឱ្យ iPhone SE មានតម្លៃខ្លួនកប់ពពកនេះ គឺដោយសារវាត្រូវបានគេឌីហ្សាញ ដោយស្រោបមាសសុទ្ធ ២៤ការ៉ាត់ (មាសសុទ្ធ ១០០%) ពីក្រុមហ៊ុន Goldgenie។ សូមបញ្ជាក់ថា Goldgenie ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលតែងតែយកផលិតផលរបស់ Apple មករចនាស្រោបគ្រៀងអលង្ការមានតម្លៃ ទាំងមាស និងពេជ្រ។ ហើយ iPhone SE ក៏ជាផលិតផលមួយក្នុងចំណោមនោះផងដែរ ដែលត្រូវបានក្រុមហ៊ុនស្រោបមាស ២៤ការ៉ាត់ គឺជាមាសក្រហម និងប្លាទិន ហើយរំលេចដោយគ្រីស្តាល់ Swarovski នៅផ្នែកខាងក្រោយ និងជាច្រើនទៀត។
ទូរស័ព្ទ iPhone SE ស្រោបដោយមាសនេះ មានតម្លៃចាប់ពី ១៥០០ផោន (ប្រហែល ២១២០ដុល្លារ) ហើយម៉ូដែលថ្លៃបំផុតអាចរហូតដល់ ៥៤៤០០ផោន (ប្រហែល ៧៦៨៤០ដុល្លារអាមេរិក) ដែលបង្កប់ដោយពេជ្រចំនួន ៣៦៤គ្រាប់សរុប ៥,៥ការ៉ាត់៕