FB Messenger នឹងមានសមត្ថភាពលើសពីអាចវេរប្រាក់បាន ហើយនៅអាចទូទាត់ថ្លៃទំនិញបានទៀត!
Facebook បានដាក់ចេញមុខងារអាចឱ្យអ្នកផ្ញើប្រាក់ទៅកាន់ friends អ្នកបានតាមកម្មវិធី Messenger ប៉ុន្តែ បណ្ដាញទំនាក់ទំនងសង្គមពេលនេះ អាចមានមហិច្ឆិតាលើសពីនេះ ដោយនឹងធ្វើឱ្យកម្មវិធី Chat នេះ អាចទូទាត់ថ្លៃទំនិញសម្រាប់ការទិញពី Store បានថែមទៀត។
យោងតាមរបាយការណ៍ពីគេហទំព័រ Information ឱ្យដឹងថា ទីក្រុង Menlo Park កំពុងរៀបចំផ្ដល់នូវរបៀបថ្មីមួយទៀតសម្រាប់ការបង់ប្រាក់ថ្លៃទំនិញ។ ផ្អែកតាមភាសាកូដ សម្រាប់កម្មវិធី iOS ឱ្យដឹងថា Facebook កំពុងធ្វើការអភិវឌ្ឍមុខងារពិសេសនេះ សម្រាប់អ្នកប្រើកម្មវិធី Messenger ដើម្បីអាចបង់ថ្លៃទំនិញបាន។ គេហទំព័រ Information បានបញ្ជាក់ថា របៀបថ្មីនៃការទូទាត់ប្រាក់បែបនេះ នឹងអាចប្រកួតប្រជែងមុខងារបង់ប្រាក់ Apple Pay, Android Pay និងសេវាកម្មដទៃមួយចំនួនទៀត។
កូដរបស់កម្មវិធី Chat តាមទូរស័ព្ទដៃនេះ ក៏បានបង្ហាញចេញ នូវការបម្រុងទុករបស់ Facebook ក្នុងការដាក់ចេញមុខងារថ្មីៗជាច្រើនផងដែរ សម្រាប់ Messenger ជំនាន់ថ្មីខាងមុខ។ ក្នុងនោះនឹងមានមុខងារសន្ទនាសម្ងាត់ជាដើម ពោលគឺវានឹងធ្វើការ encrypted រាល់ chat ដូចជាកម្មវិធី WhatsApp និង កម្មវិធីផ្សេងៗទៀត។
Facebook ទំនងថែមទាំងចង់ធ្វើឱ្យ Messenger ដើរតួជាសំខាន់សម្រាប់បម្រើដល់ការរស់នៅរៀងរាល់ថ្ងៃរបស់អ្នកប្រើ។ គេហទំព័រ The Information ថែមទាំងបានបង្ហាញប្រភពកូដ (source code) ដែលឃើញមានមុខងារ syncing calendar, sharing quote ពីអត្ថបទ និង beaming News Feed-style status update៕