ប្រុងប្រយ័ត្ន! មេរោគទូរស័ព្ទ Android ថ្មីនេះ ឆ្លងចូលទូរស័ព្ទរបស់អ្នក
យើងធ្លាប់តែឃើញមេរោគ malware នៅលើប្រព័ន្ធប្រតិបត្តិការ Android មានលទ្ធភាពអាចលួចយករូបថត និងវីដេអូដើម្បីជាថ្នូរជាប្រយោជន៍ចំពោះម្ចាស់ទូរស័ព្ទ ហើយមេរោគខ្លះទៀតអាចបញ្ឈប់ដំណើរការ (shutdown process) របស់ទូរស័ព្ទ និងលួចយកទិន្នន័យសម្ងាត់ពីទូរស័ព្ទ ដោយធ្វើឲ្យអេក្រង់ទូរស័ព្ទរលត់ដូចពេលដាក់ sleep អីចឹង។ ប៉ុន្តែមេរោគ malware ថ្មីនេះ កាន់តែសាហាវជាងមេរោគខាងលើទៅទៀត ព្រោះពិបាកលុប រហូតដល់ក្រុមហ៊ុនផ្ដល់សុវត្ថិភាពចំពោះឧបករណ៍ចល័ត Lookout បានព្រមានថា បើឆ្លងហើយ យល់ល្អទិញទូរស័ព្ទថ្មីតែម្ដង។
ក្រុមអ្នកស្រាវជ្រាវរបស់ Lookout បានរកឃើញតំណាង (sample) ប្រមាណ ២ម៉ឺននៃបណ្ដុំមេរោគ malware ចំនួន៣ ដែលមានឈ្មោះ Shedun, Shuanet និង ShiftyBug ដែលចែកចាយកូដដដែលៗជាច្រើន និងស្នៀតស្រដៀងគ្នា ដើម្បីបើកការវាយប្រហារចំពោះទូរស័ព្ទអ្នកប្រើ។ នៅពេលណាមេរោគឆ្លងចូល ដែលភាគច្រើនឆ្លងតាមប្រភេទកម្មវិធី third-party app នោះកម្មវិធីទាំងនោះ នឹងរូត (root) ធ្វើឲ្យទូរស័ព្ទជួបបញ្ហាក្នុងរូបភាពផ្សេងៗគ្នា។ មេរោគនេះ នឹងចម្លងខ្លួនវាទៅកាន់សេវាថ្នាក់ប្រព័ន្ធ (system-level service) តែអាចបំភាន់មិនឱ្យមើលដឹងជាមេរោគ ដោយក្លែងជាកម្មវិធីទូរស័ព្ទកំពុងពេញនិយមមួយចំនួន ក្នុងនោះក៏មាន Facebook, Candy Crush, Twitter, Snapchat, WhatsApp និងកម្មវិធីផ្សេងៗទៀត។
បញ្ហាធ្ងន់ គឺទៅលើឧបករណ៍ដែលបាន root ដោយមេរោគនេះ អាចត្រូវបានប្រើសម្រាប់ពង្រាយបន្តមេរោគជាច្រើនទៀត ជាពពួក adware និង malware នៅលើឧបករណ៍។ កាន់តែគ្រោះថ្នាក់នោះ មេរោគនេះថែមទាំងមានសមត្ថភាពអាចលួចយកទាំងព័ត៌មានឯកជន និងព័ត៌មានផ្នែកសុវត្ថិភាពអនឡាញ ដែលឈានទៅដល់ការលួចព័ត៌មានពាក់ព័ន្ធហិរញ្ញវត្ថុថែមទៀត។ ក្រុមហ៊ុនផ្ដល់សុវត្ថិភាពលើឧបករណ៍ចល័តរបស់អាមេរិក LookOut នេះ បាននិយាយថា មេរោគ malware ប្រភេទនេះ ពិតជាមានការពិបាកក្នុងការលុបចេញពីទូរស័ព្ទខ្លាំងណាស់។ «ប្រសិនឆ្លងមេរោគ Shedun, Shuanet និង ShiftyBug ចូលទូរស័ព្ទ យល់ល្អគួរតែទិញទូរស័ព្ទថ្មីប្រើវិញទៅ»។
នេះជាការលើកឡើងរបស់ប្រធានស្រាវជ្រាវសុវត្ថិភាពរបស់ LookOut លោក Michael Bentley។ លោកបន្តថា ការធ្វើ factory reset លើឧបករណ៍ដែលរងការវាយប្រហារដោយមេរោគនេះ គឺនៅតែមិនអាចលុប malware ដ៏សាហាវនេះបាននោះទេ។ ក្រុមហ៊ុន LookOut ឱ្យដឹងថា ម្ចាស់ទូរស័ព្ទដែលរងគ្រោះដោយសារមេរោគ malware នេះ ភាគច្រើនជាអ្នកនៅអាមេរិក និងអាល្លឺម៉ង់ ដោយសារគេលេងកម្មវិធីប្រភេទ third-party app ច្រើន។ ដូច្នេះប្រសិនលោកអ្នកមានទូរស័ព្ទ Android ប្រើគួរជៀសវាងចូលទៅ third-party app store ផ្ដេសផ្ដាស ពោលគឺធ្វើការដំឡើងកម្មវិធីតែពីក្នុង Google Play បានហើយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ mashable