Apple ​កំពុង​ប្រឈម​បញ្ហា​នៅ​ឥណ្ឌា ដោយ​រង​ប្រតិកម្ម​ប្រឆាំង​គម្រោង​លក់ iPhone ជជុះ ​ពី​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ឥណ្ឌា​​



ក្រុមហ៊ុន Apple ​កំពុង​មាន​គម្រោង​រៀបចំ​លក់​ទូរស័ព្ទ iPhone ​ប្រើ​ហើយ (មួយ​ទឹក) ​នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា បើ​ទោះបី​ក្រុមហ៊ុន​អាមេរិក​នេះ​កំពុង​ត្រូវ​បាន​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ឥណ្ឌា​មួយ​ចំនួន​ប្រឆាំង​នឹង​គម្រោង​ក៏​ដោយ។ ក្រុមហ៊ុន Apple កំពុង​ស្វែងរក​ការ​អនុញ្ញាត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​លក់ iPhone មួយ​ទឹក ​ប្រសិន​ការ​អនុញ្ញាត​នេះ ត្រូវ​បាន​ផ្ដល់​ឱ្យ នោះ​ Apple ​នឹង​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​គម្រោង​នេះ។ ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ​ចំនួន​នៅ​ឥណ្ឌា ​កំពុង​ព្យាយាម​បំបិទ​ក្រុមហ៊ុន Apple ​មិន​ឱ្យ Apple ​នាំ​ចូល និង​លក់ iPhone ​ជជុះ​ឡើយ ខណៈ​ដែល​គេ​ជឿ​ថា វា​អាច​ប៉ះពាល់​ដល់​ទីផ្សារ​ផលិតផល​ក្នុង​ស្រុក​បាន។ ឥណ្ឌា​មាន​កម្មវិធី​មួយ​ហៅ​ថា Make in India ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកស្ទួយ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ផលិតផល​ដទៃ​ទៀត។ ប្រធាន​ក្រុមហ៊ុន​ទូរស័ព្ទ​ឥណ្ឌា Karbonn Mobile ​លោក Sudhir Hasija ​បាន​ឱ្យ​ដឹង​ថា តាមរយៈ​កម្មវិធី​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក ក្រុមហ៊ុន​អាច​លក់​ទូរស័ព្ទ​បាន​រហូ​ដល់ ១,៧លាន​គ្រឿង​ក្នុង​មួយ​ខែ។ សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ២០១៥ ​ក្រុមហ៊ុន Apple ​បាន​ស្នើ​សុំ នាំ​ចូល​ផលិតផល​ជជុះ​របស់​ខ្លួន​ចូល​ទៅ​ទីផ្សារ​ឥណ្ឌា ​ទោះបី​ត្រូវ​បាន​ច្រានចោល​ក៏​ដោយ ប៉ុន្តែ​រឿង​លើក​នេះ​អាច​មិន​ដូច​គ្នា​ទេ។ ឥណ្ឌា​ត្រូវ​បាន​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ​លើ​លោក សម្លឹង​ឃើញ​ជា​ទីផ្សារ​ដ៏​ធំ ហើយ Apple ក៏​ដូច​គ្នា កំពុង​ត្រៀម​បើក​ហាង​លក់​រាយ (Store) ​នៅ​ក្នុង​ប្រទេស​នេះ ​ដើម្បី​លក់​ផលិតផល​ប្រើ​ហើយ (មួយ​ទឹក) និង​ផលិតផល​ថ្មីៗ ដែល​អាច​លក់​ក្នុង​តម្លៃ​មួយ​សមរម្យ​ស្រប​តាម​កម្រិត​ជីវភាព​ប្រជាជន​ឥណ្ឌា​ភាគច្រើន។ បច្ចុប្បន្ន​ក្រុមហ៊ុន Apple ​មាន​ចំណែកទីផ្សារ​នៅ​ឥណ្ឌា​តិច​ណាស់ គឺ​មិន​ដល់ ២% ផង​ទេ ដូច្នេះ​ក្រុមហ៊ុន​អាច​ព្យាយាម​រិះរក​គ្រប់​វិធីសាស្ត្រ​ដើម្បី​បុក​ចូល​ទីផ្សារ​ដ៏​ធំ​នេះ ជាមួយ​តម្លៃ​ផលិតផល​ត្រឹមតែ​ស្មើ ឬ​តិច​ជា ១៥០ដុល្លារ​អាមេរិក៕