Apple មិនទាន់អាចស្ដារចំណែកទីផ្សារ iPhone ធ្លាក់ចុះនៅក្នុងឆ្នាំ២០១៦ ឡើយ
តាមការវិភាគទៅលើរាសីរបស់ Apple ដោយអ្នកវិភាគមកពីក្រុមហ៊ុន KGI លោក Ming-Chi Kuo ឱ្យដឹងថា ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នឹងនៅតែបន្តធ្លាក់ចុះក្នុងឆ្នាំ២០១៦ នេះ។ តួលេខលក់ iPhone សរុបប្រចាំឆ្នាំដាំក្បាលចុះមិនដល់ ២០០លានគ្រឿងឡើយ។
លោក Ming-Chi Kuo បានព្យាករថា ក្រុមហ៊ុន Apple នឹងមិនទាន់អាចស្ដារចំណែកទីផ្សារលក់ស្មាតហ្វូនបាននៅឡើយ ទោះបី iPhone 7 និង 7 Plus បង្ហាញខ្លួនលើទីផ្សារក៏ដោយ ពោលស្មាតហ្វូនថ្មីនឹងលក់បានតិចជាង iPhone ជំនាន់មុនទៅទៀត។ លទ្ធផលនៃតួលេខលក់ iPhone 6s និង 6s Plus ធ្លាក់ចុះនេះ គឺអាចសបញ្ជាក់ឱ្យដឹងថា តម្រូវការផ្លាស់ប្ដូរម៉ាកទូរស័ព្ទកើនឡើង ខណៈនៅតាមទីផ្សារអភិវឌ្ឍមួយចំនួន ត្រូវប៉ាន់តែជាមួយផលិតផលតម្លៃធូរថ្លៃប៉ុណ្ណោះ។
របាយការណ៍កន្លងទៅបានឱ្យដឹងពីលក្ខណសម្បត្តិខ្លះជុំវិញ iPhone 7 ថា នឹងមានកាមេរ៉ាក្រោយដល់ទៅ២ (dual-camera)។ យោងតាមការស្រាវជ្រាវរបស់ KGI ឱ្យដឹងថា iPhone SE ទទួលបានការបញ្ជាទិញ ៣,៤លានគ្រឿងនៅក្នុងប្រទេសចិន ប៉ុន្តែមិនប្រាកដថា វាជាតួលេខសុទ្ធដែលអតិថិជននឹងទិញប្រើ ១០០% នោះឡើយ៕