iPhone 7 / 7 Plus ដែលចេញនៅខែកញ្ញាខាងមុខ នឹងមានកម្រាស់ស្ដើងជាង និងស្រាលជាង iPhone 6S
ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone 7 និង 7 Plus ជំនាន់ថ្មីនៅអំឡុងខែកញ្ញា ហើយយើងក៏ធ្លាប់បានលេចឮព័ត៌មានអំពីលក្ខណសម្បត្តិ និងការរចនាខ្លះកន្លងមក។ ចំណែកបើយោងតាមរបាយការណ៍ថ្មីចុងក្រោយនេះ ឱ្យដឹងមកថាទូរស័ព្ទ iPhone 7 និង 7 Plus របស់ Apple នឹងមានកម្រាស់ស្ដើងជាងមុន ហើយស្រាលជាង iPhone 6S និង 6S Plus ទៅទៀត។
iPhone ជំនាន់ទី១០ ទាំងពីរនឹងមានថាមពលថ្មខ្ពស់ជាង iPhone ជំនាន់បច្ចុប្បន្ន ហើយនឹងមានការវេចខ្ចប់តាមស្តង់ដារបច្ចេកវិទ្យាខ្ពស់ បំពាក់ឈីប RF នៅលើ iPhone 7 ដែលនឹងធ្វើឲ្យកម្រាស់របស់វា ស្ដើងជាងមុន និងស្រាលជាងមុន។ iPhone 7 ថ្មីទាំងពីរ នឹងត្រូវក្រុមហ៊ុនដកចោលរន្ធកាស ៣,៥មិល្លីម៉ែត្រ ជំនួសមកវិញនូវរន្ធ lightning ហើយអាចប្រើទាំងដោតកាស និងសាកថ្ម។
iPhone 7/7 Plus ត្រូវគេរំពឹងថា នឹងបំពាក់ឈីប Apple A10 ហើយនឹងមាន RAM ទំហំ 3GB ឬអាចដល់ 4GB គឺធំជាង iPhone 6s/6s Plus ដែលមានត្រឹម 2GB។ គេរំពឹងថា Apple នឹងប្រកាសចេញ iPhone 7 និង 7 Plus នៅខែកញ្ញាខាងមុខ៕