Amazon និង Microsoft សហការគ្នាវិនិយោគបច្ចេកវិទ្យាផែនទី Here ទុកបំពាក់លើរថយន្តស្វ័យប្រវត្តិ (self-driving)
ព័ត៌មានបានចេញផ្សាយកាលពីសប្ដាហ៍មុន ឱ្យដឹងថា ក្រុមហ៊ុន Amazon និង Microsoft ទាំងពីរកំពុងពិចារណាទទួលយកការអភិវឌ្ឍបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរួមគ្នា គឺពុំមែនជាព័ត៌មានបោកក្នុងថ្ងៃ April Fools ឡើយ។ មកដល់សប្ដាហ៍នេះ ក្រុមហ៊ុនផលិតគ្រឿងយន្តដំណើរការស្វ័យប្រវត្តិរបស់អាល្លឺម៉ង់ Daimler និងជាម្ចាស់ក្ដោបក្ដាប់ក្រុមហ៊ុន Mercedes-Benz ផងនោះ បានអះអាងប្រាប់ព្រឹត្តិបត្រព័ត៌មាន Wall Street ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរបាន ព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍបច្ចេកវិទ្យាផែនទីសម្រាប់បំពាក់លើរថយន្តស្វ័យប្រវត្តិពិតមែន។
សេវាកម្មផែនទី Here ត្រូវបានទិញយកដោយក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយចំនួនក្នុងនោះមានក្រុមហ៊ុន BMW, Audi និង Mercedes ក្នុងទំហំទឹកប្រាក់ ២,៨ពាន់លានអឺរ៉ូ ឬប្រហែលក្រោម ៣ពាន់លានដុល្លារអាមេរិកបន្តិច។ សមាជិកក្រុមក្រុមប្រឹក្សាភិបាលម្នាក់នៅក្រុមហ៊ុន Daimler បានអះអាងថា ក្រុមហ៊ុនទាំងពីរគឺ Amazon និង Microsoft បានចាប់អារម្មណ៍លើការផ្ដល់ជូនសេវាកម្ម Cloud Computing សម្រាប់រក្សាទុកទិន្នន័យបានពីការប្រមូលដោយសេនសឺររបស់សេវាកម្ម Here ទុកបំពាក់លើរថយន្តបើកបរស្វ័យប្រវត្តិ។
លោក Thomas Weber សមាជិកម្នាក់ក្នុងក្រុមប្រឹក្សាភិបាលរបស់ Daimler បានលើកឡើងដូច្នេះថា៖ «យើងកំពុងពិភាក្សាជាមួយ Amazon, Microsoft និងបណ្ដាក្រុមហ៊ុនរថយន្តជាច្រើនទៀត»។ «យើងចង់ឱ្យក្រុមហ៊ុនផ្ដល់សេវាកម្ម Cloud សហការនឹងយើងដើម្បីនាំយកបច្ចេកវិទ្យាផែនទីមកបំពាក់លើរថយន្តស្វ័យប្រវត្តិ»។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Google ធ្វើបានយ៉ាងល្អជាមួយគម្រោងរថយន្ត Self-driving របស់ខ្លួន ដោយកំពុងដាក់ឱ្យធ្វើតេស្តរថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួនអស់ចម្ងាយរាប់លានម៉ាយល៍មកហើយ។ ចំណែក GM និង Lyft ក៏កំពុងធ្វើការជាមួយគ្នាលើការបង្កើតស៊េរីរថយន្តស្វ័យប្រវត្តិផងដែរ ស្របទៅតាមតម្រូវការទីផ្សាររថយន្ត។ ហើយក៏នៅមានវត្តមានក្រុមហ៊ុនមួយចំនួនទៀតកំពុងស្រាវជ្រាវប្រភេទរថយន្តអូតូនេះដូចជា Tesla និងក្រុមហ៊ុនរថយន្ត Ford ជាដើម៕