Apple ​​នឹង​អាច​លក់ iPhone សរុប​តាំង​ពី​ ២០០៧ ដល់​ឆ្នាំ​នេះ ដាច់​បាន ១ពាន់​លាន​គ្រឿង ​ហើយ​​នឹង​កើន​ដល់ ២ពាន់​លាន​គ្រឿងនៅ​២០២០​



ត្រឡប់​ទៅ​កាន់​អតីតកាល​កាលពី​ឆ្នាំ២០០៧ ដែល​លោក Steve Jobs ​ប្រកាស​ចេញ iPhone ជំនាន់​ទី១ មាន​ការ​ប៉ាន់ស្មាន​ថា ក្រុមហ៊ុន Apple នឹង​មាន​មហិច្ឆតា​លក់​ទូរស័ព្ទ iPhone ឱ្យ​បាន ១ពាន់​លាន​គ្រឿង​នៅ​ពេល​អនាគត ប៉ុន្តែ​ទើបតែ​ឆ្នាំ​នេះ​ទេ ដែល​មាន​សញ្ញាណ​ប្រាប់​ថា Apple នឹង​សម្រេច​គោលដៅ។ នៅ​ត្រឹម​ចុង​ឆ្នាំ២០១៥ កន្លង​ទៅ Apple បាន​លក់​ចេញ​ iPhone ​សរុប​ប្រមាណ ៨៩៦លាន​គ្រឿង។ ក្រុមហ៊ុន​ទូរស័ព្ទ​ល្បី​ឈ្មោះ​អាមេរិក នឹង​បញ្ចេញ​របាយការណ៍​ស្ដីពី​លទ្ធផល​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ទី២៥ ខែ​មេសា នេះ ហើយ​គេ​រំពឹង​តួលេខ​នឹង​បន្ត​កើន ៥០លាន​គ្រឿង​ទៀត ដែល​នាំ​ឱ្យ​តួលេខ​កាន់តែ​ខិត​ជិត ១ពាន់​លាន​គ្រឿង។

iphone-6s151

នេះ​បញ្ជាក់​ថា ២០១៦ នឹង​ជា​ឆ្នាំ​ដែល Apple អាច​សម្រេច​តួលេខ​លក់​ទូរស័ព្ទ iPhone បាន​ដល់ ១ពាន់​លាន​គ្រឿង ខណៈ​ដែល​របាយការណ៍​ត្រឹម​ខែ​បួន មាន​តួលេខ​លក់​សរុប​រហូត​ដល់ ៩៤៦លាន​គ្រឿង​ទៅ​ហើយ​នោះ ហើយ​បើ​បូក​បញ្ចូល​ខែ​ដែល​នៅ​សល់​ក្នុង​ឆ្នាំ​នេះ​ទៀត គេ​ជឿជាក់​ថា Apple ប្រាកដ​ជា​អាច​ធ្វើ​បាន​ក្នុង​ចំនួន ១ពាន់​លាន​គ្រឿង។

Untitled-3

បើ​យោង​តាម​ការ​វិភាគ​មួយ​ចំនួន​ថា Apple អាច​បំបែក​កំណត់ត្រា​លក់ iPhone បាន​ដល់ ១ពាន់​លាន​គ្រឿង​នៅ​ត្រឹម​ខែ​កក្កដា។ iPhone គឺ​ជាំ​ផលិតផល​ដ៏​ជោគជ័យ​បំផុត​របស់ Apple ក្នុង​ពេល​បច្ចុប្បន្ន ដែល​ក្រុមហ៊ុន​អាច​លក់​ដាច់​ច្រើន​ជាង iPad, iPods និង​កុំព្យូទ័រ​ស៊េរី Mac ​ព្រមទាំង​នាឡិកា Apple Watch ទៅ​ទៀត។ តួលេខ​នឹង​បន្ត​កើនឡើង​ដល់ ២ពាន់​លាន​គ្រឿង​នៅ​ត្រឹម​ឆ្នាំ២០២០៕