សេចក្ដីរាយការណ៍៖ Galaxy Note 6 នឹងចេញនៅខែកក្កដា ដំណើរការដោយ Android N ពីប្រអប់
Galaxy Note ត្រូវក្រុមហ៊ុន Samsung ប្រកាសចេញអំឡុងខែសីហា ឆ្នាំ២០១៥ ដែលវាជាប្រភេទឧបករណ៍ស្មាតហ្វូនកាន់ថេប្លេត ឬហៅថា ផេប្លេត Android កំពូលមួយ។ ចំណែកពេលនេះគេទទួលបានរបាយការណ៍មកថា Galaxy Note ជំនាន់ថ្មីមួយទៀតគឺ Note 6 នឹងបង្ហាញខ្លួនអមដោយលក្ខណសម្បត្តិកាន់តែល្អជាងមុន អាចត្រូវវែកមុខនៅខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។
យោងតាមរបាយការណ៍ពីគេហទំព័រកូរ៉េឱ្យដឹងថា Samsung មានគម្រោងប្រកាសចេញ Galaxy Note 6 នៅអំឡុងពាក់កណ្ដាលខែកក្កដា (ប្រហែលមិនដល់ ៤ខែទៀតឡើយ)។ ប្រភពដដែលអះអាងថា Note ថ្មីនឹងមានកូដ Grace ដំណើរការដោយ Android N ពីប្រអប់តែម្ដង ដែលមានន័យថា Google គួរតែបញ្ចេញជំនាន់ចុងក្រោយផ្លូវការនៃ OS ថ្មីនេះឱ្យបានមុនគឺយ៉ាងយូរនៅដើមខែកក្កដា ខណៈ បច្ចុប្បន្ន Android N ស្ថិតក្នុងដំណាក់កាលធ្វើតេស្តប្រើសាកល្បងប៉ុណ្ណោះ។
ទោះជាយ៉ាងណា វែបសាយកូរ៉េខាងលើមិនបានទម្លាយចេញព័ត៌មានច្រើនជាងនេះឡើយ។ តាមរបាយការណ៍កន្លងមកលើកឡើងថា Galaxy Note 6 អាចមានអេក្រង់ ៥,៨អ៊ីញធំជាង Note 5 ដែលទំហំ ៥,៧អ៊ីញតែបន្តិច និងភ្ជាប់ជាមួយប៊ិច S Pen ដូចសព្វដង ហើយមាន RAM រហូតដល់ 6GB, កាមេរ៉ាក្រោយ 12MP ដូច Galaxy S7 និង S7 edge។ មេម៉ូរីផេប្លេតថ្មី Note នេះនឹងមានពីរជម្រើសគឺទំហំ 128GB និង 256GB។
រង់ចាំមើលថា តើ Note 6 នឹងកាន់តែទំនើបជាង Note 5 យ៉ាងណាខ្លះ? ហើយតើមានម៉ូដែលអេក្រង់កោងដែរឬទេ?