Apple កំពុង​ស៊ើបអង្កេត​មើល​ថា តើ iPhone SE ពិត​ជា​មាន​បញ្ហា​ប្រព័ន្ធ​សំឡេង (Audio) ​អន់គុណភាព​​ពេល​ភ្ជាប់​តាម Bluetooth មែន​ឬ​អត់​



ថ្មីៗ​នេះ​មាន​ការ​ត្អូញត្អែរ​ពី​អតិថិជន​បង្ហោះ​ឡើង​នៅ​លើ​វែបសាយ​បញ្ចេញ​មតិ​របស់ Apple ថា ទូរស័ព្ទ iPhone SE មាន​បញ្ហា​មួយ​ទាក់ទង​នឹង​គុណភាព​សំឡេង (អូឌីយូ) ពេល​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​បន្សំ (accessories) ​តាម Bluetooth។

iPhone-SE-bluetooth

មតិ​របស់​អតិថិជន​ក៏​បាន​លើកឡើង​ថា បញ្ហា​មិន​មែន​កើត​តែ​នៅ​លើ​ការ​ភ្ជាប់​តាម Bluetooth នោះ​ទេ គឺ​សូម្បីតែ​ដោត​ខ្សែ​តាម​រន្ធ​កាស​ផ្ទាល់​ក៏​មាន​បញ្ហា​សំឡេង​អន់​គុណភាព​ដែរ។ បញ្ហា​ដែល​ត្រូវ​គេ​រក​ឃើញ​គឺ​នៅ​ពេល​គេ​ភ្ជាប់​ទូរស័ព្ទ iPhone SE ​ជាមួយ​នឹង​ឧបករណ៍​បំពងសម្លេង (speaker) ក្នុង​រថយន្ត​តាម Bluetooth។ សំឡេង​អន់​គុណភាព​ត្រូវ​គេ​រាយការណ៍​ថា វា​មាន​លក្ខណៈ​ដូច​ជា​សំឡេង​កង់ ឬ​ស្រដៀង​មនុស្ស​យន្ត (រ៉ូបូត) ​និង​ខូច​ទ្រង់ទ្រាយ​សំឡេង នៅ​ពេល​ខល​ទូរស័ព្ទ ប្រព័ន្ធ​មុខងារ​សំឡេង​នៅ​លើ GPS និង​មុខងារ​ខល​វីដេអូ FaceTime ក៏​ដូច​គ្នា ប៉ុន្តែ​សេវាកម្ម​តន្ត្រី​អនឡាញ (streaming music) ពុំ​ជះ​ឥទ្ធិពល​ឡើយ។ ពេល​នេះ​ក្រុម​បច្ចេកទេស​របស់ Apple កំពុង​ស៊ើបអង្កេត​ស្វែងរក​បញ្ហា​ដែល​អតិថិជន​បាន​រាយការណ៍​ខាង​លើ និង​ដើម្បី​ប្រញាប់​ដោះស្រាយ​ជូន​អតិថិជន។ សូម​បញ្ជាក់​ថា បញ្ហា​នេះ​ វា​មាន​លក្ខណៈ​ស្រដៀង​នឹង​បញ្ហា​ដែល​បាន​កើន​មាន​ក្នុង​ខែ​តុលា ឆ្នាំ២០១៤ ​គឺ​ទៅ​លើ​តំណភ្ជាប់ Bluetooth ជាមួយ​ប្រព័ន្ធ​អូឌីយូ​រថយន្ត​ដោយ​ប្រើ iPhone ដែរ ក្រោយ​ពី​បាន​អាប់ដេត​ប្រព័ន្ធ​ទៅ iOS 8។ យ៉ាងណា​ក្រោយ​ពេល​បញ្ចេញ iOS 8.1 បញ្ហា​ក៏​ត្រូវ​បាន​ដោះស្រាយ​វិញ៕