កំពូលទូរស័ព្ទ iPhone 7s ដែលចេញនៅឆ្នាំ២០១៧ នឹងត្រូវផលិតស្រោបដោយកញ្ចក់ទាំងស្រុង
តាមសេចក្ដីរាយការណ៍ពីគេហទំព័រ 9to5Mac ឱ្យដឹងក្ដៅៗមកថា ទូរស័ព្ទស្មាតហ្វូនទំនើបរបស់ Apple ដែលនឹងចេញក្នុងឆ្នាំ២០១៧ ខាងមុខគឺ iPhone 7s នឹងត្រូវបានស្រោបដោយកញ្ចក់ទាំងស្រុង ធ្វើឲ្យវារឹតតែទំនើបទាន់សម័យជាងមុន។
សូមបញ្ជាក់ថា គំនិតរចនា iPhone ស្រោបកញ្ចក់នេះ ត្រូវបានយកទៅប្រើនៅលើចាប់តាំងពីជំនាន់ iPhone 4 មកហើយ ដែលផ្នែកខាងមុខ និងខាងក្រោយរបស់វា ស្រោបដោយកញ្ចក់ ផ្ដល់ភាពថ្មីយូរអង្វែង។ ចំណែកចចាមអារ៉ាមចុងក្រោយនេះ បានលើកឡើងថា Apple អាចនឹងរចនាស្ទីលប្រើកញ្ចក់ទាំងស្រុងនៅលើតួខ្លួនរបស់ iPhone 7s ដែលចេញនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណា ការផលិតទូរស័ព្ទស្រោបដោយកញ្ចក់បែបនេះ វាមានហានិភ័យខ្ពស់លើការជ្រុះ ព្រោះងាយនឹងប្រេះស្រាំ ឬបែកសាច់កញ្ចក់ដែលស្រោបពីក្រៅនោះ។
អ្នកវិភាគជំនាញលោក Ming-Chi Kuo នៅក្រុមហ៊ុន KGI ដែលទស្សន៍ទាយឆុតទៅលើសមិទ្ធផលថ្មីៗជាច្រើនរបស់ Apple បានរំពឹងថា iPhone ដែលមានការរចនាថ្មីសន្លាងខុសប្លែកមុខ នឹងមិនទាន់បង្ហាញខ្លួនក្នុងឆ្នាំ២០១៦ នេះនៅឡើយទេ តែគឺនឹងចេញនៅឆ្នាំក្រោយនៅលើ iPhone 7s។ លោក Kuo មានប្រសាសន៍ថា គឺនៅពេលដែល Apple ផ្លាស់ប្ដូរការឌីហ្សាញដូចនៅលើ iPhone 4 ដែលមានកញ្ចក់គ្របលើផ្នែកទាំងអស់ ហើយនឹងបំពាក់ដោយអេក្រង់ AMOLED៕