Apple យល់ព្រមសងប្រាក់ជំងឺចិត្ត ២៤,៩លានដុល្លារដោយសាររំលោភលើប៉ាតង់ Siri របស់វិទ្យាស្ថានអាមេរិកមួយ
ក្រុមហ៊ុន Apple បានយល់ព្រមសងជំងឺចិត្តជាទឹកប្រាក់ប្រមាណ ២៤,៩លានដុល្លារអាមេរិក ក្នុងករណីជម្លោះប៉ាតង់ពាក់ព័ន្ធបច្ចេកវិទ្យា Siri។ រឿងក្ដីនេះ ត្រូវបានប្ដឹងដោយក្រុមហ៊ុនមួយមានឈ្មោះ Dynamic Advance ដោយបានចោទថា មុខងារ Siri របស់ Apple បានរំលោភលើកម្មសិទ្ធិបញ្ញារបស់វិទ្យាស្ថានក្នុងស្រុក (អាមេរិក) គឺ Rensselaer Polytechnic។
ប៉ាតង់កម្មវិធីរបស់វិទ្យាស្ថាន Resselaer ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញាក្នុងឆ្នាំ២០០៧ ដែលមានរយៈពេលមុន មុខងារ Siri លេចរូបប៉ុន្មានឆ្នាំឯណោះ ហើយក្រុមហ៊ុន Dynamic Advance គឺជាអ្នកកាន់កាប់កម្មសិទ្ធិបញ្ញានេះ។ បណ្ដឹងនេះ មានការគាំទ្រ នឹងត្រូវធ្វើការវិនិច្ឆ័យនៅខែក្រោយ ប៉ុន្តែលក្ខខណ្ឌសងប្រាក់ជំងឺចិត្ត តម្រូវឱ្យដើមបណ្ដឹងយល់ព្រមចាញ់ក្ដីទាំងស្រុងជាមុនសិន។
នៅក្នុងទឹកប្រាក់ទូទាត់សំណង ២៤,៩លានដុល្លារនេះ ក្រុមហ៊ុន Apple នឹងត្រូវបានអនុញ្ញាតឱ្យបន្តផលិតឧបករណ៍អមដោយមុខងារ Siri ដដែល ហើយមានការធានាថា នឹងមិនមានការប្ដឹងប្ដល់មកលើខ្លួនទៀតនោះទេ […] យ៉ាងហោចក៏មានរយៈពេល ៣ឆ្នាំទៅមុខ។
Dynamic Advance នឹងទទួលបានទឹកប្រាក់ ៥លានដុល្លារភ្លាម នៅពេលករណីប្ដឹងផ្ដល់ត្រូវបានបញ្ចប់។ គេរំពឹងថា ទឹកប្រាក់សងជំងឺដែល Apple យល់ព្រមចំនួន ពាក់កណ្ដាល នឹងត្រូវបង់ទៅឱ្យវិទ្យាស្ថាន Rensselaer, ក្រុមមេធាវី និងបណ្ដាអង្គភាពផ្សេងទៀតដែលបានចូលរួមក្នុងករណីនេះ៕