ដំណឹងល្អ! Facebook កំពុងពិចារណា ផ្ដល់អត្ថប្រយោជន៍ឱ្យអ្នកលេង អាចរកប្រាក់ពីការបង្ហោះ (Post)!
ក្រុមហ៊ុន Facebook ថ្មីៗនេះត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកវិធីសាស្ត្រខុសគ្នាមួយចំនួន ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លួន អាចបង្កើតប្រាក់ចំណូលបានពីការបង្ហោះ (Post)។ យោងតាមរបាយការណ៍ពីគេហទំព័រ TheVerge ឱ្យដឹងថា បណ្ដាញសង្គមយក្សនេះ កំពុងពិចារណា ណែនាំនូវរបៀបថ្មីមួយ ដោយផ្ដល់ប្រាក់លើកទឹកចិត្តឱ្យអ្នកលេង (User) ឬទំព័រ (Page) ដែលបានបង្ហោះមាតិកា។
ព័ត៌មាននេះ បានលេចចេញពីរបាយការណ៍ស្រង់ស្ថិតិពីអ្នកប្រើថ្មីមួយរូប ដែលបានផ្ញើដោយក្រុមហ៊ុន Facebook។ នៅក្នុងនោះ ក្រុមហ៊ុនបានធ្វើការជ្រើសរើសសមាជិកមួយចំនួន ដែលពួកគេមានទំនោរលើវិធីសាស្ត្រថ្មី ក្នុងការផ្ដល់ប្រាក់ទៅនរណាផ្សេងៗ ឬបរិច្ចាគប្រាក់ក្នុងបុព្វហេតុទង្វើសប្បុរសធម៌។
លើសពីនេះ ក្រុមហ៊ុន Facebook បានដាក់ចេញនូវសំណើផ្សេងទៀត សម្រាប់ការរកប្រាក់ពីការបង្ហោះ (Post)។ ក្នុងនោះរួមទាំងការ ទទួលបានចំណែកនៃប្រាក់ចំណូលដែលបង្កើតពីការផ្សព្វផ្សាយមាតិកា (ads in post) ក៏ដូចជា មុខងារ “call to action” ដែលអាចឱ្យ Post មាននូវប៊ូតុង (button) ចុចមួយ ដូចជា “buy tickets” បង្កប់ក្នុងប៊ូតុងនោះ ផ្សាយពីមាតិកាម៉ាកយីហោ និងទីផ្សារឧបត្ថម្ភជាដើម ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើ រកប្រាក់បានច្រើនពី មាតិកាឧបត្ថម្ភទាំងនោះ ក៏ដូចជាជម្រើសបរិច្ចាគសម្រាប់មនុស្ស ដើម្បីទទួលយកប្រាក់ដោយផ្ទាល់ពីអំពើសប្បុរសធម៌នៃការជ្រើសរើសផ្ទាំងរូបភាពផុសស្ទឺ (Poster)។
ទោះជាយ៉ាងណា មិនមានការធានាទៅលើការណែនាំជុំវិញស្ថិតិនេះថា Facebook ពិតជានឹងចេញមុខងារឱ្យអ្នកលេងបង្ហោះ Status អាចរកប្រាក់បាននៅឡើយ។ វាស្ថិតនៅជាដំណាក់កាលចាប់ផ្ដើមដំបូងនៅឡើយ ក្នុងការបង្កើតឱ្យមានការគាំទ្រ ជាម៉ូដែលនៃការរកប្រាក់យូរអង្វែង សម្រាប់ដៃគូររបស់យើង ហើយយើងកំពុងស្ដាប់ការបញ្ចេញយោបល់។ នេះបើតាមសំដីរបស់អ្នកនាំពាក្យរបស់ Facebook ប្រាប់ដល់សារព័ត៌មាន Fortune។
សូមបញ្ជាក់ថា ថ្មីៗនេះ Facebook បានបើកមុខងារ Instant Articles របស់ខ្លួនដល់អ្នកប្រើរាល់គ្នាអាចប្រើបាន ដែលអនុញ្ញាតឱ្យអ្នកបង្ហោះ (Post) អាចរកប្រាក់តាមរយៈមាតិការបស់ពួកគេ។ ហើយដំណើរការរកប្រាក់បាន គឺទៅលើប្រភេទ Post ដែលមានការឧបត្ថម្ភ (sponsored posts) ប៉ុណ្ណោះ តាំងពីដើមខែមេសានេះ៕