មនុស្សជាង ១លាននាក់កំពុងប្រើប្រាស់កម្មវិធី Tor ដើម្បីភ្ជាប់ប្រើបណ្ដាញសង្គម Facebook ដើម្បីសុវត្ថិភាពឯកជន
Facebook នៅថ្ងៃសុក្រម្សិលមិញនេះ បានឱ្យដឹងថា បច្ចុប្បន្នមានអ្នកប្រើប្រមាណជាង ១លាននាក់ បានប្រើប្រាស់កម្មវិធី Tor ដើម្បីបើកចូលបណ្ដាញសង្គមរបស់ខ្លួនគិតត្រឹមរយៈពេល ៣០ថ្ងៃចុងក្រោយនេះ។ តួលេខនេះមានការកើនឡើងប្រមាណ ៥២៥០០០នាក់ នៅអំឡុងខែមិថុនា ឆ្នាំ២០១៥។
Tor គឺជាកម្មវិធីបើកគេហទំព័រផ្ដល់សុវត្ថិភាពខ្ពស់ (web browsing) ឥតគិតថ្លៃ ដែលអាចឱ្យគេ ប្រើប្រាស់ការតភ្ជាប់បណ្ដាញ (web connection) ដោយមិនបញ្ចេញឈ្មោះ (anonymously)។ Tor ត្រូវបានចាត់ទុកជា tool ផ្ដល់សុវត្ថិភាពឯកជនល្អបំផុតនៅលើបណ្ដាញវែបសាយ ព្រោះអ្នកអាចទាញយក (download) Software ផ្សេងៗដោយសុវត្ថិភាពនៅលើកម្មវិធី Browser។ កម្មវិធីនេះ ធ្វើឱ្យ hacker ដែលចង់ឃ្លាំមើលព័ត៌មានរបស់យើង មានការលំបាកជាខ្លាំង ដូច្នេះហើយទើបប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរ ពូទីនបានកំណត់ប្រាក់រង្វាន់ដល់អ្នកមានសមត្ថភាពអាចបំបែកប្រព័ន្ធសុវត្ថិភាព Tor នឹងទទួលបាន ១១០.០០០ដុល្លារអាមេរិក។
ឧទាហរណ៍ អ្នកកាសែតប្រើប្រាស់កម្មវិធី Tor នេះដើម្បីនិយាយដោយមិនបញ្ចេញឈ្មោះ ជាមួយប្រភពនៃមាតិកាព័ត៌មាន ដោយមិនខ្លាចនាំទុក្ខដាក់ខ្លួន។ សារព័ត៌មាន TechCrunch បានចង្អុលបញ្ជាក់ថា បណ្ដាញណិតវើកថែមទាំង មានភាពងាយស្រួលប្រើប្រាស់ នៅក្នុងបណ្ដាប្រទេសដែលមានការរឹតត្បិត ឬការប្លុកផ្នែកខ្លះនៃការភ្ជាប់ប្រើអ៊ីនធឺណិតក្នុងការបើកសេវាកម្មវែបសាយផ្សេងៗ។ ជាឧទាហរណ៍ ប្រទេសអ៊ីរ៉ង់បិទបណ្ដាញ Facebook ប៉ុន្តែជាមួយកម្មវិធី Tor អ្នកប្រើនៅតែអាចលេង Facebook បាន៕