​បើ​​មាន​៣​ចំណុច​នេះ ​មាន​ន័យ​ថា អ្នក​​​មាន​សិល្បៈ​ក្នុង​ការ​ដឹកនាំ​មនុស្ស​



ដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងមជ្ឈដ្ឋានប្រកួតប្រជែងនាសម័យបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនដែលរីកដុះដាលដូចផ្សិត បានប្រឹងប្រែងឈរជើងឲ្យមានគ្រឹះរឹងមាំយ៉ាងអស់ពីសមត្ថភាពរបស់ខ្លួន ទប់ជ្រែងយ៉ាងសស្រាក់សស្រាំដើម្បីបង្ហាញភាពលេចធ្លោរបស់ខ្លួននៅលើឆាកប្រកួតប្រជែង ដើម្បីបង្កើតនូវប្រាក់ចំណូល និងសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន។ ភាពជោគជ័យនេះអាចសម្រេចទៅបាន ប្រាកដណាស់ថាទេពកោសល្យក្នុងការគ្រប់គ្រងដឹកនាំមនុស្ស គឺជាស្នូលដ៏សំខាន់បំផុតមួយ ដែលរួមចំណែកដល់គោលដៅដ៏អស្ចារ្យរបស់អ្នកបាន។ ដូច្នេះ ៣ចំណុចខាងក្រោមនេះ គឺជាអ្វីដែលអ្នកចាំបាច់ត្រូវសិក្សាស្វែងយល់៖

១) បណ្ដុះនូវវប្បធម៌នៃការផ្ដោតការយកចិត្តទុកដាក់ទៅលើមនុស្សរបស់អ្នក៖ គំនិតនៃការធ្វើជំនួញ តែងផ្ដោតទៅលើអតិថិជនជាអាទិភាពជានិច្ច ព្រោះពួកគេជាអ្នកនាំផលប្រយោជន៍ដល់អ្នក និងជាគោលដៅដែលអ្នកចង់ចូលរួមកែប្រែការរស់នៅរបស់ពួកគេឲ្យមានភាពងាយស្រួលជាងមុនដោយជួយដោះស្រាយបញ្ហារបស់ពួកគេតាមរយៈផលិតភាព ឬសេវាកម្មអ្នក។ អ្នកគិតបែបនេះ គឺជារឿងត្រឹមត្រូវណាស់ ប៉ុន្តែបុគ្គលិករបស់អ្នករឹតតែជាមនុស្សដែលអ្នកមិនត្រូវធ្វេសប្រហែសក្នុងការផ្ដោតការយកចិត្តទុកដាក់ទៅលើ ព្រោះពួកគេជាគ្រួសាររបស់អ្នកដែលអាចជួយអ្នកឲ្យសម្រេចបាននូវទស្សនវិស័យ ជាអ្នកដែលមើលថែអតិថិជនអ្នក និងនាំប្រយោជន៍ដល់អ្នក។ ការផ្ដល់តម្លៃដល់ពួកគេ និងធ្វើឲ្យគេមើលឃើញនូវតម្លៃនោះដែលចេញពីថ្នាក់លើរបស់ខ្លួន ព្រមទាំងការផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ជួបនិយាយគ្នាពីបញ្ហា ព្យាយាមរកដំណោះស្រាយរួមគ្នា ដើម្បីកែតម្រូវដំណើរការណ៍ឲ្យមានភាពល្អប្រសើរជាងមុន នឹងក្លាយជាផ្នែកមួយនៃកម្លាំងចិត្តពួកគេដែលជំរុញឲ្យមានគំនិតច្នៃប្រឌិត និងមានទំនួលខុសត្រូវលើភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ។

២) ធ្វើខ្លួនអ្នកជាអ្នកដឹកនាំ មិនមែនជាអ្នកគ្រប់គ្រងនោះឡើយ៖ អ្នកអាចគិតថា ការព្យាយាមគ្រប់គ្រងគ្រប់ផ្នែកនៃកិច្ចការរបស់បុគ្គលិកទាំងអស់ នឹងធ្វើឲ្យអ្នកសម្រេចបាននូវលទ្ធផលប្រកបដោយការរំពឹងទុកខ្ពស់មួយរបស់អ្នក ប៉ុន្តែតាមរបៀបនេះ អ្នកមិនអាចក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់នោះឡើយ។ ស្របពេលដែលអ្នកគ្រប់គ្រងតែងចូលទៅជ្រៀតជ្រែកកិច្ចការរបស់បុគ្គលិកគ្រប់រឿង និងតែងបណ្ដុះបាននូវបុគ្គលិកដែលចាំតែត្រូវបានថ្នាក់លើរបស់ខ្លួនប្រាប់ថាត្រូវធ្វើបែបនេះ បែបនោះ អ្នកដឹកនាំនឹងបំផុសកម្លាំងចិត្តបុគ្គលិកខ្លួន កត់សម្គាល់ពីចំណុចពិសេសរបស់ពួកគេម្នាក់ៗ និងបែងចែកការងារដល់ពួកគេទៅតាមចំណុចខ្លាំងរបស់ខ្លួន និងមើលឃើញពីតម្លៃនៃការបញ្ជាក់យ៉ាងច្បាស់ពីទស្សនវិស័យរបស់ក្រុមហ៊ុនប្រាប់ទៅបុគ្គលិកគ្រប់រូបយ៉ាងច្បាស់លាស់ ដើម្បីឲ្យពួកគេមើលឃើញរូបភាពនោះរួមគ្នា និងទាញយកសក្ដានុពលចេញឲ្យអស់ពីខ្លួន ជួយអ្នកសម្រេចនូវគោលដៅនោះ។

៣) លើកទឹកចិត្តឲ្យមានការប្រថុយប្រថាន និងការគិតបែបច្នៃប្រឌិត៖ ការណ៍ប្រតិបត្តិយ៉ាងតឹងរឹុងទៅតាមក្បួនច្បាប់ទម្លាប់ ភាពទៀងទាត់ ឬជាគោលនយោបាយរបស់ក្រុមហ៊ុន នឹងរាំងស្ទះទៅដល់សេរីភាពក្នុងការគិតរបស់បុគ្គលិក ជាហេតុនាំឲ្យគំនិតច្នៃប្រឌិតរបស់ពួកគេត្រូវលាក់ទុកកប់ចោល មិនត្រូវបានលើកទឹកចិត្តឲ្យយកមកប្រើប្រាស់ ដើម្បីចូលរួមកែប្រែចំណុចខ្វះខាតរបស់ក្រុមហ៊ុនឲ្យមានការវិវិត្តទៅមុខនោះឡើយ។ ដូច្នេះ ក្នុងនាមអ្នកជាអ្នកដឹកនាំ អ្នកត្រូវលើកទឹកចិត្តឲ្យពួកគេបញ្ចេញនូវគំនិតច្នៃប្រឌិតរបស់ខ្លួន ដែលអ្នកអាចធ្វើបែបនេះបាន លុះត្រាណាតែ អ្នកធ្វើឲ្យពួកគេទទួលបាននូវអារម្មណ៍មានសុវត្ថិភាព និងអាចបើកចំហពីយោបល់របស់ខ្លួនទៅកាន់អ្នកបាន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.robertwalters.com

X
5s