Mozilla ​សម្លាប់​ស្មាតហ្វូន​ដើរ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Firefox OS ដោយសារ​មិន​ត្រូវ​ប៉ាន់​



សហគមន៍​ផ្ដល់​សូហ្វ៊ែរ​កម្មវិធី​ហ្វ្រី Mozilla ថ្មីៗ​នេះ​បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ចប់​ការ​អភិវឌ្ឍ​ស្មាតហ្វូន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox ហើយ។ ក្រុមហ៊ុន​ថែមទាំង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ឈប់​ការ​លក់​ឧបករណ៍​ដែល​ដើរ​ដោយ Firefox OS។ Mozilla បាន​បញ្ចេញ​លក់​ស្មាតហ្វូន​ប្រើ Firefox OS នៅ​តាម​បណ្ដា​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​មួយ​ចំនួន ហើយ​ផលិតផល​របស់​ពួក​គេ គឺ​ស្ថិត​ក្នុង​លំដាប់​ស្មាតហ្វូន​ធុន​មធ្យម មិន​សូវ​មាន​ការ​ចាប់អារម្មណ៍​ពី​សាធារណជន​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​ថ្លែងការណ៍​របស់​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ផលិតផល​របស់ Mozilla លោក Ari Jaaksi ដែល​បាន​ថ្លែង​ប្រាប់​គេហទំព័រ TechCrunch៖ «​យើង​មាន​មោទនភាព​ចំពោះ​អត្ថប្រយោជន៍​បាន​ពី Firefox OS ពាក់ព័ន្ធ​នឹង Web platform ហើយ​នឹង​បន្ត​ស្វែងរក​បទពិសោធន៍​ថ្មី​ដល់​អ្នក​ប្រើប្រាស់ តាមរយៈ​ផលិតផល​របស់​ខ្លួន។ យើង​នឹង​បង្កើត​អ្វី​ដែល​មាន​លក្ខណៈ ពិសេស​លេចធ្លោ ស្ថិត​ក្នុង​គម្រោង​បើក​ចំហ (open source project) តម្រូវ​តាម​តម្រូវការ​របស់​អ្នក​ជា​ចម្បង ហើយ​បង្កើត tool ដែល​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ ecosystem រីក​ចម្រើន»។ iOS របស់ Apple និង Android OS របស់ Google បច្ចុប្បន្ន​បាន​បន្ត​កាន់កាប់​ចំណែក​ទីផ្សារ​ប្រព័ន្ធ​ប្រតិបត្តិការ​ឧបករណ៍​ចល័ត​ច្រើន​ជាង​គេ ហើយ​ទន្ទឹម​នោះ ក៏​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ខ្លះ កំពុង​ចាប់អារម្មណ៍​បង្កើត mobile OS ផ្ទាល់​ខ្លួន​ដែរ ជាក់ស្ដែង​ដូច​ជា ក្រុមហ៊ុន Samsung ដែល​បាន​ដាក់​ចេញ​សូហ្វ៊ែរ Tizen OS រួច​មក​ហើយ៕
X
5s