Facebook កំពុងបង្កើតមុខងារថ្មីយ៉ាងពិសេស អាចឱ្យទូរស័ព្ទអត់អ៊ីនធឺណិតលេងបាន ទាំង Post និង Comment
កម្មវិធី Facebook សម្រាប់ទូរស័ព្ទដៃ ចាប់ពីពេលនេះ នឹងធ្វើឲ្យអ្នកមិនខ្លាចខកខានក្នុងការបង្ហោះ (Post) ទៀតនោះឡើយ ព្រោះក្រុមហ៊ុនទើបតែដាក់ចេញមុខងារ Offline សម្រាប់ឱ្យគេអាចបង្ហោះ News Feed របស់ខ្លួន ទោះបីទូរស័ព្ទអត់អ៊ីនធឺណិតក៏ដោយ។
Facebook បានប្រកាសនៅថ្ងៃនេះថា News Feed នៅលើកម្មវិធី នឹងនៅតែអាចឱ្យគេសរសេរនូវ Post ថ្មីៗ ខណៈ ដែលអ្នកប្រើស្ថិតនៅតំបន់គ្មានអ៊ីនធឺណិតក៏ដោយ។ អ្នកប្រើថែមទាំងអាចសរសេរបញ្ចេញមតិ (comment) ផងដែរ ហើយដំណើរការបង្ហោះផ្សេងៗ នឹងអាចប្រព្រឹត្តិដោយស្វ័យប្រវត្តិនៅពេលទូរស័ព្ទរបស់អ្នកភ្ជាប់ជាមួយអ៊ីនធឺណិតភ្លាមៗ។ នេះបើតាមក្រុមហ៊ុន Facebook បញ្ជាក់នៅលើប្លុក (blog) របស់ខ្លួន។
ក្រុមហ៊ុនថែមទាំងពន្យល់ថា៖ «មុខងារនេះ នឹងជួយអ្នកលេង Facebook ដែលខ្សត់ខ្សោយអ៊ីនធឺណិតប្រើ នៅតែអាចរីករាយជាមួយបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ទោះបីគេស្ថិតនៅទីកន្លែងសាធារណៈគ្មាន WiFi ក៏ដោយ»។ រាល់ Post ផ្សេងៗនឹងនៅតែអាចបើកមើលបានជាធម្មតាស្របទៅតាមទំនាក់ទំនង algorithm របស់ Facebook ទោះបីទូរស័ព្ទចាក់ចេញពីដែនអ៊ីនធឺណិតក៏ដោយ។ នៅពេលទូរស័ព្ទមានអ៊ីនធឺណិតវិញ នោះវានឹងធ្វើបច្ចុប្បន្នភាពដោយភ្ជាប់ទំនាក់ទំនងទៅកាន់ម៉ាស៊ីនមេ (server) របស់ Facebook ដើម្បីបង្ហាញនូវមាតិកាថ្មីៗបន្ថែមទៀត។
ក្រុមហ៊ុន Facebook បាននិយាយថា បច្ចុប្បន្នមុខងារនេះកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្ត។ គេជឿថា បណ្ដាអ្នកលេង Facebook សព្វថ្ងៃពិតជាពេញនិយមលេងបណ្ដាញសង្គមយក្សនេះយ៉ាងខ្លាំង ហើយគេចូលចិត្តបង្ហោះ និង Share អ្វីៗជាច្រើននៅលើ Facebook ខណៈដែលទូរស័ព្ទគេអត់អ៊ីនធឺណិត។ ដូច្នេះមុខងារថ្មីនេះ នឹងជួយគេក្នុងការកម្សាន្តឥតដែនកំណត់ ដោយ Post ឬ Comment របស់គេអណ្ដែតចេញបាននៅពេលទូរស័ព្ទមានអ៊ីនធឺណិតវិញ៕