បើ Apple ឈប់ប្រើរន្ធកាស 3.5mm នៅលើ iPhone 7 មែននោះ គឺអាចធ្វើឱ្យអតិថិជនអន់ចិត្ត!
ចចាមអារ៉ាមខ្លះបាននិយាយតាំងពីចុងខែវិច្ឆិកាកន្លងទៅថា Apple ប្រហែលនឹងផ្លាស់ប្ដូររន្ធកាសទំហំ ៣,៥មិល្លីម៉ែត្រចេញពីទូរស័ព្ទ iPhone 7 ដែលចេញនៅឆ្នាំ២០១៦ ខាងមុខ។ បើដូច្នោះមែន Apple ប្រហែលចង់បង្ខំអ្នកឱ្យប្រើរន្ធ Lightning ជំនួសរន្ធកាសចាស់វិញ ដែលជារន្ធសម្រាប់សាកថ្មទូរស័ព្ទ និងសម្រាប់បញ្ជូនទិន្នន័យរវាង iPhone និងកុំព្យូទ័រ។
តើហេតុអ្វី? ព្រោះដើម្បីក្រុមហ៊ុនអាចផលិត iPhone ជំនាន់ក្រោយឱ្យរឹតតែស្ដើងជាងមុនទៀត។ នេះជាហេតុអ្វីសមរម្យអាចទៅរួច។ ប្រសិន Apple ពិតជាចង់ផលិត iPhone 7ឱ្យមានកម្រាស់រឹតតែស្ដើងជាងមុនមែននោះ គេជឿថា ចចាមអារ៉ាមនេះ អាចនឹងក្លាយជាការពិតបាន។ យ៉ាងណាទង្វើបែបនេះ បែរជាត្រូវសាធារណជនខ្លះ មិនសូវជាគាំទ្រឡើយ ព្រោះ 3.5mm ជារន្ធកាសស្តង់ដារដែលត្រូវបានប្រើនៅលើឧបករណ៍អេឡិចត្រូនិកអស់រយៈពេលយូរឆ្នាំមកហើយ ហើយក៏ងាយស្រួលដល់អ្នកប្រើរកទិញ និងប្ដូរប្រើកាសផ្សេងតាមចិត្តជំនួសកាស iPhone បាន។ ប៉ុន្តែប្រសិន Apple ពិតជាប្ដូរទៅប្រើកាស Lightning មែន នោះនឹងមានការពិបាក មិនអាចប្រើកាសថ្មីដោតជាមួយឧបករណ៍ផ្សេងៗបាននោះឡើយ ឬយកកាស 3.5mm មកដោតចូល iPhone ក៏មិនកើត។
មានការលើកឡើងថា វាមិនទាន់ដល់ពេលដែល Apple បង្ខំឱ្យអតិថិជនប្រើកាសថ្មីនេះនោះឡើយ ព្រោះឧបករណ៍អេឡិចត្រូនិកដែលកំពុងហូរចូលទីផ្សារភាគច្រើនសុទ្ធតែប្រើរន្ធ និងកាសទំហំ ៣,៥មិល្លីម៉ែត្រនេះ។ វាពិបាកនឹងសម្របជាមួយឧបករណ៍របស់ Apple ណាស់។ ម្យ៉ាងកាសថ្មីនេះ អាចមានតម្លៃថ្លៃជាងកាស 3.5mm ជាក់ស្ដែងកាសដែល Apple ទើបដាក់លក់អនឡាញប្រើរន្ធ Lighting ថ្មីៗនេះត្រូវបានដាក់លក់តម្លៃយ៉ាងទៀបរហូតដល់ ១៦០ដុល្លារឯណោះ។ ហើយប្រសិនគេចង់ប្រើជាមួយឧបករណ៍មានរន្ធ 3.5mm គឺតម្រូវឱ្យទិញឌុយបន្ត (adapter) ដែលធ្វើឲ្យការចំណាយកាន់តែច្រើន៕ ចុះប្រិយមិត្តយល់យ៉ាងណា ប្រសិន Apple ផលិតកាស Lightning មែននោះ?