Google នឹងចេញមុខងារ Tap to Translate យ៉ាងពិសេស ងាយស្រួលបកប្រែសារទូរស័ព្ទ
អនុប្រធានគ្រប់គ្រងផលិតផលរបស់ Google លោក Caesar Sengupta ក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុននៅក្រុង New Deli ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ បានបង្ហាញមុខងារថ្មីពិសេសទៅលើសេវាកម្មបកប្រែភាសា។ មុខងារថ្មីនេះ មានឈ្មោះថា Tap to Translate គឺនឹងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដែលត្រូវការបកប្រែសារទូរស័ព្ទ (message) ច្រើន ព្រោះមុខងារថ្មីនេះ នឹងមិនចាំបាច់ឱ្យអ្នកប្រើ ចាកចេញពី message app ដើម្បីបើក Google Translate តទៅទៀតឡើយ។
លោក Sengupta បាននិយាយថា៖ «ប្រជាជនឥណ្ឌាភាគច្រើនតែងបកប្រែទៅមករវាងភាសា Hindi និងភាសាអង់គ្លេស ច្រើនដងក្នុងមួយថ្ងៃៗ ហើយគេចំណាយពេលច្រើនបន្តិចទម្រាំបកប្រែរួច ព្រោះត្រូវចម្លង (copy) សារ (message) របស់ភាគីទៅ past ក្នុងកម្មវិធីបកប្រែដើម្បីយល់សារ ហើយឆ្លើយតបទៅវិញដោយប្រើភាសាខ្លួន បកប្រែតាមកម្មវិធី រួចហើយ copy មក past ក្នុងកម្មវិធីសារ (message) វិញ»។
ប៉ុន្តែឆាប់ៗខាងមុខ លោកអ្នកនឹងលែងពិបាកបែបនេះទៀតហើយ ព្រោះក្រុមហ៊ុននឹងបន្ថែមមុខងារបកប្រែ Tap to Translate ដើម្បីឱ្យអ្នកប្រើអាច copy អក្សរនៅលើឧបករណ៍ Android ដែលមានដូចជាកម្មវិធីផ្ញើសារទូរស័ព្ទ (message) នោះ រួចបកប្រែតាមផ្ទាំងកម្មវិធីដែលអណ្ដែតនៅលើអេក្រង់តែម្ដង។ អ្នកអាចបង្កើតសារ (compose) ហើយ copy អក្សរដែលបានបកប្រែរួចផ្ញើត្រឡប់ភាគីម្ខាងបាន ដោយមិនចាំបាច់ត្រូវចេញពីកម្មវិធីដែលអ្នកកំពុងប្រើនោះឡើយ។ មុខងារពិសេស Tap to Translate នេះត្រូវគេរំពឹងថា នឹងអាចដំណើរការបាននៅលើឧបករណ៍ Android ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ខាងមុខ៕