ដោយសារតែផ្នែកមួយនេះនៅលើ iPhone ក្រុមហ៊ុន Apple ប្រើវិស្វកររហូតដល់ ៨០០នាក់ឱ្យធ្វើការ!
ក្រុមហ៊ុន Apple បានដាក់វិស្វករជាង ៨០០នាក់ដើម្បីតែធ្វើការទៅលើផ្នែកដ៏សំខាន់ និងមានការប្រើច្រើនបំផុតនោះគឺនៅលើកាមេរ៉ាទូរស័ព្ទ iPhone តែម្ដង។ មានផ្នែកសំខាន់ៗមួយចំនួននៅលើទូរស័ព្ទ iPhone ប៉ុន្តែកាមេរ៉ាគឺពិតជាមានការយកទុកដាក់បំផុតពី Apple ដោយត្រូវបានផលិតឡើងមាន ២០០ធាតុផ្សំ។ នេះបើតាមការលើកឡើងរបស់លោក Graham Townsend នាយកគ្រប់គ្រងការអភិវឌ្ឍ hardware កាមេរ៉ារបស់ Apple។
លោកបានបញ្ជាក់ថា៖ «ដើម្បីថតរូបមួយសន្លឹក គឺមានដំណើរប្រតិបត្តិប្រមាណដល់ទៅ ២៤ពាន់លានប្រតិបត្តិការ»។ ហេតុដែលត្រូវការវិស្វករច្រើនដូច្នេះ គឺដើម្បីធ្វើតេស្តគុណភាពរូបថត រកចំណុចខ្សោយ ក៏ដូចជាចន្លោះប្រហោងដែលខ្វះខាត ដើម្បីបំពេញវិញ ឱ្យរូបមានលក្ខណៈល្អប្រសើរ និងកាត់បន្ថយលំញ័រនៃរូប។
នៅក្នុងកាមេរ៉ាទូរស័ព្ទ iPhone បានបង្កប់ដោយខ្សែតូចៗ ៤សរសៃ ដែលនិមួយៗមានទំហំតូចត្រឹមតែពាក់កណ្ដាលសរសៃសក់មនុស្សប៉ុណ្ណោះ។ ខ្សែតូចទាំង៤ សរសៃ អាចបង្កើតនូវផ្នែកសំខាន់មួយ "microsuspension" នៃកាមេរ៉ា ដែលអាចស្រូបយកញ័រពីដៃដើម្បីឱ្យការថតរូបមានលំនឹងល្អ (មិនរញ្ជួយ)។
ក្រុមការងាររបស់លោក Townsend ក៏មានមន្ទីរពិសោធន៍ផ្ទាល់ខ្លួនសម្រាប់ធ្វើតេស្តក្រាហ្វិករូបរបស់កាមេរ៉ា ទៅតាមស្ថានភាពពន្លឺផ្សេងគ្នាដែរ។ ក្រុមវិស្វករត្រូវស្វះស្វែងរកចំណុចខ្សោយ និងកែតម្រូវកាមេរ៉ាឱ្យថតរូបមានគុណភាពល្អបំផុតដោយមិនឱ្យភាពខុសគ្នានៃពន្លឺ ជាឧបសគ្គនោះឡើយ៕