Apple ចង់ឱ្យ Samsung សងប្រាក់ ១៨០លានដុល្លារទៀតដល់ខ្លួន ដោយសាររឿងចម្លងម៉ូតឌីហ្សាញ
ក្រុមហ៊ុន Apple ទាមទារប្រាក់សំណង ១៨០លានដុល្លារទៀតពី Samsung ជុំវិញករណីជម្លោះប៉ាតង់ដែលអូសបន្លាយជាយូរមកហើយនេះ។ សំណើទារប្រាក់បន្ថែមជិត ២០០លានដុល្លារនេះធ្វើឡើងនៅរយៈពេលមិនដល់ ២សប្ដាហ៍បន្ទាប់ពី Samsung យល់ព្រមបង់ប្រាក់សងជំងឺចិត្តដល់ Apple ក្នុងទំហំ ៥៤៨លានដុល្លារដោយអនុលោមតាមសាលក្រមដើម។
ប៉ុន្តែពេលនេះ ក្រុមហ៊ុន Apple ថែមទាំងបន្តលើកឡើងទៀតថា គួរតែ Samsung នៅជំពាក់ខ្លួនទៀតលើការខូចខាតពាក់ព័ន្ធនឹងម៉ូដែលទូរស័ព្ទ ៥ម៉ូដែលដែលបានលក់ចេញកាលពីឆ្នាំ២០១២ នៅពេល Samsung ត្រូវបានរកឃើញកំហុសពីបទរំលោភលើប៉ាតង់របស់ក្រុមហ៊ុន Apple។
ការបន្តប្ដឹងទារប្រាក់សំណងពី Samsung បន្ថែមទៀតរបស់ Apple បានធ្វើឡើងកាលពីម្សិលមិញនៅតុលាការរដ្ឋកាលីហ្វូរញ៉ាសហរដ្ឋអាមេរិក។ គេមិនទាន់ច្បាស់នៅឡើយថា តើទូរស័ព្ទ Samsung ម៉ូដែលណាខ្លះ ដែល Apple ចង់យកធ្វើជាផ្ទាំងស៊ីបសម្រាប់ប្ដឹងយកប្រាក់បន្ថែមដោយអះអាងថា លួចចម្លងការរចនាម៉ូតនោះ។ ពេលនេះអ្នកជំនាញខាងប៉ាតង់លោក Florian Mueller កំពុងវិភាគ និងស៊ើបអង្កេតជុំវិញករណីនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Apple បានទារប្រាក់សំណងលើកដំបូងរហូតដល់ ២,៥ពាន់លានដុល្លារក្នុងពាក្យបណ្ដឹងទៅ Samsung កាលពីឆ្នាំ២០១១ ប៉ុន្តែតួលេខនេះត្រូវបានបន្ធូរបន្ថយមកនៅតិចជាង ១ពាន់លានដុល្លារវិញ ក្រោយសាលក្រមសម្រេចនៅឆ្នាំ២០១២។
កាលពីដើមខែធ្នូ ឆ្នាំ២០១៥ នេះសាលាឧទ្ធរណ៍ប្រចាំរដ្ឋកាលីហ្វូរញ៉ាបានសម្រេចឲ្យ Samsung ចាញ់ក្ដី និងតម្រូវឲ្យបង់ថ្លៃខូចខាតដល់ភាគីដើមចោទ Apple ក្នុងទំហំទឹកប្រាក់ជាង ៥៤៨លានដុល្លារអាមេរិក សម្រាប់ការចាញ់ក្ដី ១ករណី និងត្រូវប្រឈមមុខផ្លូវច្បាប់ ៣ករណីផ្សេងទៀត លើជម្លោះប៉ាតង់ដ៏រ៉ាំរ៉ៃតាំងពីឆ្នាំ២០១១៕