Samsung គ្រោងផលិត Galaxy S7 ចំនួន ៥លានគ្រឿងនៅដំណាក់កាលដំបូង ចែកជាពីរទំហំអេក្រង់ផ្សេងគ្នា
Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេលើពិភពលោក ត្រូវគេរាយការណ៍ថា មានគម្រោងផលិតទូរស័ព្ទ Galaxy S7 ចំនួន ៥លានគ្រឿងក្នុងសង្វាក់ផលិតកម្មដំបូងនេះ។ នេះបើតាមសេចក្ដីរាយការណ៍ពីប្រភពសុំមិនបញ្ចេញឈ្មោះពីកាសែត Electronic Times របស់កូរ៉េខាងត្បូងឱ្យដឹងនៅថ្ងៃច័ន្ទម្សិលមិញ។
ប្រភពដដែលបន្តថា ក្រុមហ៊ុន Samsung ថែមទាំងមានគម្រោងផលិត Galaxy ជំនាន់ទី៧ របស់ខ្លួនចែកចេញជាពីរជំនាន់ ដែលមានទំហំអេក្រង់ផ្សេងគ្នា មួយទំហំ ៥,២អ៊ីញមានផ្ទៃរាបស្មើ និងមួយទៀតទំហំ ៥,៥អ៊ីញភ្ជាប់អេក្រង់កោងបញ្ឆិតដែលអាចមានឈ្មោះ Galaxy S7 edge។
របាយការណ៍អះអាងទៀតថា ក្រុមហ៊ុន Samsung មានគម្រោងផលិត Galaxy S7 អេក្រង់រាប ចំនួន៣,៣លានគ្រឿង ចំណែក Galaxy S7 edge ចំនួន ១,៦លានគ្រឿង នឹងចេញលក់ទីផ្សារក្នុងខែកុម្ភៈ ឆ្នាំក្រោយ។ យ៉ាងណា ពេលនេះអ្នកនាំពាក្យរបស់ Samsung បដិសេធ សុំមិនបញ្ចេញយោបល់ទៅនឹងរបាយការណ៍ខាងលើនៅឡើយ៕