LG ផលិតបានអេក្រង់ ១៨អ៊ីញស្ដើងដូចក្រដាស អាចឱ្យគេបត់បានដូចកាសែត
ក្រុមហ៊ុន LG Display ថ្មីៗនេះបានបង្ហាញគំរូបឋមនៃអេក្រង់ ១៨អ៊ីញមានលក្ខណៈពិសេសអាចរមូរបាន នឹងនាំយកទៅបង្ហាញនៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក CES សប្ដាហ៍នេះ។ បច្ចេកវិទ្យាដែលបំពាក់នៅលើអេក្រង់ប្រភេទ OLED របស់ LG នេះត្រូវបានផលិត មានសមត្ថភាពរងនឹងសម្ពាធ អាចឱ្យគេបត់បែន រមូរ និងជាអេក្រង់កោង។
ក្រុមហ៊ុនបានបង្ហាញបច្ចេកវិទ្យាស្រដៀងគ្នានេះដែរ កាលពីឆ្នាំទៅ ដែលពេលនេះវាស្ថិតនៅត្រឹមជាគំរូ (concept) នៅឡើយ។ ពេលនេះ ក្រុមហ៊ុន LG ទំនងជិតបង្ហាញដល់ពិភពលោកបានឃើញហើយ។ គេធ្លាប់ឃើញគំរូអេក្រង់បែបនេះ ពីក្រុមហ៊ុន Sony, Samsung, Sharp និងក្រុមហ៊ុនផ្សេងទៀតរួចមកហើយពីពេលកន្លងទៅ។ ទោះជាយ៉ាងណា នេះអាចបញ្ជាក់បានថា LG អាចនឹងសម្រិតសម្រាំងអេក្រង់ទំនើបនេះ ដើម្បីបំពាក់នៅលើស្មាតហ្វូន ថេប្លេត និងទូរទស្សន៍ទំនើប។
លក្ខណៈ របស់អេក្រង់ LG នេះ នឹងអាចឱ្យគេរមូរមកដាក់ក្នុងហោប៉ៅ ឬវិចខ្ចប់ដើម្បី ងាយស្រួលទុកដាក់។ ក្រុមហ៊ុននឹងបង្ហាញអេក្រង់កោងទំហំ ២៥អ៊ីញ សម្រាប់បំពាក់ក្នុងរថយន្តនៅជាន់ Auto Zone នៃព្រឹត្តិការណ៍ CES។ អ្នកនឹងបានឃើញអេក្រង់ថ្មីរបស់ LG មានលក្ខណៈដូចទៅនឹងកាសែត ស្ដើងដូចក្រដាស អាចបត់បែនបាន ទំហំ ៥៥អ៊ីញនឹងប្រើសម្រាប់បំពាក់លើទូរទស្សន៍៕