កាន់តែច្បាស់ហើយថា iPhone 7 នឹងលែងប្រើរន្ធ Headphones Jack
ព័ត៌មានជុំវិញរន្ធកាសទំហំ ៣,៥មិល្លីម៉ែត្រដែលត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុន Apple ដកចេញពី iPhone 7 នោះ ពេលនេះមានពន្លឺថ្មីបន្ថែម។ របាយការណ៍ពី MacRumor ទទួលបានអំពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple បានអះអាងថា Apple ប្រាកដជានឹងដកចោលរន្ធកាស 3.5mm audio jack ហើយប្រើរន្ធសាកថ្ម Lightning មកធ្វើជារន្ធកាសជំនួស។
សេចក្ដីរាយការណ៍នេះ គឺចេញពីគេហទំព័រចិនចំនួន២ គឺ Anzhou និង Wei Fang ដែលទទួលបានព័ត៌មានជាក់លាក់ពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple ពាក់ព័ន្ធនឹងការផ្លាស់ប្ដូររបៀបនៃការប្រើកាសនៅលើទូរស័ព្ទ iPhone 7។
ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា ក៏នឹងបញ្ចេញ adapter ដែលអាចឱ្យគេ ដោតប្រើជាមួយកាសទូទៅសម្រាប់ប្រើនៅលើ iPhone 7 បានផងដែរ ប៉ុន្តែមិនច្បាស់ថា នឹងដាក់បញ្ចូលទៅក្នុងប្រអប់ស្រាប់ ឬមួយត្រូវទិញនៅខាងក្រៅនោះទេ។
គំរូ iPhone 7
iPhone 7 និង iPhone 7 Plus ក៏នឹងមានការផ្លាស់ប្ដូរផ្សេងទៀត ដូចជា បំពាក់អង្គប្រតិបត្តិ Apple 10 ល្បឿនលឿនជាងមុន ហើយមាន RAM ធំជាងមុនផងដែរ គឺទំហំ 3GB ដូចគ្នា។ ចំណែកអង្គចងចាំក៏ត្រូវបន្ថែមរហូតដល់ 256GB និងមានថាមពលថ្មធំជាងមុន។ ចំណុចពិសេសទៀតនោះ iPhone 7 នឹងត្រូវក្រុមហ៊ុនផ្លាស់ប្ដូររចនាបថថ្មីខុសប្លែកពី iPhone 6S/6S Plus ហើយ Apple ត្រូវគេរំពឹងថា នឹងនៅរក្សាពណ៌លើ iPhone ដដែល។ iPhone 7 ត្រូវគេរាយការណ៍មកថា នឹងមានបច្ចេកវិទ្យាមិនចូលទឹក (waterproof) ថែមទៀត។ គេរំពឹងថា iPhone 7 នឹងត្រូវ Apple សម្ពោធចេញផ្លូវការនៅខែសីហា ឬកញ្ញា ហើយក៏មានពាក្យចចាមអារ៉ាមថា នឹងមាន iPhone 6C ឬ iPhone 7C ទំហំ ៤អ៊ីញមួយទៀតចេញមុន គឺនៅអំឡុងខែមេសា៕