ដ្រូនយក្សរបស់ចិន ដើរតួនាទីជាឧទ្ធម្ភាគចក្រ អាចដឹកមនុស្សដោយស្វ័យប្រវត្តិទើបបង្ហាញខ្លួននៅពិព័រណ៍ CES 2016
ក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក CES ឆ្នាំ២០១៦ នេះពិតជាពិសេស ដោយបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗសុទ្ធតែបានចូលរួមតាំងបង្ហាញសមិទ្ធផលថ្មី និងទំនើបៗរបស់ខ្លួន។ ក្នុងនោះ ការតាំងបង្ហាញប្រភេទគ្រឿងម៉ាស៊ីន មានដូចជាយន្តហោះដ្រូន និងរថយន្តក៏បានប្រព្រឹត្តទៅយ៉ាងរលូន និងមានការចាប់អារម្មណ៍ខ្លាំងដែរ។ ជាក់ស្ដែងយន្តហោះដ្រូន ដែលគេផលិតសម្រាប់ជាឧទ្ធម្ភាគចក្រហោះដឹកអ្នកដំណើរដោយស្វ័យប្រវត្តិរបស់ចិនឈ្មោះថា Ehang 184 នេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនចាញ់ផលិតផលដទៃនោះទេ។
https://youtu.be/_vGd1Oy7Cw0
ក្រុមហ៊ុនផលិតដ្រូនរបស់ចិន បានបង្ហាញឧទ្ធម្ភាគចក្រស្វ័យប្រវត្តិនេះ មានទម្ងន់ ៥០០ផោន ឬប្រហែល ២៦៧គីឡូក្រាម មានសមត្ថភាពអាចបម្រើដល់វិស័យដឹកជញ្ជូនដោយស្វ័យប្រវត្តិ សម្រាប់មនុស្ស។ ដ្រូនហោះខ្នាតធំដំបូងគេលើលោក Ehang 184 អាចដឹកមនុស្សបាន ១នាក់ ហើយបានចម្ងាយ ១០០គីឡូម៉ែត្រ/ម៉ោង ហើយអាចដឹកវត្ថុក្នុងទម្ងន់ប្រហែល ១០០គីឡូក្រាមបាន។
https://youtu.be/AjLLuQxygQY
កម្មវិធីបញ្ជាការហោះហើររបស់ឧទ្ធម្ភាគចក្រ មានលក្ខណៈសាមញ្ញក្នុងប្រើដោយគ្រាន់តែជ្រើសរើសទីតាំងជាគោលដៅត្រូវទៅ រួចចូលទៅអង្គុយ នោះដ្រូននឹងជូនលោកអ្នកទៅដល់ អមដោយប្រព័ន្ធសុវត្ថិភាពបម្រុងទុក។ ប្រព័ន្ធសុវត្ថិភាពនឹងការពារអ្នកជិះ ប្រសិនប្រព័ន្ធដ្រូនមានបញ្ហា ឬដំណើរការខុសប្រក្រតី នោះដ្រូននឹងប្ដូរទៅទម្រង់ hover mode ឬស្វែងរកចំណតសុវត្ថិភាពដើម្បីចុះចត។
https://youtu.be/JcYkOq0hnBM
Ehang 184 គឺជាដ្រូនអគ្គិសនីសុទ្ធសាធ មានដៃ៤ ស្លាបចក្រ ៨ ម៉ូទ័រ ៨ និង sensor ២ឈុត ដើម្បីមានកម្លាំងខ្លាំងអាចហោះហើរបានល្អ ផ្ដល់សុវត្ថិភាពខ្ពស់ ទោះស្ថិតក្នុងអាកាសធាតុមិនសូវល្អក៏ដោយ។ តម្លៃរបស់ឧទ្ធម្ភាគចក្រទំនើបនេះស្ថិតនៅចន្លោះពី ២០ម៉ឺនដុល្លារ ទៅ ៣០ម៉ឺនដុល្លារអាមេរិក៕