LG ត្រៀមកំពូលស្មាតហ្វូនថ្មី LG G5 នៅថ្ងៃ ២១ កុម្ភៈ ដើម្បីប្រកួតប្រជែងទីផ្សារឱ្យទាន់ Galaxy S7
ទូរស័ព្ទទំនើបស៊េរីថ្មីរបស់ LG ម៉ូដែល G5 នឹងត្រូវវែកមុនមុនព្រឹត្តិការណ៍សមាជផលិតផលអេឡិចត្រូនិកចល័ត MWC ខែក្រោយនេះហើយ ហើយក្រុមហ៊ុនផ្ទាល់ក៏បានអះអាងដែរថា នឹងប្រកាសជាផ្លូវការទូរស័ព្ទ LG G ជំនាន់ទី៥ នេះនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះហើយ។
ក្រុមហ៊ុន LG ទំនងចង់ស្រូតបញ្ចេញទូរស័ព្ទទំនើបរបស់ខ្លួននេះ ដើម្បីប្រកួតប្រជែងស្មាតហ្វូនរបស់ Galaxy S7 ដែលអាចត្រូវ Samsung ប្រកាសចេញក្នុងពេលប្រហាក់ប្រហែលគ្នា។ បុគ្គលិក LG ថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុននឹងប្រកាសចេញ LG G5 នៅមុន ១ថ្ងៃនៃសមាជ MWC 2015 ខែក្រោយ ទុកសម្រាប់ប្រកួតប្រជែង Galaxy S7 របស់ Samsung។
LG ថែមទាំងឱ្យដឹងទៀតថា ស្មាតហ្វូនជំនាន់មុនរបស់ខ្លួន បានចេញប្រឡូកលើទីផ្សារ ក្រោយស្មាតហ្វូន Samsung ប៉ុន្មានខែ ប៉ុន្តែក្នុងឆ្នាំនេះ LG នឹងរួសរាន់បញ្ចេញឱ្យទាន់ពេលនឹង ទូរស័ព្ទស៊េរីថ្មីរបស់ Samsung ដែរ ដើម្បីប្រកួតប្រជែងទីផ្សារដំណាលគ្នា។
LG G5 នឹងមានអេក្រង់ ៥,៦អ៊ីញប្រភេទ Quad HD resolution 2560x1440px ជាមួយដង់ស៊ីតេភិចហ្សែល ៥២៥ភិចហ្សែលក្នុងមួយអ៊ីញ (525ppi)។ ទូរស័ព្ទថ្មីនេះ នឹងបំពាក់អង្គប្រតិបត្តិ Qualcomm Snapdragon 820, RAM 4GB, អង្គចងចាំ 64GB (អាចបន្ថែម microSD)។
លក្ខណៈសម្បត្តិដទៃទៀត LG G5 នឹងមានកាមេរ៉ាភ្លោះ នៅផ្នែកខាងមុខជាមួយទំហំ 8MP ដែលត្រូវបានឌីហ្សាញសម្រាប់មុខងារថតរូប selfie បានស្អាត ចំណែកកាមេរ៉ាក្រោយទំហំ 20MP មាន ½ sensor៕