ប្រទេស​ប៉ាគីស្ថាន​លើកលែង​ការ​ហាមប្រាម​បណ្ដាញ YouTube ​ហើយ​ បន្ទាប់ពី​បាន​បិទ​កាលពី​ឆ្នាំ២០១៣​



ត្រឡប់​ទៅ​កាលពី​ឆ្នាំ២០១៣ កន្លង​ទៅ ​បណ្ដាញ YouTube ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ប្រជាជន​ប៉ាគីស្ថាន​អាច​បើក​ទស្សនា​បាន ប៉ុន្តែ​ពេល​នេះ រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​សម្រេច​ចិត្ត​ដក​ចោល​បម្រាម​ទៅ​លើ​គេហទំព័រ​ចែកចាយ​វីដេអូ​ខ្នាត​យក្ស​លើ​លោក​នេះ​ហើយ។ ​ពេល​នេះ ក្រុមហ៊ុន Google ​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ប៉ាគីស្ថាន ដើម្បី​នាំ​យក​សេវាកម្ម​ YouTube ​មក​បម្រើ​ដល់​ប្រជាជន​ក្នុង​ប្រទេស​វិញ។ ការ​សហការ​គ្នា​នេះ បាន​នាំ​មក​នូវ​វែបសាយ YouTube ​ដែល​ជា​ជំនាន់​បង្កើត​សម្រាប់​ប្រើ​ក្នុង​តំបន់ (ក្នុង​ប្រទេស​ប៉ាគីស្ថាន)។ ​វែបសាយ Youtube ​ថ្មី​សម្រាប់​បើក​មើល​ក្នុង​ប្រទេស​ប៉ាគីស្ថាន បាន​ភ្ជាប់​មក​ជាមួយ​ការ​គាំទ្រ​ភាសា​ប៉ាគីស្ថាន​ផ្ទាល់ និង​មាន​ទំព័រ​ដើម (homepage) បញ្ជាក់​អំពី​ប្រទេស​ជាក់លាក់។ ​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន YouTube បាន​ថ្លែង​ថា៖ «​យើង​មាន​សេចក្ដី​រីករាយ ដែល YouTube ​ពេល​នេះ​អាច​ដំណើរការ​បាន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​វិញ។ ដូច្នេះ​ប្រជាជន​ក្នុង​ប្រទេស នឹង​អាច​រីករាយ​ទស្សនា ក៏​ដូច​ជា​ចែកចាយ​វីដេអូ ផ្ដល់​ជា​បទពិសោធន៍ និង​អត្ថប្រយោជន៍ សម្រាប់​សហគមន៍​អនឡាញ​ទូទាំង​ពិភពលោក»។ សូម​បញ្ជាក់​ថា YouTube ត្រូវ​បាន​បិទ​ចោល​ក្នុង​ប្រទេស​ប៉ាគីស្ថាន ចាប់​តាំងពី​ឆ្នាំ២០១៣ ដោយ​សារ​មាន​ការ​បង្ហោះ​វីដេអូ​ពាក់ព័ន្ធ​នឹង​ការ​ប្រមាទ​មើលងាយ​ទៅ​លើ​ប្រជាជន​ម៉ូស្លីម។ បន្ទាប់ពី​នោះ តុលាការ​អាមេរិក បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Google ​លុប​ចោល​វីដេអូ​នោះ​ចេញ​ពី​វែបសាយ YouTube ​ប៉ុន្តែ Google ​បដិសេធ មិន​ធ្វើ​តាម៕
X
5s