Foxconn កំពុងចរចាទិញយកក្រុមហ៊ុន Sharp ក្នុងទំហំទឹកប្រាក់ ៥,៣ពាន់លានដុល្លារ
កាលពីខែកញ្ញា ឆ្នាំទៅធ្លាប់លេចឮថា ក្រុមហ៊ុន Foxconn កំពុងស្វែងរកជំនួយពី Apple ដើម្បីទទួលបានក្រុមហ៊ុន Sharp ដោយមានចចាមអារ៉ាមថា Foxconn ចង់ពឹងពាក់ប្រាក់ទុនរបស់ Apple ដើម្បីសម្រេចកិច្ចព្រមព្រៀងទិញយក Sharp។
បើយោងតាមរបាយការណ៍ថ្មីចុងក្រោយរបស់ Wall Street Journal ឱ្យដឹងថា ក្រុមហ៊ុន Foxconn ប្រហែលត្រៀមទឹកប្រាក់ ៥,៣ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុន Sharp។ ក្រុមហ៊ុន Sharp បច្ចុប្បន្ន បានទទួលផលិត និងផ្គត់ផ្គង់អេក្រង់សម្រាប់បំពាក់លើទូរស័ព្ទ iPhone របស់ Apple ជាផលប្រយោជន៍ ដើម្បីនាំ Foxconn ឱ្យកាន់តែជោគជ័យនៅពេលអនាគត។
សូមបញ្ជាក់ថា Foxconn គឺជាដៃគូសហការដ៏ធំមួយរបស់ ក្រុមហ៊ុន Apple ទទួលបន្ទុកក្នុងការដំឡើងទូរស័ព្ទ iPhone, iPad និងផលិតផលដទៃទៀតឱ្យ Apple។ យ៉ាងណា ខណៈពេលនេះ គេមិនទាន់ច្បាស់នៅឡើយថា តើក្រុមហ៊ុន Sharp ព្រមទទួលប្រាក់ដេញថ្លៃ ៥,៣ពាន់លានដុល្លារនេះពី Foxconn នៅឡើយ តែវាជាទំហំទឹកប្រាក់ខ្ពស់មួយ ខ្ពស់ជាងប្រាក់ដេញថ្លៃរបស់បណ្ដាក្រុមហ៊ុនមួយផ្សេងទៀត គុណនឹង២ ទៅហើយ៕