Microsoft ​ប្រមូល​កុំព្យូទ័រ Surface Pro វិញ​ដោយ​សារ​ខ្សែ​សាក​ថ្ម​មាន​បញ្ហា ​ឆាប់​ឡើង​កម្ដៅខ្លាំង​​



ក្រុមហ៊ុន Microsoft ថ្មីៗ​នេះ បាន​ប្រកាស​ធ្វើ​ការ​ប្រមូល​យក Surface Pro របស់​ខ្លួន​មក​វិញ ដើម្បី​ធ្វើការ​ជួសជុល បន្ទាប់ពី​រក​ឃើញ​មាន​បញ្ហា​ឡើង​កម្ដៅ​ខ្លាំង​នៅ​លើ​កុំព្យូទ័រ hybrid នេះ។ ក្រុមហ៊ុន​បាន​រក​ឃើញ​ថា ម៉ូដែល Surface Pro ចំនួន​ពីរ​គឺ Surface Pro 2 និង Surface Pro 3 មាន​បញ្ហា​ត្រង់​ខ្សែ power ​ឆាប់​ឡើង​កម្ដៅ​ខ្លាំង មិន​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​ធម្មតា។ ការ​ប្រមូល​វិញ ត្រូវ​បាន​ប្រកាស នឹង​ចាប់​ធ្វើ​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​តទៅ ហើយ​ធ្វើ​ឡើង​ស្រាប់​ម៉ូដែល Surface Pro ដែល​មាន​បញ្ហា ដែល​ក្រុមហ៊ុន​បាន​ដាក់​លក់​លើ​ទីផ្សារ​មុន​ថ្ងៃ​ទី១៥ កក្កដា ឆ្នាំ​២០១៥។ ដូច្នេះ​មាន​ន័យ​ថា Surface Pro ដែល​ត្រូវ​បាន​ក្រុមហ៊ុន​លក់​ចេញ​មុន​កាលបរិច្ឆេទ​នេះ នឹង​មិន​ត្រូវ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជួសជុល​ហ្វ្រី​នោះ​ឡើយ។ ​ការ​ខូចខាត​នៅ​លើ​ខ្សែ Power ដោយ​ដាច់​រលាត់ អាច​បណ្ដាល​មក​ពី ​ខ្សែ​មាន​ភាព​តឹង​ពេក ឬ​មាន​ការ​បត់​ច្រើន​គន្លាក់ ឬ​កៀប ដូច្នេះ​ហើយ​ទើប​ធ្វើឲ្យ​វា​កើត​មាន​បញ្ហា​ឆាប់​ឡើង​កម្ដៅ​ខ្លាំង ខុស​ប្រក្រតី។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​ពី​ក្រុមហ៊ុន Microsoft ​ឱ្យ​ដឹង​ថា បញ្ហា​នេះ​កើត​មាន​នៅ​លើ​អតិថិជន​មិន​ច្រើន​ទេ ពោល​គឺ​តិចតួច​ប៉ុណ្ណោះ។ យ៉ាងណា ពុំ​មាន​សេចក្ដីរាយការណ៍​ជុំវិញ Surface Pro ជំនាន់​ចុងក្រោយ Surface Pro 4 និង Surface Book ​ថា​មាន​បញ្ហា​អ្វី​នោះ​ឡើយ៕  
X
5s