Facebook ​កាក់កប​​នៅ​​ឆ្នាំ២០១៥ ដោយ​រក​ចំណូល​កើនឡើង ៤៤% និង​​​ចំណេញ​​បាន ៣,៦៩​ពាន់​លាន​ដុល្លារ​អាមេរិក​



របាយការណ៍​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Facebook មាន​សភាព​រឹងមាំ បន្ត​កើន​ឡើង​នៅ​ត្រីមាស​ទី៤ ឆ្នាំ២០១៥ ព្រមទាំង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ២០១៥ ទាំង​មូល។ ក្រុមហ៊ុន​ប្រកាស​ថា ខ្លួន​បាន​ចំណេញ ៣,៦៩ពាន់​លាន​ដុល្លារ ពី​ទំហំ​ប្រាក់​ចំណូល​​ដែល​រក​បាន​សរុប ១៧,៩៣ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៥។ នេះ​ជា​តួលេខ​សាច់ប្រាក់​មាន​ការ​កើន​ឡើង ៤៤% ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៤។

Facebook ថែមទាំង​ឱ្យ​ដឹងពី​តួលេខ​ជា​មធ្យម​របស់​អ្នក​ប្រើ​កាលពី​ឆ្នាំ២០១៥ កន្លង​ទៅ​ថា មាន​ប្រមាណ ១,០៤ពាន់​លាន​នាក់ (user) ​លេង Facebook ​រៀងរាល់​ថ្ងៃ ​ដែល​តួលេខ​មាន​ការ​កើន​ឡើង ១៧% ​ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់ ឆ្នាំ២០១៤។ តួលេខ​ប្រហែល ១ពាន់​លាន​នាក់​ខាង​លើ បើ​គិត​ទៅ​លើ​អ្នក​លេង Facebook ​តាម​ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​រៀងរាល់​ថ្ងៃ មាន​ប្រមាណ ៩៣៤លាន​នាក់ (user) ដែល​តួលេខ​នេះ​មាន​កំណើន ២៥% ធៀប​នឹង​ឆ្នាំ​ចាស់។ លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​នេះ ​បាន​ថ្លែង​ថា៖ «​២០១៥ ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់ Facebook។ សហគមន៍​របស់​យើង បន្ត​ដុះដាល ហើយ​មុខ​ជំនួញ​ក៏​រីក​លូតលាស់​ដែរ។ យើង​បន្ត​ធ្វើការ​វិនិយោគ​ដើម្បី​កាន់តែ​បម្រើ​ដល់​សហគមន៍​របស់​យើង ការ​សាង​អាជីវកម្ម​របស់​យើង និង​ការ​ភ្ជាប់​ទំនាក់ទំនង​លើ​ពិភពលោក​»។ របាយការណ៍​ហិរញ្ញវត្ថុ​មាន​សភាព​​ល្អ​ប្រសើរនេះ ក៏​ដោយសារ​បាន​រួម​ចំណែក​ពី​ជំនួញ​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម Facebook។ Facebook ​ចាប់ផ្ដើម​កើប​ប្រាក់​ពី​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត (Mobile Device) ​ហើយ​ឥឡូវ​នេះ បាន​ដឹង​មុខ​បណ្ដា​បណ្ដាញ​សង្គម​ផ្សេងៗ​ហើយ។ ​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គឺ​ធ្វើឡើង​ដោយ​ការ​បង្ហាញ ads នៅ​លើ Facebook ​និង ads ​ដែល​បង្ហាញ​ឡើង​ដោយសារ​អ្នក​បាន​ដំឡើង apps។ នៅ​របាយការណ៍​ចំណូល​សម្រាប់​ត្រីមាស​ថ្មី​នេះ ក្រុមហ៊ុន​អាច​រក​ប្រាក់​ពី​អ្នក​ប្រើ​ក្នុង​ម្នាក់​ជា​មធ្យម​បាន ១៣,៥៤ដុល្លារ កើន​ឡើង​ពី ៩ដុល្លារ​នៅ​ត្រីមាស​ដដែល​កាលពី​ឆ្នាំ​ចាស់៕
X
5s