បើ​អីចឹង​មែន ​iPhone 7 Plus រឹតតែ​ឡូយ​ហើយ ព្រោះ​​មាន​​​កាមេរ៉ា​ក្រោយ២ និង​មុខងារ​ Optical Zoom ល្អ​ជាង​មុន​



តាម​ការ​វិភាគ​របស់​លោក Ming-Chi Kuo ​មក​ពី​ក្រុមហ៊ុន KGI Securities ​បាន​អះអាង​ថា​កំពូល​ទូរស័ព្ទ iPhone 7 ​នឹង​ប្រើ​ប្រព័ន្ធ​កាមេរ៉ា​រឹតតែ​ទំនើប​គឺ​មាន Lens ​កាមេរ៉ា ២ (Dual Lens Camera)។ ទូរស័ព្ទ iPhone ​ជំនាន់​ទី១០ របស់ Apple ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ចេញ​ផ្លូវការ​នៅ​អំឡុង​ខែ​កញ្ញា ឬ​តុលា​ខាង​មុខ អម​ដោយ​ការ​ឌីហ្សាញ​រូបរាង​ថ្មី ព្រម​ជាមួយ​មុខងារ​ពិសេស​ថ្មីៗ​ទៀត។ លោក Kuo និង KGI Securities ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា សមិទ្ធផល iPhone ជំនាន់​ថ្មី អាច​នឹង​មាន​ការ​កែលំអ​ធំ​នៅ​ត្រង់​ផ្នែក​កាមេរ៉ា ពោល​នឹង​មាន​កាមេរ៉ា​ភ្លោះ (dual-camera) ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ក្រុមហ៊ុន LinX Imaging ដែល​ខ្លួន​បាន​ទិញ​យក​កាលពី​ឆ្នាំ​មុន។

linx-imaging

ការ​ព្យាករណ៍​របស់​អ្នក​វិភាគ​រូប​នេះ ទូរស័ព្ទ iOS ថ្មី​នាពេល​អនាគត​នឹង​គាំទ្រ​ប្រព័ន្ធ​ស្ទីល​កាមេរ៉ា​ភ្លោះ (dual-camera style system)។ គេ​រំពឹង​ថា Apple ​នឹង​ច្របាច់​បញ្ចូល​បន្ថែម​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ឱ្យ​មាន​សមត្ថភាព​ខ្ពស់​ថែមទៀត ក្នុង​នោះ​អាច​នឹង​ពង្រីក​រូប 2-3x ថែមទៀត​បាន។ ការ​ផ្លាស់ប្ដូរ​ថ្មី​នឹង​ធ្វើឡើង​សម្រាប់​តែ iPhone 7 Plus ​ប៉ុណ្ណោះ ចំណែក​កាមេរ៉ា​នៅ​លើ​ម៉ូដែល iPhone 7 ​គឺ​នៅ​រក្សា​ដដែល គ្រាន់តែ​ក្រុមហ៊ុន​ប្រើប្រាស់ Lens កាមេរ៉ា iSight ​ថ្មី​ប៉ុណ្ណោះ។ គេ​រំពឹង​ថា iPhone 7/7 Plus ​ទាំងពីរ​ម៉ូដែល​នេះ នឹង​ត្រូវ​អភិវឌ្ឍ​រឹតតែ​ទំនើប​ជាង​មុន ដែល​ក្នុង​នោះ​នឹង​ប្រើ​បន្ទះ​ឈីប​អង្គ​ប្រតិបត្តិ​ថ្មី​ Apple A10 ​និង​មាន RAM ធំ​ជាង​មុន ហើយ resoltuion របស់ iPhone ជំនាន់​ទី១០ នេះ​នឹង​មាន Full HD 1080p។ ​សូម​បញ្ជាក់​ថា ថ្មីៗ​នេះ មាន​ព័ត៌មាន​ថា ក្រុមហ៊ុន Apple ត្រៀម​ផលិត​លក់ iPhone ថ្មី​មាន​អេក្រង់ ៤អ៊ីញ​ដែល​អាច​ជា iPhone 6C ហើយ​គ្រោង​នឹង​ប្រកាស​នៅ​ព្រឹត្តិការណ៍​ក្នុង​ខែ​មីនា​ខាង​មុខ៕
X
5s