លោក Mark Zuckerberg ​ចង់​ឱ្យ Facebook ​មាន​អ្នក​ប្រើ​កើន​ដល់ ៥ពាន់​លាន​នាក់​នៅ​ឆ្នាំ២០៣០ ស្មើ​នឹង​ជិត ៦០% នៃ​ប្រជាជន​ពិភពលោក​​



​នៅ​អំឡុង​ព្រឹត្តិការណ៍​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ ដែល​ក្រុមហ៊ុន​ Facebook ​បាន​ប្រារព្ធ​ខួប ១២ឆ្នាំ​របស់​ខ្លួន នាយក​ប្រតិបត្តិ​លោក Mark Zuckerberg ​បាន​បង្ហាញ​មហិច្ឆតា​ថ្មី​របស់​ខ្លួន ដោយ​រំពឹង​ចំនួន​អ្នក​ប្រើ​ឱ្យ​កើន​ឡើង​ដល់ ៥ពាន់​លាន​នាក់​នៅ​ក្នុង​ឆ្នាំ២០៣០ ​ខាង​មុខ។ តួលេខ Facebook ​ចង់​បាន​នេះ គឺ​ស្មើ​នឹង​ជិត ៦០% ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ដែល​គេ​រំពឹង​នឹង​កើន​ឡើង​ដល់ ៨,៥ពាន់​លាន​នាក់​នៅ​ក្នុង​ឆ្នាំ២០៣០ ខណៈ ដែល​បច្ចុប្បន្ន​មាន​ប្រមាណ​ជិត ៧,៤ពាន់​លាន (​៧,៣៩៩ ពាន់​លាន​នាក់)។ នេះ​ដោយ​យោង​តាម​អង្គការ​សហប្រជាជាតិ។ លោក Zuckerberg ​បាន​និយាយ​ថា៖ «​យើង​ចង់​ឱ្យ​ទី​បញ្ចប់​មនុស្ស​អាច​ភ្ជាប់​ទំនាក់តំនង​គ្នា យើង​កំពុង​តែ​ធ្វើ​វា ដោយ​សហការ​ជាមួយ​បណ្ដា​រដ្ឋាភិបាល​នានា និង​ក្រុមហ៊ុន​ផ្សេងៗ​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក»។ Facebook ​បាន​ខិតខំ​នាំ​យក​តំណភ្ជាប់​អ៊ីនធឺណិត ​ដាក់​ជូន​ប្រជាជន​នៅ​ជ្រុង​ម្ខាង​ពិភពលោក​ដែល​មិន​ទាន់​បាន​ប្រើ ដោយ​ចាប់ផ្ដើម​ពី​គម្រោង Internet.org។ គម្រោង​នេះ នឹង​ផ្ដល់​ជូន​ប្រជាជន​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​កម្រិត​មួយ។ សូម​បញ្ជាក់​ថា Facebook ​​ពេល​នេះ​កំពុង​ដំណើរការ​គម្រោង​ពិសេស គឺ​​ប្រើ​យន្តហោះ​ដ្រូន​ដំណើរការ​ដោយ​ថាមពល​សូឡា ឬ​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ចែកចាយ​អ៊ីនធឺណិត​គ្រប់​ច្រកល្ហក​ទូទាំង​ពិភពលោក៕
X
5s