អាមេរិក​ហាក់​នាំមុខ​លើ​ការ​​អភិវឌ្ឍ​​​បណ្ដាញអ៊ីនធឺណិត​ទូរស័ព្ទ 5G លឿន​ជាង​កូរ៉េ ចិន និង​អឺរ៉ុប​



យោង​តាម​របាយការណ៍​ពី​គេហទំព័រ recode ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​អាមេរិក​មាន AT&T និង Verizon ​ជាដើម​នោះ កំពុង​ត្រៀម​ខ្លួន​ចាប់ផ្ដើម​ធ្វើតេស្ត​ប្រព័ន្ធ​បណ្ដាញ​ទូរស័ព្ទ​ចល័ត 5G ​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ។ បច្ចេកវិទ្យា 5G ​នឹង​មាន​ល្បឿន​ជាង 4G ១០០ដង ដែល​នឹង​ត្រូវ​បំពាក់​នៅ​លើ​ស្មាតហ្វូន​ទំនើប​ស៊េរី​ក្រោយៗ​នៅ​ចុង​ទសវត្សរ៍​នេះ​ហើយ។ បច្ចុប្បន្ន​មាន​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន​រួច​មក​ហើយ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ស្រាវជ្រាវ និង​ប្រកួតប្រជែង​បច្ចេកវិទ្យា 5G ​ដើម្បី​ដាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​បាន​ប្រើប្រាស់​មុន​គេ។ ក្នុង​នោះ ​កូរ៉េ ក៏​ជា​ប្រទេស​មួយ ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ កំពុង​អភិវឌ្ឍ​បណ្ដាញ​ទូរស័ព្ទ 5G នេះ​ជា​បណ្ដើរៗ ដែល​អាច​សម្រេច​ជោគជ័យ​នៅ​ឆ្នាំ២០១៨ ​ខាង​មុខ។ រីឯ​ប្រទេស​ចិន និង​សហគមន៍​អឺរ៉ុប ក៏​បាន​និង​កំពុង​ស្រាវជ្រាវ​ប្រព័ន្ធ​បណ្ដាញ​ទំនើប​ជាង 4G នេះ​ផង​ដែរ។ ទោះជា​យ៉ាងណា ពេល​នេះ​វា​ហាក់​ដូច​ជា អាមេរិក​នាំ​មុខ​បន្តិច ដែល​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​ខ្លះ ចាប់ផ្ដើម​ធ្វើតេស្ត​ប្រព័ន្ធ​បណ្ដាញ 5G។ ក្នុង​នោះ​មាន​ក្រុមហ៊ុន Verizon ជាដើម ដែល​បាន​ប្រកាស​កាលពី​ឆ្នាំ​ទៅ​ថា ខ្លួន​នឹង​មាន​ការ​ធ្វើតេស្ត​បច្ចេកវិទ្យា 5G នៅ​ឆ្នាំ២០១៦ ខណៈ ដែល​ក្រុមហ៊ុន AT&T ​ទើប​បាន​ប្រកាស​គម្រោង​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា នឹង​ចាប់ផ្ដើម​ធ្វើតេស្ត 5G ក្នុង​ឆ្នាំ​នេះ​ដែរ។ រង់ចាំ​មើល នៅ​ពេល ស្មាតហ្វូន​មាន 5G ​តើ​អ៊ីនធឺណិត​នឹង​លឿន​ដល់​កម្រិត​ណា? គេ​រំពឹង​ថា បណ្ដាញ 5G នឹង​បំពាក់​នៅ​លើ​ស្មាតហ្វូន អំឡុង​ឆ្នាំ២០១៨ ឬ​ចុង​ទសវត្ស​​នេះ​ហើយ៕
X
5s