BitTorrent ដកផ្ទាំងពាណិជ្ជកម្មដែលលោតរញ៉េរញ៉ៃនៅលើកម្មវិធី uTorrent ចោល ប៉ុន្តែតម្រូវឱ្យ User ចុះឈ្មោះទិញតម្លៃ ៤,៩៥ដុល្លារ/ឆ្នាំ
តើលោកអ្នកកំពុងតឹងចិត្តជាមួយផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើ uTorrent ណាស់មែនទេ? ពេលនេះ លែងរញ៉េរញ៉ៃទៀតហើយជាមួយដំណោះស្រាយថ្មីនៃតិចណូឡូជីសម្រាប់ការចែកចាយឯកសារ (File Sharing) ពី BitTorrent។ វាជាជំនាន់តម្រូវឱ្យទិញជួលសេវា ដើម្បីបំបាត់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើនោះ ក្នុងតម្លៃសមល្មមត្រឹមតែ ៤,៩៥ដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណា ជំនាន់ជួលលក្ខណៈ beta នេះ មិនដូចជាជំនាន់ Pro ដែលរាប់បញ្ចូលអត្ថប្រយោជន៍ដទៃលើសពីនេះឡើយ។
តាមធម្មតាសេវា uTorrent ជំនាន់ Pro តម្រូវឱ្យអ្នកប្រើចំណាយ ១៩,៩៥ដុល្លារ/ឆ្នាំ ដើម្បីបានប្រើមុខងារការពារមេរោគ Virus និង Malware ព្រមទាំងការគាំទ្រអតិថិជនប្រភេទបុព្វលាភ (Premium)។ អ្នកប្រើ (Subscriber) ថែមទាំងអាចបង្វែរពីការ download ទៅជា play នៅលើឧបករណ៍ផ្សេងៗ និង stream torrents បានផងដែរ។
ក្រុមហ៊ុនការងារ uTorrent របស់ BitTorrent, Inc បានបញ្ជាក់ថា ក្រុមហ៊ុនទទួលយកការបង់ប្រាក់ច្រើនទម្រង់មិនថា Credit Card និង PayPal។ នៅពេលណាដែល ការទូទាត់បានបញ្ចប់រួចរាល់ នោះអ្នកនឹងទទួលបានអ៊ីមែលបញ្ជាក់ ហើយអ្នកក៏អាចដំឡើងតាមតំណភ្ជាប់ (link) ដែលក្រុមហ៊ុនផ្ញើអ៊ីមែលភ្ជាប់ជាមួយ Bundle Installer Link ដើម្បីទទួលបាន file អមដោយតំណភ្ជាប់មានអាជ្ញាប័ណ្ណ (Personal License Key)។ បន្ទាប់ពីទទួលបាន file នោះហើយ អ្នកគ្រាន់តែដំឡើងចូលទៅក្នុងកុំព្យូទ័រតាមក្រោយកម្មវិធី uTorrent ប្រភេទ client ដើម្បីទទួលបានការអាប់ដេតស្វ័យប្រវត្តិជាការស្រេច។
សូមបញ្ជាក់ថា uTorrent ត្រូវបានបង្កើត និងដាក់ឱ្យប្រើក្នុងឆ្នាំ២០០៥ ដោយអ្នកបង្កើតកម្មវិធី (developer) ឈ្មោះ Ludvig Strigeus ហើយក្រោយមកត្រូវបានលក់ទៅឱ្យក្រុមហ៊ុន BitTorrent, Inc បន្ទាប់ពីបង្កើតបាន ១ឆ្នាំ។ កាលពីខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុនបានប្រកាសតួលេខ download ដ៏គួរឱ្យភ្ញាក់ផ្អើលគឺមានរហូតដល់ ១០០លានដង គិតតែនៅលើឧបករណ៍ចល័ត (mobile device) ប៉ុណ្ណោះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot