​iPhone 5SE និង iPad Air 3 នឹង​ត្រូវ Apple ​សម្ពោធ​ក្នុង​ថ្ងៃ​ទី១៨ មីនា​ក្រោយ​នេះ​អម​ជាមួយ​ពណ៌​ផ្កាឈូក​ស្រស់​ថែមទៀត!​



ក្រុមហ៊ុន Apple ​ត្រូវ​គេ​រំពឹង​ថា កំពុង​ត្រៀម​ខ្លួន​ប្រកាស​សមិទ្ធផល​ថ្មី​យ៉ាង​ហោច​ពីរ​មុខ​គឺ iPhone 5SE ​ដែល​មាន​អេក្រង់ ៤អ៊ីញ និង iPad Air 3 ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ខែ​មីនា​ក្រោយ​នេះ។ ​តាម​សេចក្ដី​រាយការណ៍​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី១៥ ខែ​មីនា។ បើ​តាម​សំដី​អ្នក​វិភាគ​ម្នាក់​ពី​គេហទំព័រ 9 to 5 Mac ​លោក Mark Gurman ​ឱ្យ​ដឹង​ថា ​ផលិតផល​ថ្មី​ទាំងពីរ​របស់ Apple នឹង​ត្រូវ​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​នេះ ដាក់​លក់​នៅ​តាម​ហាង Apple Store របស់​ខ្លួន​ថ្ងៃ​ទី១៨ ខែ​មីនា។ Apple ​អាច​មិន​ដាក់​ឱ្យ​អតិថិជន​ធ្វើការ​កុម្ម៉ង់ iPhone 5SE និង iPad Air 3 ​នោះ​ឡើយ គឺ​រង់ចាំ​រហូត​ចេញ​លក់​ផ្លូវការ​តែ​ម្ដង។ 1 (2) ​នេះ​អាច​ជា​រឿង​ថ្មី​មួយ​សម្រាប់ Apple ​ដែល​ក្រុមហ៊ុន​អាមេរិក​នេះ តាម​ធម្មតា​តែង​ដាក់​ឱ្យ​អតិថិជន​អាច​ធ្វើការ​បញ្ជា​ទិញ​មុន រាល់​ផលិតផល​របស់​ខ្លួន​មាន​លក់​លើ​ទីផ្សារ។ ទូរស័ព្ទ iPhone អេក្រង់ ៤អ៊ីញ​ថ្មី iPhone 5SE ​មាន​ចចាមអារ៉ាម​ថា នឹង​មាន​លក្ខណៈ សម្បត្តិ​ខ្លះ​ដូច​នៅ​លើ iPhone 6S និង 6S Plus ដែរ ក្នុង​នោះ​អាច​បំពាក់​ឈីប Apple A9 ​ជាមួយ RAM 2GB។ 2 (2) ​iPhone 5SE ​នឹង​មាន​កាមេរ៉ា​ដូច​នៅ​លើ iPhone លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន ដែល​ក្នុង​នោះ​កាមេរ៉ា​ក្រោយ​ទំហំ 12MP ហើយ​ខាង​មុខ​ទំហំ 5MP។ ទូរស័ព្ទ​នេះ ថែមទាំង​អាច​ភ្ជាប់​បច្ចេកវិទ្យា Touch ID និង 3D Touch ​ផង​ដែរ។ iPhone អេក្រង់ ៤អ៊ីញ​ថ្មី​នេះ អាច​មាន​ជម្រើស​ពណ៌​ផ្កាឈូក​ស្រស់​មួយ​ទៀត ​ឬ​ពណ៌​មាស​ក្រហម​ដូច​នៅ​លើ iPhone 6S ដែរ។ 3 (2) ងាក​មក iPad Air 3 វិញ អាច​មាន​លក្ខណៈ សម្បត្តិ hardware ប្រហាក់ប្រហែល​នឹង iPad Pro ដែល​បំពាក់​ឈីប Apple A9X ​គាំទ្រ​ប៊ិច Apple Pencil ​មាន RAM ធំ​ជាង​ម៉ូដែល iPad បច្ចុប្បន្ន និង​មាន​​កាមេរ៉ា​ក្រោយ​បំពាក់​ភ្លើង​ជំនួយ LED Flash។ ចំពោះ​មេម៉ូរី​អាច​ស្ថិត​នៅ​ចន្លោះ 16GB ​ដល់ 128GB ​ហើយ​មាន​បច្ចេកវិទ្យា 3D Touch និង​គាំទ្រ​សេវាកម្ម​បង់​ប្រាក់ Apple Pay ផង​ដែរ៕ 4 (2) ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  to 5 Mac
X
5s