Apple សន្យា​នឹង​ជួសជុល​បញ្ហា​សូហ្វ៊ែរ ដែល​កែ​ថ្ងៃខែ​លើ iPhone បណ្ដាល​ឱ្យ​គាំង​ប្រើ​លែង​កើត​



ថ្មីៗ​នេះ​មាន​ផ្ទុះ​រឿង​ជុំវិញ​បញ្ហា (bug) សូហ្វ៊ែរ​លើ​ទូរស័ព្ទ iPhone ​ដែល​គ្រាន់តែ​កែ​ថ្ងៃ​ខែ​បណ្ដាល​ឱ្យ​ទូរស័ព្ទ​គាំង មិន​អាច​ប្រើ​បាន។ ទូរស័ព្ទ iPhone នឹង​គាំង បន្ទាប់ពី​អ្នក​ប្រើ ធ្វើការ​កែ​ប្រែ​ថ្ងៃ​ខែ​ឆ្នាំ លើ​ទូរស័ព្ទ ទៅ​កាន់​កាលបរិច្ឆេទ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ១៩៧០។ ចំណែក​ពេល​នេះ​ក្រុមហ៊ុន Apple សន្យា បាន​ទទួល​ស្គាល់​កំហុស​ឆ្គង​នេះ ហើយ​សន្យា​នឹង​ជួសជុល​បញ្ហា​សូហ្វ៊ែរ​ឡើង​វិញ។ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ និង​កើប​ប្រាក់​សន្ធឺក​សន្ធាប់​ពី​ iPhone នេះ បាន​បញ្ជាក់​ថា នឹង​ធ្វើការ​ជួសជុល​ដោយ​ដាក់​ចេញ​បច្ចុប្បន្នភាព​សូហ្វ៊ែរ (software update) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ Apple បាន​លើកឡើង​ដូច្នេះ​ថា៖ «​សូហ្វ៊ែរ​អាប់ដេត​ថ្មី​ខាង​មុខ នឹង​អាច​បញ្ចៀស​បញ្ហា​លើ​ឧបករណ៍ iOS បាន។ ប្រសិនបើ​លោក​អ្នក នៅ​តែ​ជួប​បញ្ហា​ទៀត សូម​ទាក់ទង​មក​កាន់​ក្រុម​ការងារ​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន»។ យ៉ាងណា ពេល​នេះ​គេ​ពុំ​ទាន់​ច្បាស់​នៅ​ឡើយ​ថា តើ​សូហ្វ៊ែរ​ដែល​អាប់ដេត​ថ្មី នឹង​បញ្ចូល​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.3 ​ឬ Apple ​នឹង​ដាក់​ចេញ​បច្ចុប្បន្នភាព​សូហ្វ៊ែរ​ថ្មី​នេះ មុន​ចេញ iOS 9.3 ឬ​យ៉ាងណា។ សូម​បញ្ជាក់​ថា បន្ទាប់ពី​បញ្ហា​គាំង​នៅ​ពេល​កែ​ថ្ងៃ​ខែ​លើ iPhone ទៅ​ថ្ងៃ​ទី១ មករា ១៩៧០ រួច​មក អ្នក​ជំនាញ​​ iOS មួយជំនួន​បាន​ផលិត​វីដេអូ​គន្លឹះ​សម្រាប់​ដោះស្រាយ​នៅ​លើ Youtube។ អ្នក​ខ្លះ បង្ហាញ​គន្លឹះ​ដោះស្រាយ​ដោយ​តម្រូវ​ឱ្យផ្ដាច់​ភ្លើង​ ឬ​ដោះ​ថ្ម​ចេញ​ ដោយ​ការ​មូរ​ខ្ចៅ​សន្ទះ​ក្រោយ​នៃ iPhone។ ខ្លះ​ទៀត​ ឱ្យ​លោក​អ្នក​ដោត​ទូរស័ព្ទ​ដែល​គាំង​នោះ ជាមួយ​កុំព្យូទ័រ​ដែល​មាន​កម្មវិធី iTune រួច​អនុវត្ត​តាម​ការ​​លុប ឬ​ format ទូរស័ព្ទ។ សូម​ទស្សនា​វីដេអូ​៖ https://youtu.be/ofnq37dqGyY https://youtu.be/p35k2hZlBPU
X
5s