Apple ទើបជួសជុលបញ្ហា Error 53 ដែលនាំឱ្យ iPhone ក្លាយជាដុំថ្ម បន្ទាប់ពីប្ដូរ Home Button ដោយខ្លួនឯង
នៅដើមខែកុម្ភៈនេះ គេហទំព័រ The Guardian បានចុះផ្សាយអំពីបញ្ហាលើ iPhone គឺនឹងខូច ហើយ ដំណើរការលែងបាន ប្រៀបដូចទៅនឹងដុំថ្មឥតបានការ ប្រសិនគេយកទូរស័ព្ទទៅជួសជុលប្ដូរប៊ូតុង Home (ប៊ូតុងដែលមាន Touch ID) នៅតាមហាងផ្សេងៗ ក្រៅពីក្រុមហ៊ុន Apple។ ចំណែកពេលនេះ ក្រុមហ៊ុន Apple បានធ្វើការជួសជុលបញ្ហា Error នេះបានហើយ។
ថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញ “patch” ដោះស្រាយបញ្ហា Error 53 ដែលក្រោយពីគេប្ដូរប៊ូតុង Home ដែលមាន Touch ID រួច ធ្វើឱ្យទូរស័ព្ទ iPhone មិនដំណើរការ។ ការបញ្ចេញ “patch” នេះគឺដោយបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 9.2.1 ស្រាប់ ដែលនឹងអាចធ្វើការ restore iPhone ដែលមានបញ្ហាដោយ Error 53 ហើយបញ្ចៀស iPhone ជួបបញ្ហាដដែលនេះព្រោះតែគេយកទៅជួសជុលក្រៅពីក្រុមហ៊ុន Apple។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពសូហ្វ៊ែរ iOS 9.2.1 គឺអាចធ្វើបាន តែតាមកម្មវិធី iTune ប៉ុណ្ណោះ រីឯការអាប់ដេតតាមទូរស័ព្ទ (over-the-air) នឹងមិនមានការជួសជុល Error 53 នេះទេ។ ទោះជាយ៉ាងណា “Patch” នេះ មិនអាចធ្វើឲ្យ Touch ID ដំណើរការវិញនោះទេ។
ក្រុមហ៊ុន Apple ធ្វើការបកស្រាយប្រាប់គេហទំព័រ TechCrunch ថា Error 53 ត្រូវបានបង្កើតឡើងសម្រាប់ការធ្វើតេស្តក្នុងរោងចក្រ ហើយក្រុមហ៊ុនគ្មានបំណងធ្វើឲ្យប៉ះពាល់ដល់ទូរស័ព្ទរបស់អតិថិជននោះទេ។
Apple បានបញ្ជាក់ថា Error 53 នេះគឺដើម្បីជាការឆែកប្រព័ន្ធសុវត្ថិភាព “security check” ប៉ុណ្ណោះ។ ប្រសិនទូរស័ព្ទ iPhone ណាខូចជួសជុលដោយធ្វើការផ្លាស់ប្ដូរប៊ូតុង Home ដែលមានមុខងារ Touch ID ជាមួយនោះ នៅតាមហាងជួសជុលទូរស័ព្ទ មិនមែនរបស់ក្រុមហ៊ុន Apple នោះ ទូរស័ព្ទនឹងលែងដំណើរការ។ មូលហេតុគឺដោយសារ រាល់ Touch ID sensor នីមួយៗត្រូវបានបំពាក់ជាមួយទូរស័ព្ទ iPhone មួយជាក់លាក់។ វាមិនដំណើរការជាមួយទូរស័ព្ទ iPhone ដទៃបានឡើយ។
វិធីសាស្ត្រនេះ ត្រូវបាន Apple គិតឡើងដើម្បីផ្ដល់សុវត្ថិភាពខ្ពស់លើធាតុនៃឈីប ដែលទិន្នន័យក្នុង Touch ID ត្រូវបានរក្សាទុក ហើយមិនអាចយកទៅប្រើជាមួយ Hardware ដទៃបានឡើយ៕