ថ្ងៃ​ស្អែក​ Galaxy S7 ចេញ​ផ្លូវការ​ហើយ តើ​លោក​អ្នក​ដឹង​អ្វី​ខ្លះ​ពី​លក្ខណៈ​សម្បត្តិ​​របស់​ កំពូល​ស្មាតហ្វូន​នេះ?​



ថ្ងៃ​ស្អែក​នេះ ​ក្រុមហ៊ុន Samsung ​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ពីរ​ម៉ូដែល​គឺ Galaxy S7 និង Galaxy S7 Edge។ ​បើ​ផ្អែក​តាម​ចចាមអារ៉ាម​ពី​លក្ខណៈ​សម្បត្តិ និង​រូប​បែក​ធ្លាយ​កន្លង​មក​ឱ្យ​ដឹង​ថា កំពូល​ស្មាតហ្វូន​នេះ នឹង​ត្រូវ​ក្រុមហ៊ុន Samsung ​ធ្វើការ​រចនា​រូបរាង​ថ្មី​មាន​ភាព​ខុស​គ្នា​នឹង Galaxy S6។ ស្មាតហ្វូន Galaxy S6 ដែល​ចេញ​កាលពី​ឆ្នាំ​២០១៥ ​គឺ​ត្រូវ​បាន​ផលិត​ពី​លោហធាតុ ​និង​កញ្ចក់​ផ្ដល់​ភាព​ទាន់សម័យ​ពេល​កាន់​នឹង​ដៃ។ ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ដែល​បាន​លេចឮ​ថា នឹង​បំពាក់​នៅ​លើ Galaxy S7/S7 Edge៖ -Galaxy S7 មាន​ពីរ​ទំហំ ​ហើយ​មួយ​ក្នុង​ចំណោម​នោះ​នឹង​មាន​អេក្រង់​កោង៖ ​តាម​រូប​ដែល​បាន​បែក​ធ្លាយ​កន្លង​ទៅ បង្ហាញ​ថា Galaxy S7 ​នឹង​មាន​រូបរាង​ឌីហ្សាញ​ស្រដៀង​ខ្លាំង​ទៅ​នឹង Galaxy S6។ គណនី @evleaks ​បាន​បង្ហោះ​រូបរាង​មួយ​ចំនួន​អំពី​ស្មាតហ្វូន​ថ្មី​នេះ ដែល​គេ​សង្កេត​ឃើញ​វា មាន​រូបរាង​មិន​ខុស​គ្នា​ខ្លាំង​នឹង Galaxy ជំនាន់​មុន​នោះ​ទេ។ Samsung ​អាច​នឹង​បន្ថែម​ជម្រើស​ពណ៌​ខ្មៅ​លើ Galaxy S ជំនាន់​ទី៧ នេះ ខណៈ​ដែល Galaxy S6 ​មាន​ត្រឹមតែ​ពណ៌​ខៀវ​ចាស់ ដែល​មិន​មាន​ពណ៌​ខ្មៅ​ទេ។ Samsung ប្រកាស Galaxy S7 ​មាន​ពណ៌​ខ្មៅ, ប្រាក់, ស និង​ពណ៌​មាស។ Galaxy S7 Edge ​ជា​ស្មាតហ្វូន​កោង​ដែល​មាន​អេក្រង់ ៥,៥អ៊ីញ ​ខណៈ ដែល Galaxy S7 ​ដែល​មាន​អេក្រង់​រាប​ស្មើ មាន​អេក្រង់ ៥,១អ៊ីញ។ យ៉ាងណា​អេក្រង់​ស្មាតហ្វូន​ទាំង​ពីរ​នឹង​មាន​ទំហំ resolution ​ដូច​គ្នា​គឺ qHD 1440x2560px បច្ចេកវិទ្យា Super AMOLED បង្ហាញ​រូប​ច្បាស់​ម៉ត់​ល្អ។

-​នឹង​បំពាក់​បច្ចេកវិទ្យា​មិន​ចូល​ទឹក ​ហើយ​មាន​រន្ធ​បន្ថែម microSD ​បើទោះបី​រូបរាង GS7 នេះ មាន​រូបរាង​ស្ទើរតែ​ដូច​បេះបិទ​ទៅ​នឹង​ម៉ូដែល Galaxy ឆ្នាំ​មុន ប៉ុន្តែ​គេ​រំពឹង​ថា Samsung ​នឹង​នាំ​យក​មុខងារ​ដែល​គ្មាន​នៅ​លើ Galaxy S6 ​មក​បំពាក់​នៅ​លើ GS7វិញ។ Galaxy S7 ត្រូវ​គេ​រាយការណ៍​ថា នឹង​មាន​ការ​ឌីហ្សាញ​ស្តង់ដារ IP67 water-resistant ​ជា​បច្ចេកវិទ្យា​មិន​ចូល​ទឹក ងាយស្រួល​ប្រើ​ស្ទើរតែ​គ្រប់​កាលៈទេសៈ មិន​ថា ប្រើ​នៅ​ក្រោម​ភ្លៀង​ធ្លាក់ ឬ​នៅ​ក្នុង​អាង​ហែលទឹក។ សូម​បញ្ជាក់​ថា កាលពី​ជំនាន់ Galaxy S5 ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​បច្ចេកវិទ្យា​មិន​ចូល​ទឹក តែ​ក្រោយ​មក​នៅ​លើ Galaxy S6 ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ដក​បច្ចេកវិទ្យា​នេះ​ចេញ​វិញ។ -​កម្រិត​ថាមពល​ថ្ម​ធំ​ជាង​មុន ទាំង Galaxy S7 និង S7 Edge ​ ថ្ម​នៅ​លើ​ស្មាតហ្វូន ជា​ផ្នែក​សំខាន់ និង​ជា​ចំណុច​ទាក់ទាញ​ចិត្ត​អតិថិជន​ឱ្យ​ទិញ​ប្រើ ហើយ Galaxy S7 ទាំង​ពីរ​ម៉ូដែល​នេះ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ដែរ​ថា នឹង​ត្រូវ Samsung ​បង្កើន​កម្រិត​ថាមពល​គឺ​រហូត​ដល់ 3000mAh ​ខ្ពស់​ជាង Galaxy S6 ​ដែល​មាន​ត្រឹម 2550mAh។ ចំណែក​ថ្ម​នៅ​លើ Galaxy S7 Edge នឹង​មាន​កម្រិត​ថាមពល 3600nAh។ ស្មាតហ្វូន​ថ្មី​ទាំង​ពីរ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0។ -​កាមេរ៉ា​មាន​ទំហំ​មេហ្គាភិចហ្សែល​តូច​ជាង​មុន តែ​មាន​សមត្ថភាព​ថត​ច្បាស់​ជាង​មុន ​ក្រុមហ៊ុន Samsung ត្រូវ​គេ​រាយការណ៍​ថា នឹង​បន្ថែម​សមត្ថភាព​កាមេរ៉ា​នៅ​លើ​ស្មាតហ្វូន​ថ្មី Galaxy S7 ទាំងពីរ​ម៉ូដែល​នេះ។ ខណៈ​ដែល​ទំហំ​មេហ្គាភិចហ្សែល​នៅ​លើ Galaxy S6 ​មាន​ទំហំ 16MP ​ចំណែក GS7 នេះ ត្រូវ​គេ​រាយការណ៍​ថា នឹង​ត្រូវ Samsung ​បន្ថយ​ទំហំ​មក​ត្រឹម 12MP វិញ។ ប៉ុន្តែ​កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន ដោយ​ថត​រូប​បាន​ច្បាស់​ល្អ​ជា​មុន មិន​ថា​នៅ​ទី​ភ្លឺ ឬ​នៅ​ទី​ងងឹត។ -បំពាក់​អង្គ​ប្រតិបត្តិ​ផ្សេង​គ្នា ​Samsung និង Qualcomm ​បាន​ចាប់ដៃ​សហការ​គ្នា​កន្លង​ទៅ ដោយ​បាន​ផលិត​ស៊េរី​ស្មាតហ្វូន Galaxy S បំពាក់​ឈីប​ទាំង​ពីរ​របស់​ក្រុមហ៊ុន​គឺ​ប្រភេទ​ឈីប Snapdragon របស់ Qualcomm និង Exynos របស់ Samsung ផលិត​ដោយ​ផ្ទាល់ ជាក់ស្ដែង​គឺ Galaxy S6 ចេញ​ឆ្នាំ​មុន គឺ​ត្រូវ​បាន​បំពាក់​ឈីប​ពីរ​ប្រភេទ​ផ្សេង​គ្នា។ ចំណែក Galaxy S7 ​ក៏​មិន​ខុស​គ្នា​ដែរ នឹង​បំពាក់​ឈីប​ផ្សេង​គ្នា គឺ Snapdragon 820 ​និង​ឈីប Exynos។ Galaxy S7 ដែល​បំពាក់​ឈីប Snapdragon 820 នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​អាមេរិក។

Main-Image (1)

ក្រុមហ៊ុន Samsung នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​ “Unpacked” មួយ​នៅ​ថ្ងៃ​ទី២១ កុម្ភៈ​ស្អែក​នេះ៕ រង់ចាំ​មើល​ថា​តើ Galaxy S7/S7 Edge នឹង​ពិសេស​ខុស​ប្លែក​នឹង​ទូរស័ព្ទ​ជំនាន់​មុន​យ៉ាង​ណា​ខ្លះ?
X
5s