ធ្លាប់តែឮនាយកប្រតិបត្តិ (CEO) តើអ្នកដឹងទេថានាយកប្រតិបត្តិមានតួនាទីអ្វីខ្លះក្នុងក្រុមហ៊ុន?​




នាយក​ប្រតិបត្តិ​ជា​បុគ្គ​ល​ម្នាក់​ដែល​មាន​ឋានៈ​ខ្ពស់ជាង​គេ​ក្នុ​ងលំដាប់​អ្នក​គ្រប់​គ្រង​ និង​ជា​អ្នកធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​អង្គភាព។ កាតព្វ​កិច្ច​របស់​នាយក​ប្រតិបត្តិ​មានភាព​វែង​ឆ្ងាយ និង​ទូ​លំទូលាយ។ រាប់ចាប់
ពីការសម្រេចចិត្តលើទិសដៅជាយុទ្ធសាស្រ្តរបស់​ក្រុមហ៊ុនដើម្បីរក្សាការយល់ដឹងអំពីអ្វីដែលដៃគូប្រកួតប្រជែងកំពុងធ្វើ នាយក​ប្រតិបត្តិ​ត្រូវ​បានគេ​តម្រូវ​ឲ្យ​ធ្វើ​ការ​ដឹក​នាំ គ្រប់​គ្រង និង​ដំណើរ​ការ​ប្រតិបត្តិការ​ក្នុង​កម្រិត​ខ្ពស់​ដើម្បីធា​នា​បាន​នូវ​ភាពជោគ​ជ័យ​របស់អាជីវកម្ម​។ តើអ្នកដឹងទេតើនាយកប្រតិបត្តិមានតួនាទីអ្វីខ្លះ? ខាងក្រោមនេះគឺជា តួ​នាទីទាំង៧ចំណុច​របស់​នាយក​ប្រតិបត្តិ​ដែលអ្នកគួរដឹង៖

១) ការសម្រេចចិត្តលើទិសដៅជាយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន
ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​ក្រុម​ហ៊ុន​រួម​មាន តម្លៃ បេសកកម្ម ចក្ខុ​វិស័យ ទិស​ដៅនិង​យុទ្ធ​សាស្រ្ត​ជា​រួម​ទាំង​អស់។ ភាព​ទទួល​ខុស​ត្រូវ​របស់​នាយក​ប្រតិបត្តិ​ជា​កា​របង្ហាញ​នូវ​ភាពសាក​សម​រវាង​គ្នា​នូវ ការអនុវត្តផែន​ការ​ ប្រតិបត្តិផែន​ការ និងត្រួតពិនិត្យលើប្រតិបត្តិការរបស់អង្គភាព​ដោយអនុលោមទៅតាមយុទ្ធសាស្ត្រទូទៅ។

នាយក​ប្រតិបត្តិ​ត្រូវធ្វើ​ការកំណត់​​សំណើរ​នៃការលក់​របស់​ក្រុម​ហ៊ុន​ និង​បង្កើត​ដាក់​ចេញសំណើរ​ទាំង​នោះ​នៅ​លើ​ទីផ្សារ។ ​លើស​ពី​នេះ​នាយក​ប្រតិបត្តិ​ភាគ​ច្រើន​ត្រូវ​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ចក្ខុ​វិស័យ​ ដើម្បី​ភាព​ជោគ​ជ័យ​របស់​ក្រុម​ហ៊ុន​។ ចក្ខុវិស័យនេះគួរតែផ្អែកលើការវាយតម្លៃជាក់ស្តែងនៃទីផ្សារការប្រកួតប្រជែងនិងសក្តានុពលរបស់ក្រុមហ៊ុន។ ចក្ខុវិស័យនេះគួរតែបង្កើតទិសដៅរួមរបស់ក្រុមហ៊ុននិងគោលការណ៍ប្រតិបត្តិការស្នូលរបស់ខ្លួន។

២) ជាបុគ្គ​ល​ម្នាក់​ដែល​ត្រូវ​ចេញមុខជា​សាធារណៈ
នា​យក​ប្រតិបត្តិ​គឺ​តែ​ង​ជា​បុគ្គល​ចេញមុខ​ជា​សាធារណៈ​របស់​ក្រុ​ម​ហ៊ុន ដូចជា​ Mark Zuckerberg នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុ​ន Facebook លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Amazon ជាដើម​។ ដោយ​សារ​ហេតុ​ផល​មួយ​នេះ​ហើយ​ដែល​យើង​តែង​ឃើញ​ពួក​គាត់​ចេញ​មុខ​តាម​​កញ្ចក់​ទូរទស្សន៍ ផ្តល់​បទសម្ភាសន៍ ឬ​តាមបញ្តាញសង្គម​នានា។ សហគ្រិនវ័យក្មេងជាច្រើន​ដែល​បាន​បង្ហាញ​ដូចជា Mark Zuckerberg និង Elon Musk មាន​ការ​ជឿជាក់ថាដើម្បីទទួលជោគជ័យពួកគេក៏ត្រូវការកសាងរូបភាពជាសាធារណៈផងដែរ។

៣) ជាអ្នក​រាយ​ការណ៍​ទៅ​ឲ្យ​ដល់​ក្រុម​ប្រឹក្សា​ភិ​បាល​
ចំពោះ​សាជីវកម្ម ឬអង្គភាព​ដែល​មា​នស្តង់​ដារ​ នាយក​ប្រ​តិបត្តិ​ជា​អ្នក​រាយ​ការណ៍​ទៅ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន​ ​​ជាញឹកញាប់ស្វែងរកដំបូន្មាននិងការណែនាំរបស់ពួកគេ។ នាយក​ប្រតិបត្តិ​ជា​បុគ្គ​ល​ដែល​បាន​ជ្រើស​តាំង ឬ​បោះ​ឆ្នោត​ជ្រើស​យក​ដោយ​ក្រុម​ប្រឹក្សាភិបាល តែ​ការ​កំណត់​របស់​នាយក​ប្រតិ​បត្តិ​អាស្រ័យ​លើ​រច​នាសម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​។ ក្នុង​ករណី​ខ្លះ  នាយក​ប្រតិបត្តិ​អាច​ជា​បុគ្គលម្នាក់​ដែល​មាន​ភាគ​ហ៊ុន​ច្រើន​ជាងគេក្នុង​ក្រុម​ហ៊ុន​។

៤) អភិ​វឌ្ឍទិស​ដៅ​ធន​ធាន​មនុស្ស
ការ​ងារ​ក្នុង​ក្រុម​ហ៊ុន​មួយ ទោះ​បី​មាន​បច្ចេក​វិទ្យា​ជា​ជំនួយ​ខ្លាំង​កម្រិត​ណាក៏​ដោយ តែ​មិន​អា​​ច​ខ្វះ​បា​ន​នូវ​សមត្ថ​ភាពធនធាន​មនុស្ស​ឡើយ ដូច្នេះ​តួ​នាទី​របស់​នាយក​ប្រតិបត្តិ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​បុគ្គលិក​គឺ​សំខាន់​។ ថ្វី​ត្បិត​តែ​នាយក​ប្រតិបត្តិ​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​លើ​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ តែ​នាយក​ប្រតិបត្តិ​តែង​មាន​ដាក់​ចេញជា​វគ្គ​បណ្តុះ​បណ្តាល​នានា​ ផ្តល់​ចំណេះ​ដឹង​ផ្នែក​ជំនាញ ឬ​ចំណេះ​ដឹង​បន្ថែម​ដែល​បុគ្គលិក​គួរ​ទទួល​បាន​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​បុគ្គលិក​ក្នុង​ស្ថាប័នជា​ធនធាន​មួយ​ដែល​ផ្តល់​ប្រយោជន៍ដល់​ក្រុម​ហ៊ុន​ផង និង​ទទួល​បាន​ចំណេះ​កាន់តែ​ច្រើន​សម្រាប់​បុគ្គលិក​ខ្លួន​ឯង​ផ្ទាល់។​​

៥) បង្កើត​បណ្តាញសម្រាប់អាជីវកម្ម
​​ការ​បង្កើត​បណ្តាញ​សម្រាប់​អាជីវកម្ម​ អាចបម្រើដល់​គោលបំណងខុសៗគ្នានៅក្នុងអង្គភាពហើយក៏​ជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់នាយកប្រតិបត្តិដើម្បីទទួលយក។ វា​អាចជា​ការ​ភ្ជាប់​ទំនាក់​ទំនងជា​មូយអ្នក​លក់ រកឃើញឱកាសនៃការទិញយក (ទិញ​យក​អាជីវកម្ម​) សក្តានុពល ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​នានា​ដើម្បី​ស្គាល់​បុគ្គល​ល្បីៗ ឬ​អ្នក​មាន​មុខ​ក្នុង​សង្គម​ ចែក​រំលែក​បទពិ​សោធន៍ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួនជាដើម។

៦) ស្វែង​រក​ឱកាស​​រួម​បញ្ចូល​អាជីវកម្ម​ ឬ​ទាញយក​ការបណ្តាក់​ទុន​ឲ្យ​បាន​ច្រើន​
ត្រឹម​បង្កើន​ការលក់​មិ​ន​ទាន់​គ្រប់គ្រាន់ទេ​សម្រាប់អាជីវកម្ម​ដើម្បីរីក​ចម្រើន។ ការ​ដែល​ព្យាយាមស្វែង​រក​ដៃគូសហការ​ដើម្បីរួម​អាជីវកម្ម​គ្នា​ អាច​បង្ហាញទៅភ្នែក​សាធារណៈ​បានថា ក្រុម​ហ៊ុន​មួយ​នោះ​ជា​ក្រុម​ហ៊ុន​ល្អ រឹង​ម៉ាំ ទើប​មាន​អ្នក​បណ្តាក់​ទុន​វិនិយោគ វាបង្ហាញ​ពី​កិត្យា​នុភាព​ សក្តានុពល​ កេរ្តិ៍​ឈ្មោះ​របស់​ក្រុម​ហ៊ុន​បាន​កាន់​តែ​ខ្លាំង។ ដូច្នេះ​នាយក​ប្រតិបត្តិ​ជា​បុគ្គ​ល​មួ​យរូបដែល​ខិត​ខំ​ខ្លាំង​ណាស់​ដើម្បីដំណើរ​ការ​អាជីវកម្ម។

 ​​​​៧) នាយក​ប្រតិបត្តិ​ជាអ្នក​គិត​ចុង​ក្រោយ
តួនាទី​របស់​នាយក​ប្រ​តិបត្តិ​អាច​នឹងអាស្រ័យ​លើ​ការ​តម្រូវ​របស់​ក្រុម​ហ៊ុន​ តែអ្វី​ដែល​សំខាន់គាត់​មិនមែនជាអ្នក​ដែល​ត្រូវ​ពិនិត្យ​លើ​រឿង​ដែល​តូច​តាច​ប្រចាំ​ថ្ងៃ​ទេ ជាក់​ស្តែងនាយក​ប្រតិបត្តិ​ជា​អ្នក​ប្រតិបត្តិ​លើ​កម្រិតម៉ាក្រូ។ ការ​លើក​ឡើង​នេះ មានន័យ​ថារាល់​ការ​សម្រេចរបស់​ប្រធាន​នាយក​ដ្ឋានត្រូវ​ដាក់​ទៅនាយក​ប្រតិបត្តិដើម្បី​ពិនិត្យ​និង​សម្រេច​ជាចុងក្រោយ។ អ្វី​ដែល​សំខាន់ នាយក​ប្រតិបត្តិ​បាន​សមេ្រចចិត្ត​ស្រប​តាម​ទិស​ដៅ និង​ចក្ខុ​វិស័យ​របស់​អង្គភាព ឬក្រុម​ហ៊ុនឬ​ទេ?

ដោយ៖ យ៉ាយ៉ា