សុភាសិតបារាំង៖ «អ្វីដែលធ្វើឲ្យយើងមិនរីករាយជាមួយនឹងស្ថានភាពរបស់ខ្លួនឯងគឺជាការយល់ឃើញដ៏បំផ្លើស...»​



ជនជាតិបារាំងមានសុភាសិតមួយថា៖ «អ្វីដែលធ្វើឲ្យយើងមិនរីករាយជាមួយនឹងស្ថានភាពរបស់ខ្លួនឯងគឺជាការយល់ឃើញដ៏បំផ្លើសយ៉ាងមិនសមហេតុផលដែលយើងមានចំពោះក្ដីសុខរបស់អ្នកដទៃ។» សុភាសិតរបស់ជនជាតិបារាំងមួយនេះពិតជាមានខ្លឹមសារត្រឹមត្រូវប្រាកដណាស់។ មនុស្សយើងម្នាក់ៗតែងតែងប់ងុលជាមួយនឹងទុក្ខវេទនារបស់ខ្លួនឯង ដែលការងប់ងុលនេះធ្វើឲ្យពួកគេលិចលង់ហើយវាក៏បានបិទបាំងពួកគេមិនឲ្យឃើញស្រទាប់ផ្សេងទៀតនៃជីវិតដែរ។

ការងប់ងុលរបស់ពួកគេមិនត្រឹមត្រូវតែបិទបាំងពួកគេមិនឲ្យឃើញពីភាពស្រស់ស្អាតផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេនោះទេ តែវាក៏បានបិទបាំងពួកគេមិនឲ្យមើលឃើញពីទុក្ខវេទនារបស់មនុស្សគ្រប់ៗរូបដែលមានជីវិតនៅលើលោកនេះដែរ។ មនុស្សគ្រប់រូបកើតមកលើលោកនេះសុទ្ធតែមានទុក្ខទាំងអស់ គ្រាន់តែទុក្ខរបស់ម្នាក់ៗទៅតាមរបៀបខុសៗគ្នាប៉ុណ្ណោះ ហើយរាល់អ្វីដែលអ្នកបានជួបក្នុងជីវិតរបស់អ្នកសុទ្ធតែមានហេតុទាំងអស់។ ក្ដីសុខដែលអ្នកឃើញនៅក្នុងជីវិតរបស់អ្នកដទៃ គ្រាន់តែជាផ្នែកមួយនៃជីវិតរបស់ពួកគេប៉ុណ្ណោះ។ មនុស្សយើងតែងតែបែបនេះឯង គឺមើលឃើញថាស្មៅនៅត្រើយម្ខាងលូតលាស់ខ្ចីល្អជាងស្មៅរបស់ខ្លួនឯង។

ក្នុងជីវិតម្នាក់ៗពេញទៅដោយទាំងក្ដីសុខនិងក្ដីឈឺចាប់។ មានរឿងមួយចំនួនយើងអាចផ្លាស់ប្ដូរបាន ប៉ុន្តែមានរឿងមួយចំនួនទៀតយើងមិនអាចផ្លាស់ប្ដូរវាបាននោះទេ ព្រោះវាជាច្បាប់ធម្មជាតិ។ បើមានរឿងបែបនេះកើតឡើង អ្វីដែលអ្នកអាចធ្វើបានគឺមានតែផ្លាស់ប្ដូរការគិតរបស់អ្នកចំពោះវាតែប៉ុណ្ណោះ។ មានសម្ដីមួយឃ្លាក៏បានលើកឡើងដែរថា ពួកយើងរងទុក្ខនៅក្នុងការស្រមើស្រមៃរបស់យើងច្រើនជាងនៅក្នុងស្ថានភាពជាក់ស្ដែង ពោលគឺការគិតរបស់អ្នកខ្លួនឯងនេះឯងដែលធ្វើឲ្យអ្នករងទុក្ខ គឺការដាក់ក្ដីរំពឹងរបស់អ្នកខ្លួនឯងនេះឯងដែលធ្វើឲ្យអ្នកខកចិត្ត។

ចំពោះស្ថានការណ៍ដែលអ្នកមិនអាចផ្លាស់ប្ដូរបាន នៅពេលអ្នកចាប់ផ្ដើមភ្ញាក់ខ្លួនថាអ្នកនៅមានជម្រើស ពោលគឺអ្នកអាចជ្រើសរើសបានថាតើអ្នកអាចឆ្លើយតបចំពោះស្ថានការណ៍នោះយ៉ាងដូចម្ដេច គឺពេលនោះឯងដែលស្ថានការណ៍អាចផ្លាស់ប្ដូរមកជាល្អវិញបាន រឿងដែលមិនអាចទៅរួចអាចក្លាយជារឿងដែលអាចទៅរួចបាន វេទមន្តបានកើតឡើងគឺជាលទ្ធផលពីរបៀបដែលអ្នកមើលឃើញពិភពលោករបស់អ្នកនេះឯង៕

ដោយ៖ ស្រីពៅ