លោក​ អ៊ីម៉ាណញូអ៊ែល ខាន់​​៖ «​​ពាក្យ​កុហក​ ​​​ធ្វើ​ឲ្យ​​​អ្នក​បាត់បង់​តម្លៃ​​ជា​​មនុស្ស​»​



«ពាក្យកុហក ធ្វើឲ្យមនុស្សបាត់បង់តម្លៃក្នុងនាមជាមនុស្សម្នាក់បាន»។ នេះគឺជាសម្តីរបស់លោក អ៊ីម៉ាណញូអ៊ែល ខាន់ (Immanuel Kant) ជាទស្សនវិទូអាល្លឺម៉ង់ដ៏ល្បីល្បាញ ដែលមនុស្សជាច្រើនទទួលស្គាល់។

ត្រង់ឃ្លានេះ លោកចង់បញ្ជាក់យ៉ាងច្បាស់ថា ការកុហកគឺមានឥទ្ធិពលអាក្រក់ខ្លាំងណាស់ ពោលគឺអាចធ្វើឲ្យអ្នកដែលនិយាយកុហកនោះ អស់តម្លៃក្នុងនាមជាមនុស្សប្រសិនបើ ចូលចិត្តនិយាយមិនពិត ឬ ក្លែងបន្លំការពិត ដើម្បីប្រយោជន៍ខ្លួន។ អាចនិយាយបានថា លើកទី១ គេមិនដឹង ហើយលើកទី២គេមិនទាន់ដឹងច្បាស់ ដូច្នេះហើយចេះតែអាចកុហកបានហើយ ប៉ុន្តែបើបន្តការនិយាយកុហកទាំងបំពាន នោះអ្នកនឹងក្លាយជាមនុស្សអស់តម្លៃ។ អស់តម្លៃ ព្រោះលែងមានអ្នកជឿ អស់តម្លៃព្រោះគេមិនចង់ក្បែរ អស់តម្លៃក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។ ដូច្នេះហើយ គួរជៀសវាងនិយាយពាក្យកុហក ដើម្បីតែចំណេញប្រយោជន៍ដល់ខ្លួន នាំឲ្យប៉ះពាល់ និង វិនាសដល់អ្នកដទៃ ព្រោះវាមិនមែនជាតម្លៃរបស់មនុស្សនោះឡើយ។ និយាយការពិត ប្រកបដោយបញ្ញា ហើយមានប្រយោជន៍ទាំងអ្នកស្ដាប់ និង អ្នកនិយាយ នោះហើយជាផ្លូវដែលគួរដើរ៕